អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
20, Feb 2022 , 10:59 pm        
រូបភាព
ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានកើតឡើង ប៉ុន្តែវិបត្តិអ៊ុយក្រែន នៅតែបន្តជាប្រធានដ៏សំខាន់ក្នុងសប្តាហ៍ថ្មីនេះ។ ប្រទេសលោកខាងលិច នៅតែព្រមានពីលទ្ធភាពវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងទណ្ឌកម្ម។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានរៀបចំកិច្ចប្រជុំមួយ ដោយមិនមានវត្តមានរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍។

 
ថ្ងៃទី១៤ ខែកុម្ភៈ 
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលរៀបចំដោយកម្ពុជា នឹងមិនមានវត្តមានមីយ៉ាន់ម៉ាឡើយ។ ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ការផាត់ចេញប្រមុខការទូតរបបយោធា ជារឿងគួរឱ្យសោកស្ដាយ ដែលមិនអនុញ្ញាតឱ្យមីយ៉ាន់ម៉ាបញ្ជូនតំណាងចូលរួម រាប់តំណាងមិនមែននយោបាយផង។
 
អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង់គ្លេស Vadym Prystaiko បានប្រាប់ទូរទស្សន៍ BBCថា អ៊ុយក្រែនអាចនឹងទម្លាក់ការស្នើចូលជាសមាជិកអង្គការណាតូរបស់ខ្លួន ដើម្បីបញ្ចៀសសង្គ្រាមជាមួយរុស្ស៊ី។ លោកលើកឡើងបែបនេះ ធ្វើឡើងស្របពេលទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់នៅក្រុងកៀវ ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិអ៊ុយក្រែន។ 
 
ថ្ងៃទី១៥ ខែកុម្ភៈ 
 
យុទ្ធនាការស្វែងរកសំឡេងគាំទ្រ ក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងរយៈពេល ២២ថ្ងៃ បានចាប់ផ្តើមហើយ។ ក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី៨ នេះ បេក្ខជនចំនួន ១៤រូប បានចុះឈ្មោះប្រជែងយកតំណែងកំពូលរបស់ប្រទេស។ យុទ្ធនាការស្វែងរកសំឡេងគាំទ្រ អាចធ្វើឡើងចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១យប់។
 
ប្រមុខការទូតជប៉ុន យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានព្រមានពីលទ្ធភាពដែលជប៉ុនដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងករណីប្រទេសមួយនេះ ហ៊ានប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសជប៉ុន បានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងកៀវ និងក្រុងមូស្គូ ស្វែងរកកិច្ចចរចា ដើម្បីបន្ធូរបន្ថយជម្លោះផង។
 
ថ្ងៃទី១៦ ខែកុម្ភៈ 
 
រុស្ស៊ី ប្រកាសបញ្ចប់សមយុទ្ធយោធានៅគ្រីមៀ និងបញ្ជូនកម្លាំងទ័ពត្រលប់មកបន្ទាយអចិន្រ្តៃយ៍វិញ។ ការដកទ័ពនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានដកទ័ពនៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ យ៉ាងណាមិញ អាម៉េរិក និងណាតូ នៅថ្ងៃទី១៦ ខែកុម្ភៈ អះអាងដូចគ្នាថា រុស្ស៊ី បន្តបញ្ជូនកម្លាំងទ័ពទៅក្បែរព្រំដែនអ៊ុយក្រែន មិនបានបន្ថយឡើយ។
 
ថ្ងៃទី១៧ ខែកុម្ភៈ 
 
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ជាថ្មីការប្ដេជ្ញាចិត្តរបស់ខ្លួនរក្សាតំបន់អាស៊ីអាគ្នេយ៍មិនឱ្យមានអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកណាមួយឡើយ។ អាស៊ាន ក៏ស្វាគមន៍ការប្តេជ្ញារបស់មហាអំណាចនុយក្លេអ៊ែរទាំង៥ មានចិន អាម៉េរិក អង់គ្លេស បារាំង និងរុស្ស៊ី ក្នុងការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ បញ្ចៀសសង្រ្គាម និងការកាត់បន្ថយអាវុធប្រល័យលោក។
 
តាមការសន្ទនាទ្វេភាគី នាយករដ្ឋមន្រ្តីអង់គ្លេស និងអូស្រ្តាលី បានអះអាងថា កិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ កំពុងមានដំណើរការយ៉ាងល្អ។ មេដឹកនាំប្រទេសទាំងពីរ ក៏បានប្តេជ្ញាខិតខំអភិវឌ្ឍយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយការបើកចំហ និងបរិយាប័ន្នផងដែរ។
 
ថ្ងៃទី១៨ ខែកុម្ភៈ 
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានព្រមានថា លទ្ធភាពនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែខ្ពស់ ដោយសារទ័ពរុស្ស៊ីជាច្រើនបានរុលទៅក្បែរព្រំដែនរបស់អ៊ុយក្រែន។ ការព្រមាននេះ ធ្វើឡើងស្របពេលក្រុមឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន បានប៉ះទង្គិចជាមួយកម្លាំងយោធាអ៊ុយក្រែន។ បើតាមលោក បៃឌិន នេះអាចជាលេសដែលរុស្ស៊ីប្រើដើម្បីឈ្លានពានអ៊ុយក្រែន។
 
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានច្រានចោលការរិះគន់របស់បក្សប្រឆាំង ដែលចោទលោកជាប្រភពបង្កបញ្ហានៅថៃ និងការរំលោភអំណាច អំឡុកិច្ចពិភាក្សាក្នុងសភាថៃ។ លោក ប្រាយុទ្ធ បានចាត់ទុកខ្លួនជាព្រះរាមដែលតួអង្គល្អ និងបក្សប្រឆាំងជាតួអង្គយក្សទសកណ្ឌ ឬក្រុងរាពណ៍តាមរឿងរាមាយណទៅទៀត។
 
ថ្ងៃទី១៩ ខែកុម្ភៈ 
 
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើជួបជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ខណៈភាពតានតឹងនៅតំបន់ពំ្រដែន និងតំបន់ភាគខាងកើតអ៊ុយក្រែន កំពុងហក់ឡើងខ្លាំង។ ក្នុងថ្ងៃដដែលនោះ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) បានព្រមានដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ ក្នុងករណីហ៊ានវាយប្រហារលើអ៊ុយក្រែន៕ 
 

Tag:
 អាស៊ាន
  រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com