អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាស៊ាន បន្តប្តេជ្ញារក្សាតំបន់អាស៊ីអាគ្នេយ៍មិនឱ្យមានអាវុធនុយក្លេអ៊ែរ
17, Feb 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរដ្ឋសមាជិកអាស៊ាននាកិច្ចប្រជុំចង្អៀតនៅថ្ងៃទី១៧ ខែកុម្ភៈ។ រូបថតពីក្រសួងការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសរដ្ឋសមាជិកអាស៊ាននាកិច្ចប្រជុំចង្អៀតនៅថ្ងៃទី១៧ ខែកុម្ភៈ។ រូបថតពីក្រសួងការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ជាថ្មីការប្ដេជ្ញាចិត្តរបស់ខ្លួនរក្សាតំបន់អាស៊ីអាគ្នេយ៍មិនឱ្យមានអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកណាមួយឡើយ។ អាស៊ាន ក៏ស្វាគមន៍ការប្តេជ្ញារបស់មហាអំណាចនុយក្លេអ៊ែរទាំង៥ មានចិន អាម៉េរិក អង់គ្លេស បារាំង និងរុស្ស៊ី ក្នុងការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ បញ្ចៀសសង្រ្គាម និងការកាត់បន្ថយអាវុធប្រល័យលោក។



 
ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាម៉េរិក ដែលជាមហាអំណាចនុយក្លេអ៊ែរទាំង៥ និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី៣ ខែមករា បានសេចក្តីថ្លែងការណ៍មួយ ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប្រទេសទាំង ៥ បានឯកភាពលើការបញ្ចៀសសង្គ្រាមរវាងប្រទេសមានអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យនៃការប្រើប្រាស់អាវុធប្រល័យលោក។ 
 
ទាក់ទិននឹងការប្តេជ្ញារបស់មហាអំណាចទាំង៥ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងថ្ងៃទី១៧ ខែកុម្ភៈ ក្នុងសេចក្តីថ្លែងការណ៍រួមលើការរំសាយនុយក្លេអ៊ែរ បានស្វាគមន៍ការប្តេជ្ញារួមរបស់ចិន អាម៉េរិក អង់គ្លេស បារាំង និងរុស្ស៊ី និងរក្សាអាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ 
 
«យើងបន្តការប្តេជ្ញារក្សាអាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀត»។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញថ្ងៃទី១៧ ខែកុម្ភៈ ដោយបន្តថា ការបញ្ជាក់នោះ គឺមានចែងក្នុងសន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) និងធម្មនុញ្ញអាស៊ាន។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានបង្ហាញពីក្តីបារម្ភជុំវិញ ការគំរាមកំហែងលើមនុស្សជាតិ ដែលបង្កដោយអាវុធនុយក្លេអ៊ែរ និងការធ្វើទំនើបកម្មលើអាវុធមួយនេះដែរ។ បើតាមប្រមុខការទូតអាស៊ាន ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ជាចំណាត់ការតែមួយគត់ក្នុងការធានាថា នុយក្លេអ៊ែរ នឹងមិនត្រូវបានប្រើប្រាស់។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល រដ្ឋមន្រ្តីការបរទេស បានអំពាវនាវឱ្យមហាអំណាចនុយក្លេអ៊ែរទាំង៥ បំពេញកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងក្នុងសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ និងទទួលស្គាល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ 
 
នៅចំណុចបញ្ចប់នៃសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាមួយមហាអំណាចនុយក្លេអ៊ែរទាំង៥ និងបង្កើនកិច្ចខិតខំក្នុងការដោះស្រាយបញ្ហាទាំងអស់ ដោយផ្អែកតាមសន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ៕ 
 

Tag:
 អាស៊ាន
  P5
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com