អន្តរជាតិ
EU មានបំណង «ចាប់ផ្ដើមជាថ្មី» ជាមួយទ្វីបអាហ្វ្រិក តាមរយៈគម្រោងវិនិយោគ
19, Feb 2022 , 12:59 pm        
រូបភាព
ប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ចូលរួមសន្និសីទ «ការវិនិយោគរួមគ្នា» ដើម្បីសម្ព័ន្ធភាពថ្មីរវាងទ្វីបអាហ្រ្វិក និងអឺរ៉ុប ក្នុងទីក្រុងប៉ារីស
ប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ចូលរួមសន្និសីទ «ការវិនិយោគរួមគ្នា» ដើម្បីសម្ព័ន្ធភាពថ្មីរវាងទ្វីបអាហ្រ្វិក និងអឺរ៉ុប ក្នុងទីក្រុងប៉ារីស
ដោយ: VOA
កាលពីថ្ងៃទី១៧ ខែកុម្ភៈ បណ្ដាមេដឹកនាំមកពីសហភាពអឺរ៉ុបនិងទ្វីបអាហ្វ្រិកបានចាប់ផ្តើមសន្និសីទកំពូលរយៈពេលពីរថ្ងៃ ក្នុងគោលបំណងចាប់ផ្ដើមនូវទំនាក់ទំនងឡើងវិញតាមរយៈការវិនិយោគដ៏ចម្បង នៅចំពេលដែលប្រឈមនឹងការប្រកួតប្រជែងពីប្រទេសចិននិងរុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។


កន្លងមក ទំនាក់ទំនងរវាងទ្វីបទាំងពីរនេះបានជួបប្រទះបញ្ហាមួយចំនួន។ បញ្ហាទាំងនោះមានដូចជាជម្លោះអំពីការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ការទប់ស្កាត់ការចំណាកស្រុកខុសច្បាប់ រលកនៃរដ្ឋប្រហារនៅទ្វីបអាហ្វ្រិក និងការកើនឡើងនៃឥទ្ធិពលរបស់ទាហានស៊ីឈ្នួលរបស់រុស្ស៊ីនៅក្នុងទ្វីបអាហ្វ្រិកជាដើម។
 
ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall ដែលបច្ចុប្បន្ននេះជាប្រធានសហភាពអាហ្វ្រិក បានថ្លែងថា៖ «វាជាការចាប់ផ្តើមថ្មីដើម្បីបន្តភាពជាដៃគូ»។
 
ប្រធានាធិបតីបារាំងលោក Emmanuel Macronដែលប្រទេសរបស់លោកជាប្រធានប្ដូរវេនរបស់សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននេះ សង្ឃឹមថា សន្និសីទកំពូលរួមគ្នាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៧ មកនេះ អាចដុសខាត់មហិច្ឆតារបស់លោកនៃការបង្កើត «កិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្មីជាមួយនឹងទ្វីបអាហ្វ្រិក»។
 
នៅក្នុងសន្និសីទកំពូលនេះ សហភាពអឺរ៉ុបមានបំណងបញ្ចុះបញ្ចូលបណ្ដាមេដឹកនាំជាង ៤០ រូបនៅទ្វីបអាហ្វ្រិកថា អឺរ៉ុបគឺជា «ដៃគូដ៏ទុកចិត្តបំផុត» ដោយបានបង្ហាញនូវគម្រោងផ្ដួចផ្ដើមវិនិយោគមួយដែលមានបំណងកៀរគរថវិកាចំនួន ១៧០ ពាន់លានដុល្លារនៅក្នុងរយៈពេល ៧ ឆ្នាំខាងមុខ។
 
គម្រោងផ្ដួចផ្ដើមនេះគឺជាផ្នែកមួយនៃគម្រោងច្រកទ្វារសាកលលោក (Global Gateway) របស់សហភាពអឺរ៉ុប ដែលជាគម្រោងវិនិយោគជាសាកលមួយក្នុងទឹកប្រាក់ ៣០០ ពាន់លានអឺរ៉ូ ដើម្បីប្រជែងជាមួយនឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com