អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RMA CAMBODIA ចូលរួមការអនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងបទប្បញ្ញត្តិបច្ចេកទេស ចំពោះផលិតផលយានយន្តនៅកម្ពុជា
17, Feb 2022 , 4:07 pm        
រូបភាព
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានទទួលស្វាគមន៍មន្រ្តីអធិការកិច្ច របស់វិទ្យាស្ថានស្តង់ដារកម្ពុជា ចុះពិនិត្យការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា និងវិសោធន៍ច្បាប់ ស្តីពីស្តង់ដារកម្ពុជានៅទីតាំងលក់រថយន្ត FORD សាខាមុន្នីវង្យ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ការត្រួតពិនិត្យរបស់មន្ត្រីអធិការកិច្ចនេះ មានគោលបំណងលើកកម្ពស់ការអនុវត្តស្តង់ដារសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេស ចំពោះផលិតផលយានយន្ត។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ជាក្រុមហ៊ុន ដែលមានកម្រិតអនុលោមភាពខ្ពស់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្តង់ដារសុវត្ថិភាពយានយន្ត និងបទប្បញ្ញតិបច្ចេកទេសយានយន្តផ្សេងទៀត ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។ 



លោកប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖« បច្ចុប្បន្ននេះ មន្ត្រីអធិការកិច្ច នៃវិទ្យាស្ថានស្តង់ដារកម្ពុជា បាននិងកំពុងបន្តចុះពិនិត្យ និងជំរុញការអនុវត្តប្រកាសលេខ ២៦៦ MISTI/២០២០ ស្តីពីការកំណត់កម្មវិធី សម្រាប់អនុវត្តប្រកាសលេខ ១៥០ MIH/២០១៦ នៅតាមបណ្តាក្រុមហ៊ុនផលិត នាំចូល ផ្សព្វផ្សាយពាណិជ្ជកម្មលក់ ឬលក់ផលិតផលយានយន្តថ្មីទាំងអស់ ក្នុងប្រទេសកម្ពុជា ដើម្បីធានាឱ្យបានការអនុវត្តច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា ដែលអាចរក្សាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងបង្ការភាពមហន្តរាយ ដែលប៉ះពាល់ដល់មនុស្ស សត្វ បរិស្ថាន និងសង្គម និងធានាឱ្យបាននូវការប្រកួតប្រជែងមួយដែលស្មើភាពគ្នា»។ 


 
ដោយឡែកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ឱ្យមានការអនុវត្តស្តង់ដារសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសចំពោះផលិតផលយានយន្ត ឱ្យកាន់តែតឹងរ៉ឹង ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់ និងក្រុមហ៊ុន ដែលមិនទាន់បានអនុលោម តាមស្តង់ដារសុវត្ថិភាពយានយន្តរបស់រាជរដ្ឋាភិបាល។


 
ក្រុមហ៊ុនសូមថ្លែងអំណរគុណ ចំពោះវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញការអនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀត ពាក់ព័ន្ធនឹងផលិតផលយានយន្ត។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តគាំទ្រ និងលើកកម្ពស់អនុលោមភាព នៃស្តង់ដារសុវត្ថិភាពយានយន្តនៅកម្ពុជា៕








 
(អត្ថបទពាណិជ្ជកម្ម) 
  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com