អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន៥ចុះអនុស្សារណៈជាមួយគ្នាដើម្បីជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជានិងសហភាពអឺរ៉ុប
19, Feb 2022 , 5:49 pm        
រូបភាព
ភ្នំពេញ៖ ការចុះអនុស្សារណៈយោគយល់គ្នា (MoU) នេះ គឺជាការបង្កើតដៃគូរសហការយុទ្ធសាស្រ្តរវាងក្រុមហ៊ុនទាំងប្រាំ ដើម្បីកៀរគរទុនពីអ្នកវិនិយោគ និងជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជា និងប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់ ដែលជាសមាជិកនៃសហភាពអឺរ៉ុប។
 
ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia បានសម្រេចសហការគ្នា ដើម្បីបង្កើតឱកាសវិនិយោគថ្មីៗ ជំរុញការវិនិយោគអចលនទ្រព្យរវាងប្រទេសកម្ពុជា ប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់។ កិច្ចសហកានេះក៏នឹងរួមចំណែកដ៏សំខាន់ ក្នុងការបង្កើនភាពទាក់ទាញអ្នកវិនិយោគពីប្រទេសសមាជិកសហភាពអឺរ៉ុប មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ 




 
ក្រុមហ៊ុនទាំងប្រាំ បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានការចូលរួមចុះហត្ថលេខាដោយលោក  គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd, លោក សាយ សុខ ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial, លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment, លោក  Jerry Morgan  ស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន Mercan Group និង អ្នកនាង Jasmine Dang អគ្គនាយកក្រុមហ៊ុន Mercadia Cambodia ប្រចាំប្រទេសកម្ពុជា និងប្រចាំតំបន់អាស៊ីអាគ្នេយ៍។   
 


ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានាពេលនេះនឹងក្លាយជាការត្រួសត្រាយផ្លូវដ៏សំខាន់រវាងក្រុមហ៊ុនទាំងប្រាំក្នុងការសហការពាំនាំនូវឱកាសវិនិយោគថ្មីៗសម្រាប់ប្រជាជនកម្ពុជាដែលមានលទ្ធភាពទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ និងការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគនៅទីនោះ។ ហើយកិច្ចសហការនេះក៏នឹងជំរុញឱ្យមានការកៀរគរទុនវិនិយោគិនពីប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់មកបោះទុនវិនិយោគក្នុងគម្រោងអចលនទ្រព្យនៅកម្ពុជាផងដែរ។ 
 
លោក  Jerry  Morgan ស្ថាបនិកក្រុមហ៊ុន Mercan Group បានលើកឡើងថា អ្នកវិនិយោគនៅកម្ពុជា អាចចូលរួមវិនិយោគជាមួយគម្រោងរបស់លោកតាមរយៈក្រុមហ៊ុន Century 21 Fortuna Investment ដែលជាដៃគូរសហការយុទ្ធសាស្រ្ត ដើម្បីទទួលបានការវិនិយោគប្រកបដោយសុវត្ថិភាព និងផលចំណេញល្អ។ 
 
លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង១៥គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់។ 


 
លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ប្រទេសព័រទុយហ្គាល់ មិនត្រឹមតែមានសក្តានុពសម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែក៏មានអំណោយផលល្អសម្រាប់ការរស់នៅផងដែរ ដោយសារប្រទេសនេះមានសុវត្ថិភាពខ្ពស់ ប្រព័ន្ធសុខាភិបាលទំនើប ថែមទាំងជាប្រទេស មានការចាយវាយសមរម្យបំផុតក្នុងតំបន់អ៊ឺរ៉ុប ដែលទំនិញ និងសេវាកម្មជាច្រើនមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។ 
 
លោកវ៉ា វីរៈ ជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសម្របសម្រូលប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅក្រៅប្រទេស ជាពិសេសប្រទេសព័រទុយហ្គាល់ ការណាដា និងសហរដ្ឋអាមេរិក។ 
 
លោកថ្លែងថា៖ «ការទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ គ្រាន់តែមានប្រាក់កក់ ៣០ ភាគរយប៉ុណ្ណោះ និងអាចទទួលបានទំហំកម្ចី ៧០ ភាគរយ នៃតម្លៃទ្រព្យ ជាមួយអត្រាការប្រាក់ត្រឹម ១,២ ភាគរយ ក្នុងមួយឆ្នាំ។ លោកបន្ថែមថា៖ «កិច្ចសហនាពេលនេះ នឹងបង្កលក្ខណៈងាយស្រួលផងដែរ ដល់អ្នកវិនិយោគនៅកម្ពុជាក្នុងការរកដៃគូរសហការជាមួយអ្នកវិនិយោគបរទេស ដើម្បីមកបណ្តាក់ទុនវិនិយោគវិស័យសក្តានុពផ្សេងៗនៅកម្ពុជា។»
 
ការជំរុញឱ្យមានការវិនិយោគពីបរទេស  ពីវិស័យឯកជន គឺជាការឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មី ដែលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីនេះ សំដៅ ទក់ទាញការវិនិយោគពីបរទេសនៅកម្ពុជា ដើម្បីជួយពន្លឿនសេដ្ឋកិច្ចជាតិ។
 
ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យ អចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផល ក្នុងស្រុកសរុប (GDP)។ ការវិនិយោគពីFDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២០៕  
 


