អន្តរជាតិ
អូស្ត្រាលី ចាប់ផ្តើមទទួលភ្ញៀវទេសចរបរទេសឡើងវិញ ក្រោយបិទប្រទេសជាង២ឆ្នាំ
20, Feb 2022 , 7:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អូស្រ្តាលី នឹងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញចាប់ពីថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពី បានបិទប្រទេសជាង២ឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំណាត់ការមួយនេះ ទំនងជារំពឹងលើអត្រាដ៏ខ្ពស់នៃប្រជាជនដែលបានចាក់វ៉ាក់សាំង និងករណីឆ្លងដែលបានធ្លាក់ចុះ។

 
ករណីឆ្លងជំងឺកូវីដ-១៩ នៅអូស្ត្រាលីប្រមាណ ២,៧លានករណីភាគច្រើន បានកើតឡើងនៅ ពេលដែលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងបានឆ្លងរាលដាលនៅប្រទេសនេះ កាលពីខែវិឆ្ឆិកាឆ្នាំ ២០២១ កន្លងមក។ យ៉ាងណាមិញ អូស្ត្រាលីជាប្រទេសមួយដែលមានអត្រាអ្នកចាក់វ៉ាក់​សាំងច្រើន ដោយមានរហូតជាង៩៤ភាគរយនៃប្រជាជនអាយុពី១៦ឆ្នាំឡើងទៅ និងបានទទួលវ៉ាក់សាំង២ដូស។ 
 
អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២០ ខែកុម្ភៈ នាអាកាសយានដ្ឋានអន្តរជាតិ Melbourne នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្កុត ម៉ូរីសសុន បានលើកឡើងថា ការទន្ទឹងរង់ចាំនៃការ បើកប្រទេសឡើងវិញ ត្រូវបានបញ្ចប់ហើយ។
 
ការបើកប្រទេសឡើងវិញសម្រាប់អ្នកដំណើរបរទេសនេះ គឺជាឧទាហរណ៍ដ៏ច្បាស់មួយនៃការផ្លាស់ប្តូរចំណាត់ការរបស់រដ្ឋាភិបាលអូស្ត្រាលីពីវិធានការរឹតត្បិតដ៏តឹងរ៉ឹងទៅជាការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងវិធានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់សាធារណជន ដើម្បីកាត់បន្ថយករណីស្លាប់ និងឈឺធ្ងន់ធ្ងរ។
ក្រោមចំណាត់ការថ្មីនេះ អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងមិនចាំបាច់ធ្វើ ចត្តាឡីស័កទៀតឡើយ។ ប៉ុន្តែអ្នកដែលមិនបានចាក់វ៉ាក់សាំង ដល់ពីរដូស នឹងត្រូវមានការរឹតត្បិតការធ្វើដំណើរ ហើយត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក របស់រដ្ឋាភិបាលអូស្ត្រាលី។
 
បន្ថែមពីនេះ រដ្ឋាភិបាលអូស្ត្រាលី បានសង្ឃឹមថា ការបើកប្រទេសឡើងវិញនេះ នឹងជួយជំរុញ វិស័យដែលផ្ដល់កំណើនសេដ្ឋកិច្ច មុនពេលមានជំងឺឆ្លងរាតត្បាតនោះគឺវិស័យទេសចរណ៍។ វិស័យមួយនេះបានផ្ដល់កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) ចំនួន៣,៤ភាគរយ អំឡុងឆ្នាំ២០១៨ ទៅឆ្នាំ ២០១៩ និងជាមួយនឹងកំណើន GDP សរុបចំនួន ១,៩ភាគរយ។
 
ជុំវិញរឿងនេះ លោក Steve Hughes ប្រធានធនាគារពាណិជ្ជ HSBC បានលើកឡើងថា ការបើកប្រទេស និងទីផ្សារឡើងវិញ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ឈានចូលទីផ្សារអន្តរជាតិ មានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មរបស់ពួកគេ។ លោក ក៏បានរំពឹងថាក្រុមហ៊ុនខ្នាតមធ្យម ដែលបានឈានដល់កម្រិតកំពូលនៃកំណើនក្នុងស្រុក នឹងមានទំនុកចិត្តជាថ្មី ដើម្បីពិចារណាលើការពង្រីកអាជីវកម្មបន្ថែមទៀត។
 
គួរបញ្ជាក់ថា អូស្ត្រាលី បានបើកដំណើរការប្រទេសឡើងវិញជាបណ្តើរៗ ចាប់តាំង ពីខែវិច្ឆិកា ដោយដំបូងឡើយ អូស្រ្តាលី បានអនុញ្ញាតឱ្យជនជាតិអូស្ត្រាលីធ្វើដំណើរចេញចូលប្រទេស បន្ទាប់មកបានទទួលយកនិស្សិតអន្តរជាតិ និងអ្នកធ្វើការមួយចំនួន។ តែចំពោះការអនុវត្ត វិធានការចាប់ពីថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ អ្នកធ្វើដំណើរកម្សាន្ត ឬអ្នកធ្វើអាជីវកម្មអាច ទូទៅអាចធ្វើដំណើរទៅអូស្ត្រាលីវិញបានផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com