អន្តរជាតិ
របបសឹកនិងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ស្វែងរកការទទួលស្គាល់រៀងខ្លួននៅតុលាការអន្តរជាតិ
18, Feb 2022 , 9:29 pm        
រូបភាព
តុលាការយុត្តិធម៌អន្តរជាតិ។ រូបភាព៖ ICJ
តុលាការយុត្តិធម៌អន្តរជាតិ។ រូបភាព៖ ICJ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងចូលរួមក្នុងសវនាការនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ នៅសប្តាហ៍ក្រោយដើម្បីការពារខ្លួនទល់បណ្តឹងរបស់ហ្កំប៊ី ដែលបានចោទមីយ៉ាន់ម៉ាប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា។ ឯរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) ក៏បានស្វែងរកការទទួលស្គាល់ពីតុលាការអន្តរជាតិនេះដែរ។

 
ហ្កំប៊ី ដែលតំណាងឱ្យអង្គការសហប្រតិបត្តិការឥស្លាម នៅក្នុងឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយចោទមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា។ ចាប់តាំងពីឆ្នាំ ២០១៧ យោធាមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការបង្រ្កាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បន្ទាប់ពីក្រុមប្រដាប់អាវុធមួយក្រុមវាយប្រហារលើប៉ុស្តិ៍ប៉ូលិសមួយកន្លែង។ ការបង្រ្កាបនេះ បានបង្កឱ្យប្រជាជនរ៉ូហ៊ីងយ៉ាច្រើនជាង ៧៣ម៉ឺននាក់ ចេញពីប្រទេស និងភៀសខ្លួនទៅប្រទេសជិតខាង។ 
 
មុនរដ្ឋប្រហារយោធា លោកស្រី អ៊ុងសាន ស៊ូជី កាលនោះ ជារដ្ឋមន្រ្តីការបរទេស បានដឹកនាំតំណាងមីយ៉ាន់ម៉ា ទៅតតាំងនៅតុលាការអន្តរជាតិមួយនេះ ជាមួយហ្កំប៊ី។ ប៉ុន្តែក្នុងសវនាការថ្ងៃទី២១ ខែកុម្ភៈ ខាងមុខ តំណាងយោធាមីយ៉ាន់ម៉ា នឹងត្រូវចូលរួមសវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិតាមប្រព័ន្ធវីដេអូជំនួស។ 
 
ការចូលរួមនេះ ធ្វើឡើងបើទោះរបបសឹកមីយ៉ាន់ម៉ា គ្មានអាសនៈនៅអង្គការសហប្រជាជាតិក្តី។ កន្លងមក គណៈកម្មាធិការទទួលសារតាំងរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចពន្យារពេលលើការទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅអង្គការសហប្រជាជាតិ។ បានសេចក្តីថា គណៈកម្មាធិការទទួលសារតាំង អនុញ្ញាតឱ្យលោក Kyaw Moe Tun តំណាងរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលត្រូវបានធ្វើរដ្ឋប្រហារនៅដើមខែកុម្ភៈ បន្តអង្គុយនៅកៅអីមីយ៉ាន់ម៉ា នៅអង្គការសហប្រជាជាតិ។
 
តាមប្រភពមួយនៅទីក្រុងឡាអេប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តំណាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងត្រូវដឹកនាំដោយ លោក Ko Ko Hlaing ប្រេសិតសម្របសម្រួលអន្តរជាតិ និងអគ្គរដ្ឋអាជ្ញាសហភាពមីយ៉ាន់ម៉ា លោក Thida Oo រួមជាមួយអ្នកជំនាញផ្នែកច្បាប់ចំនួន៨នាក់បន្ថែមទៀត។ តំណាងយោធាមីយ៉ាន់ម៉ា ទាំងពីររូបនេះ សុទ្ធតែស្ថិតក្រោមទណ្ឌកម្មអាម៉េរិក។ 
 
ស្របពេលតំណាងយោធាមីយ៉ាន់ម៉ានឹងចូលរួមដើម្បីជំទាស់លើការចោទប្រកាន់ហ្កំប៊ី រដ្ឋាភិបាលបង្រួបបង្រួមជាតិ បានស្វែងរកការទទួលស្គាល់តុលាការអន្តរជាតិមួយនេះដែរ។ សមាជិករដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នៅដើមសប្តាហ៍នេះ បានបញ្ជាក់ថា លោក Kyaw Moe Tun ត្រូវបានតែងតាំងជាតំណាងរដ្ឋាភិបាលខ្លួន នៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីតវ៉ាជាមួយហ្គំប៊ី។ 
 
ពាក់ព័ន្ធនឹងសិទ្ធិតំណាងនៅតុលាការអន្តរជាតិ លោក Christopher Sidoti មេធាវីសិទ្ធិមនុស្ស និងជាអតីតសមាជិកនៃបេសកម្មស្វែងរកការពិតនៅមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា របបសឹក មិនមែនជារដ្ឋាភិបាលមីយ៉ាន់ម៉ាឡើយ និងមិនមានយុត្តាធិការទាំងនៅក្នុងប្រទេស និងបរទេស។ ដូចគ្នាដែរ ប្រធានអង្គការជនជាតិរ៉ូហ៊ីងយ៉ានៅអង់គ្លេស លោក Tun Khin បានបញ្ជាក់ថា ប្រជាជនមីយ៉ាម៉ា​ មិនទទួលស្គាល់របបសឹកឡើយ តាមរយៈបាតុកម្មនាពេលកន្លងមក។ 
 
សូមបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ា គឺជាជនជាតិភាគតិចមួយ ដែលបានរស់នៅក្នុងរដ្ឋរ៉ាឃីន មីយ៉ាន់ម៉ាជាយូរឆ្នាំមកហើយ។ យ៉ាងណាមិញ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនបានទទួលស្គាល់ជនជាតិភាគតិចមួយនេះ ជាពលរដ្ឋខ្លួនឡើយ ដោយផ្អែកតាមច្បាប់សញ្ជាតិឆ្នាំ១៩៤៨ ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com