អន្តរជាតិ
ឥណ្ឌាអំពាវនាវឲ្យមានថវិកាពហុភាគីបន្ថែមទៀតដើម្បីត្រៀមទប់ទល់ជំងឺរាតត្បាតនានានៅពេលអនាគត
20, Feb 2022 , 9:19 am        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson និយាយជាមួយនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte ក្នុងកិច្ចប្រជុំកំពូល G-20 នៅមជ្ឈមណ្ឌលសន្និសីទ La Nuvola
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson និយាយជាមួយនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte ក្នុងកិច្ចប្រជុំកំពូល G-20 នៅមជ្ឈមណ្ឌលសន្និសីទ La Nuvola
ដោយ: VOA
ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានជំរុញឲ្យក្រុមប្រទេស G-20 ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក ឲ្យប្រឹងប្រែងរួមគ្នាដើម្បីធានាឲ្យមានការបង្កើនថវិកាពហុភាគីតាមរយៈស្ថាប័នអន្តរជាតិនានាដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម ដើម្បីត្រៀមលក្ខណៈសម្រាប់ទប់ទល់នឹងជំងឺរាតត្បាតនានានៅពេលអនាគត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។


ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនិងប្រទេសដែលមានប្រាក់ចំណូលមធ្យម មិនមានធនធានគ្រប់គ្រាន់ និងត្រូវការការគាំទ្រពីអន្តរជាតិដើម្បីទប់ទល់នឹងបញ្ហាប្រឈមអស់ទាំងនេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌាអ្នកស្រី Nirmala Sitharaman ដែលបានថ្លែងប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសផ្សេងទៀតដែលជាសមាជិកក្រុមប្រទេស G-20 នៅក្នុងកិច្ចប្រជុំមួយតាមអនឡាញដែលរៀបចំឡើងដោយប្រទេសឥណ្ឌូណេស៊ី។
 
អ្នកស្រី Sitharaman បានមានប្រសាសន៍ថា សមាជិកក្រុមប្រទេស G-20 គួរតែធ្វើការជាមួយគ្នាដើម្បីដោះស្រាយគម្លាតនៃសមត្ថភាពត្រៀមលក្ខណៈសម្រាប់ទប់ទល់នឹងជំងឺរាតត្បាតជាសាកលផ្សេងៗ ដែលគម្លាតនោះមានលក្ខណៈគួរឲ្យ «ព្រួយបារម្ភជាខ្លាំង»។
 
អ្នកស្រីបានលើកឡើងថា អង្គការសុខភាពពិភពលោក (WHO) ចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួននិងកៀរគរធនធាននានាជាសាកល និងត្រូវដោះស្រាយបញ្ហារចនាសម្ព័ន្ធដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចបង្កឡើងដោយសារជំងឺរាតត្បាតផ្សេងៗ។
 
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellin បានជំរុញឲ្យសមាជិកក្រុមប្រទេស G-20 គាំទ្រសំណើថវិកាមួយដែលមានបំណងវិនិយោគលើការបង្ការនិងការត្រៀមលក្ខណៈសម្រាប់ទប់ទល់នឹងជំងឺរាតត្បាតផ្សេងៗ ដោយអ្នកស្រីបានព្រមានថា ការបរាជ័យមិនបានដោះស្រាយគម្លាតនៅក្នុងប្រព័ន្ធសុខាភិបាលសាកលលោកអាចបណ្ដាលឲ្យមានផលវិបាក «ធ្ងន់ធ្ងរ»។
 
អ្នកស្រី Yellin បានប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលនៃក្រុមប្រទេស G-20 ថា ថវិកាថ្មីដែលនឹងចាត់ចែងដោយធនាគារពិភពលោក នឹងជួយដល់ការវិនិយោគក្នុងទឹកប្រាក់ប្រហែល ៧៥ ពាន់លានដុល្លារ លើការកាត់បន្ថយភាពងាយរងគ្រោះជាសាកលចំពោះជំងឺរាតត្បាតនានានៅពេលអនាគត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com