កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rangnick បដិសេធពាក្យចចាមអារ៉ាមដែលថា Ronaldo និង Maguire ប្រជែងតំណែងប្រធានក្រុម
19, Feb 2022 , 8:19 pm        
រូបភាព
លោក Raft Rangnick គ្រូបង្វឹកបណ្តោះអាសន្នក្រុមបិសាចក្រហម Manchester United បដិសេធ ពាក្យចចាមអារ៉ាមរវាងកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែការពារ Harry Maguire ជុំវិញរឿងរ៉ាវការប្រជែងអំណាចប្រធានក្រុម។



ខ្សែការពារ Harry Maguire បានរងការរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងក្នុងរដូវកាល ២០២១-២២។ ការលេងមិនល្អរបស់ Maguire គួបផ្សំជាមួយឥទ្ធិពលរបស់ Ronaldo ក្រោយមកកាន់ក្រុមចាស់បិសាចក្រហមផងនោះ ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមកំពុងតែមានទំនាស់ជារឿយៗ។
 
Maguire ក៏បានបង្ហោះលើបណ្តាយសង្គម Twitter បដិសេធថាជារឿងមិនពិតឡើយ ពាក់ព័ន្ធនឹងបញ្ហាពាក្យចចាមអារ៉ាមដែលថាកំពុងជួបបញ្ហាជាមួយខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ។ 
 
«ខ្ញុំមិនដែលខកចិត្តនឹងរឿងបែបនេះឡើយ ព្រោះខ្ញុំដឹងថាវាជារឿងមិនពិត ដូចដែលខ្ញុំធ្លាប់បានប្រាប់អ៊ីចឹង Harry ជាប្រធានក្រុមវាមិនមែនជាបញ្ហារបស់ក្រុម ឬជាបញ្ហាដល់ការដឹកនាំរបស់ខ្ញុំឡើយ។ »លោក Rangnick លើកឡើងបែបនេះមុនការប្រកួតទល់ក្រុម Leed United។
 
មិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹកវ័យ៦៣ឆ្នាំក៏បានអះអាងបន្ថែមថា លោកមិនដែលនិយាយជាមួយកីឡាកររឿងផ្លាស់ប្តូរតំណែងប្រធានក្រុមម្តងណាឡើយ ហើយ Maguire នៅតែជាប្រធានក្រុម និង Ronaldo ក៏ដូចជាកីឡាករដទៃទៀតក៏មានភារកិច្ចរាងខ្លួន។
 
បិសាចក្រហម Manchester United នឹងត្រូវជួបតទល់ជាមួយក្រុម Leed United ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី២០ខែកុម្ភៈ វេលាម៉ោង៩យប់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com