________________________________________
 
អំពីក្រុមហ៊ុន ហ្សីលាននាម ឯ.ក (Zillennium Co., Ltd) 
ក្រុមហ៊ុន Zillennium Co.,Ltd ជាបណ្តុំសេវាកម្មទីផ្សារអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នារហូតដល់ទៅ ៩០ ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។ 
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.zillennium.com/
 
 
 
 
អំពីក្រុមហ៊ុន Z1 Financial  
Z1 Financial គឺជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Zillennium Co., Ltd។ Z1 Financial ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២១ ក្នុងប្រទេសសឹង្ហបុរី។ ក្រុមហ៊ុននេះបង្កើតឡើង ក្នុងការជួយសម្រួលដល់អ្នកវិនិយោគ ដើម្បីទទួលបានឱកាសវិនិយោគក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនទាំងនៅកម្ពុជា និងបណ្តាប្រទេសនៅតំបន់អាស៊ី។ ក្រុមហ៊ុនមានអ្នកជំនាញ ២៥ នាក់ចម្រុះជាតិសាសន៍ ដែលសុទ្ធសឹងជាបុគ្គលប្រកបដោយទេពកោសល្យ បទពិសោធន៍ វិជ្ជាជីវៈ ក្នុងការផ្តល់នូវគុណវុឌ្ឍខ្ពស់ចំពោះសេវាកម្មការវិនិយោគទៅដល់វិនិយោគិន និងអតិថិជន។ ក្រុមហ៊ុន Z1 Financial ផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យឌីជីថល (digital asset management) និងសេវាកម្មវិនិយោគទៅដល់វិនិយោគិន និងអតិថិជន តាមរយៈផ្លេតហ្វមវិនិយោគរបស់ក្រុមហ៊ុន ដែលផ្លេតហ្វមនោះនឹងជួយចាត់ចែង និងគ្រប់គ្រងការវិនិយោគរបស់វិនិយោគិន លទ្ធភាពទទួលបានប្រភពទុន ដែលអាចបង្កើតប្រាក់ចំណេញក្នុងកម្រិតអតិប្បរមា។ 
 
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖  https://z1f.io/
 




អំពីក្រុមហ៊ុន Mercan Group 
 
Mercan Group ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ដែលមានជំនាញវិជ្ជាជីវៈឈានមុនគេមួយក្នុងប្រទេសកាណាដា។ ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដោយលោក Jerry Morgan។ ក្រុមហ៊ុន Mercan Capital., Ltd បានក្លាយជាក្រុមហ៊ុននាំមុខគេមួយក្នុងវិស័យអន្តោប្រវេសន៍ ដោយបានបង្កើតកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មរក្សាបាននូវគោលជំហ សុចរិតភាព ភាពទៀងត្រង់ និងប្រសិទ្ធភាព។ Mercan Group មានចំនួន ៥ ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្ម ដែលផ្តោតលើជំនាញឯកទេសលើការប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ ការវិនិយោគ អប់រំ និងការជ្រើសរើសនយោជិតបរទេស។ 
 
Mercan Group មានការរិយាលកណ្តាលនៅទីក្រុងម៉ុងត្រេអាល (Montreal) ប្រទេសកាណាដា និងមានការិយាល័យជាច្រើនកន្លែងនៅទូទាំងប្រទេសកាណាដា តំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។      រយៈពេលជាង ៣០ ឆ្នាំ នៃបទពិសោធន៍ផ្តល់ការប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ វិនិយោគ និងការជ្រើសរើសនិស្សិត និងនយោជិត រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន  Mercan Group បានបង្កើតបណ្តាញការិយាល័យទំនាក់ទំនងអន្តរជាតិជាច្រើនកន្លែងនៅប្រទេសកាណាដា ចិន ហ្វីលីពីន ឥណ្ឌា បង់ក្លាដេស វៀតណាម អារ៉ាប់រួម សហរដ្ឋអាមេរិក ព្រមទាំងការិយាល័យភ្នាក់ងារនៅទូទាំង ៣០ ប្រទេសផ្សេងទៀត។ 


 


ក្រុមហ៊ុន Mercan បានជួយដល់ជនអន្តោប្រវេសន៍ជាង ៥ម៉ឺននាក់ ដែលពួកគេមានដើមកំណើតផ្សេងៗគ្នា មករស់នៅប្រទេសកាណាដា។ បន្ថែមពីនេះ តាមរយៈក្រុមហ៊ុនជ្រើរើសនយោជិតរបស់យើង យើងបានជ្រើសរើសនយោជិតបរទេសជិត ១ម៉ឺន៥ពាន់នាក់ មកប្រកបការងារនៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិ ប្រទេសមជ្ឈិមបូព៌ា ម៉ាឡេស៊ី និងកោះការីបៀន។ ក្រៅពីនេះ ក្រោមគម្រោងវិនិយោគ «វិនិយោគិនបរទេស (investor immigrants)» ក្រុមហ៊ុន  Mercan បានកៀរគរទុនជាង ១,៥ ពាន់លានដុល្លារ ដើម្បីវិនិយោគនៅប្រទេសកាណាដា ព័រទុយហ្គាល់ និងសហរដ្ឋអាមេរិក៕ 
 










 

© រក្សាសិទ្ធិដោយ thmeythmey.com