អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ស្នើជួបលោកពូទីន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាព
20, Feb 2022 , 2:39 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៩ ខែកុម្ភៈ បានស្នើជួបជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ខណៈភាពតានតឹងនៅតំបន់ពំ្រដែន និងតំបន់ភាគខាងកើតអ៊ុយក្រែន កំពុងហក់ឡើងខ្លាំង។ ក្នុងថ្ងៃដដែលនោះ រុស្ស៊ី បានធ្វើសមយុទ្ធយោធាមួយ ដោយមានបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលីស្ទិក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានថែមទៀត។

 
បើទោះរុស្ស៊ី បានប្រកាសដកទ័ពមួយចំនួនចេញពីព្រំដែន ដោយសំអាងថាសមយុទ្ធយោធាបានបញ្ចប់ ប៉ុន្តែប្រទេសលោកខាងលិច នៅតែបន្តចោទថា គ្មានឡើយសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងលើវិបត្តិអ៊ុយក្រែន។ តាមរបាយការណ៍របស់មន្រ្តីអាម៉េរិក រុស្ស៊ីបានបង្កើនកម្លាំងទ័ពពីជិត ១៧ម៉ឺននាក់ ទៅ ១៩ម៉ឺននាក់នៅតំបន់ភាគខាងលិចរបស់ខ្លួន។ ការបញ្ចេញរបាយការណ៍នេះ ធ្វើឡើងស្របពេលក្រុមផ្តាច់ខ្លួន នៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន បានប្រកាសកែនទ័ព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ស្របពេលភាពតឹងតានកាន់តែហក់ឡើងខ្ពស់ ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី  បានស្នើជួបសមភាគីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន។ «ខ្ញុំមិនដឹងពីអ្វីដែលលោកប្រធានាធិបតីរុស្ស៊ីចង់បានឡើយ។ ដូចនេះ ខ្ញុំស្នើរៀបចំកិច្ចប្រជុំមួយ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសន្តិសុខក្រុងមូនិក អាល្លឺម៉ង់ ដោយបន្ថែមថា អ៊ុយក្រែននៅតែបន្តកិច្ចចរចា ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនប្រកបដោយសន្តិភាព។ យ៉ាងណាមិញ សំណើរបស់មេដឹកនាំអ៊ុយក្រែន មិនទាន់ត្រូវបានក្រុងមូស្គូឆ្លើយតបវិញឡើយ។ 
 
មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបង្ហើបថា លោកចង់ឱ្យមានកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរួមមានរុស្ស៊ី អាល្លឺម៉ង់ តួកគី ដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន។ ការស្នើបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមផ្តាច់ទឹកដីនៅតំបន់ភាគខាងកើតអ៊ុយក្រែន បានប៉ះទង្គិចជាមួយយោធាអ៊ុយក្រែនជាថ្មី។ ក្នុងករណីការប៉ះទង្គិចអាចរីកធំឡើង រុស្ស៊ី អាចបញ្ជូនកម្លាំងទ័ពចូលដីអ៊ុយក្រែនជាថ្មី ដូចកាលពីឆ្នាំ២០១៤។ 
 
សូមបញ្ជាក់ថា រុស្ស៊ីនៅថ្ងៃទី១៩ ខែកុម្ភៈ បានធ្វើសមយុទ្ធយោធាមួយ ដោយមានការសាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលីស្ទិកដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ លោកពូទីន ក៏បានចូលរួមពិនិត្យមើលសមយុទ្ធនេះដែរ៕  
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com