អន្តរជាតិ
ក្រុមប្រទេស G7 ព្រមានរុស្ស៊ីកុំឱ្យវាយប្រហារលើអ៊ុយក្រែន
20, Feb 2022 , 5:19 pm        
រូបភាព
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧។ រូបភាព៖ ក្រសួងការបរទេសជប៉ុន
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧។ រូបភាព៖ ក្រសួងការបរទេសជប៉ុន
រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅថ្ងៃទី១៩ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍រួមមួយព្រមានរុស្ស៊ី កុំឱ្យឈ្លានពានលើប្រទេសជិតខាងអ៊ុយក្រែន។ ក្នុងសេចក្តីថ្លែងការណ៍រួមនោះ ក្រុមប្រទេស G7 ដែលមាន អាម៉េរិក ជប៉ុន កាណាដា អង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីនឹងរងផលវិបាកដ៏ធ្ងន់ធ្ងន់រួមមានទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបុគ្គលមួយចំនួន។

 
រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅថ្ងៃទី១៩ ខែកុម្ភៈ បានជួបជុំគ្នានៅទីក្រុងមូនិក អាល្លឺម៉ង់ ស្របពេលទីក្រុងមួយនេះ កំពុងរៀបចំសន្និសីទសន្តិសុខ។ តាមរយៈជំនួប ដែលធ្វើឡើងក្នុងពេលវិបត្តិអ៊ុយក្រែនកំពុងតានតឹងខ្លាំង រដ្ឋមន្រ្តីការបរទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជំរុញឱ្យរុស្ស៊ី បន្តកិច្ចចរចា ដកទ័ពចេញពីតំបន់នៅក្បែរព្រំដែនអ៊ុយក្រែន រួមទាំងព្រមានពីទណ្ឌកម្មសេដ្ឋកិច្ច។ 
 
«រុស្ស៊ីគួរតែដឹងច្បាស់ហើយថា ការឈ្លានពានលើអ៊ុយក្រែន នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរ»។ ក្រុមប្រទេស G7 ដែលមានអាម៉េរិក ជប៉ុន កាណាដា អង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ បានសង្កត់ធ្ងន់បែបនេះ។ ផលវិបាកដ៏ធ្ងន់ធ្ងរនោះ សំដៅដល់ទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ទណ្ឌកម្មលើបុគ្គល និងវិស័យមួយចំនួនទៀត ដែលមិនធ្លាប់មានពីមុនមក។ 
 
សេចក្តីថ្លែងការណ៍ ដែលបានបង្ហាញពីក្តីបារម្ភជុំវិញស្ថានការណ៍អ៊ុយក្រែនក្នុងពេលបច្ចុប្បន្ន បានបន្តថា ការប្រមូលផ្តុំទ័ពរបស់រុស្ស៊ី គឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៅទ្វីបអឺរ៉ុប ចាប់តាំងពីសង្រ្គាមត្រជាក់បានបញ្ចប់ និងបង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងសណ្តាប់ធ្នាប់អន្តរជាតិ។ ក្នុងន័យនេះ ក្រុមប្រទេសទាំងប្រាំពីរ បានជំរុញឱ្យរុស្ស៊ីបន្តកិច្ចចរចា បន្ធូរបន្ថយភាពតានតឹង ដកកម្លាំងទ័ពចេញពីព្រំដែនអ៊ុយក្រែន និងកាត់បន្ថយសកម្មភាពយោធា។ 
 
មិនតែប៉ុណ្ណោះ ក្រុមប្រទេស G7 ក៏បានបន្តផងដែរថា ប្រទេសទាំង៧ នៅតែបន្តគាំទ្រអធិបតេយ្យ និងបូរណភាពដែនដីអ៊ុយក្រែន រួមទាំងសិទ្ធិក្នុងការសម្រេចចូលរួម ក្នុងសម្ព័ន្ធយោធាណាតូ។ ការប្រកាសគាំទ្របែបនេះ គឺផ្ទុយទៅនឹងការចង់បានរបស់រុស្ស៊ី ដែលទាមទារកុំឱ្យសម្ព័ន្ធយោធាណាតូ ទទួលយកអ៊ុយក្រែន ជាសមាជិក ព្រោះវាអាចប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ី ដែលជាប្រទេសក្បែរខាង។ ម្យ៉ាង វាអាចធ្វើឱ្យអ៊ុយក្រែនប្រើកម្លាំងទ័ព ដើម្បីវាយប្រហារលើតំបន់គ្រប់គ្រង ដោយកម្លាំងផ្តាច់ទឹកដី និងឧបទ្វីបគ្រីមៀ។ 
 
មកទល់ពេលនេះ វិបត្តិអ៊ុយក្រែន នៅតែបន្តគ្មានច្រកចេញ ដោយប្រទេសលោកខាងលិច និងរុស្ស៊ី មានការខ្វែងគំនិតគ្នាលើការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូ និងការពង្រីកឥទ្ធិពលរបស់ណាតូ មកតំបន់អឺរ៉ុបខាងកើត៕  
 

Tag:
 G7
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com