អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា ជំរុញឱ្យប្រេសិតពិសេសអាស៊ានកុំជួបជាមួយរដ្ឋាភិបាលស្រមោល
21, Feb 2022 , 4:19 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានជំទាស់ ការអំពាវនាវរបស់សមាជិកអាស៊ាន ដែលជំរុញឱ្យប្រេសិតពិសេសប្រធានអាស៊ានជួបជាមួយរដ្ឋាភិបាលស្រមោលដែលបង្កើតដោយសមាជិកសភាជាប់ឆ្នោត។ ការបដិសេធនេះ ក៏ដោយសាររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាត់ទុករដ្ឋាភិបាលស្រមោល គឺជាក្រុមភេរវករ។

 
វិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយជាង ១ឆ្នាំហើយ ខណៈច្រកចេញនយោបាយនៅតែមិនទាន់មាន។ កន្លងមក ដើម្បីជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា មេដឹកនាំអាស៊ាន បានដាក់ចេញការឯកភាព ៥ចំណុច។ យ៉ាងណាមិញ ការអនុវត្តពីសំណាក់របបសឹកមីយ៉ាន់ម៉ាលើចំណុចទាំង ៥ នោះ មិនមានការវិវដ្តទៅមុខឡើយ។ 
 
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសចង្អៀតនៅសប្តាហ៍មុន ឥណ្ឌូណេស៊ី បានអះអាងថា វាពិតជាសំខាន់ណាស់សម្រាប់ប្រេសិតពិសេសអាស៊ាន ក្នុងការជួបភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ខណៈប្រមុខការទូតម៉ាឡេស៊ី បានអំពាវនាវឱ្យប្រេសិតពិសេសជួបជាមួយរដ្ឋាភិបាលបង្រួបង្រួមជាតិ (NUG)។ រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ាដែលត្រូវបានបង្កើតឡើងនៅក្នុងខែមេសា។
 
ទាក់ទិននឹងរឿងនេះ ក្រសួងការបរទេសរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម់ា បានចេញសេចក្តីថ្លែងការណ៍មួយដោយជំទាស់ការប៉ុនប៉ងនេះ ព្រោះរដ្ឋាភិបាលស្រមោល ជាភេរវករ។ រដ្ឋាភិបាលបង្រួបបង្រួមជាតិ ត្រូវបានរដ្ឋាភិបាលយោធា ដាក់ក្នុងបញ្ជីភេរវករ ជាមួយគណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា (CRPH) និងកម្លាំងការពារប្រជាជន (PDF) នាពេលកន្លងមក។
 
«សមាជិកអាស៊ានចំនួនពីរ បានស្នើប្រេសិតពិសេសជួបជាមួយសមាគមខុសច្បាប់ និងក្រុមភេរវករ»។ ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការជួបពិភាក្សាជាមួយរដ្ឋាភិបាលស្រមោល មិនត្រឹមតែផ្ទុយនឹងគោលការណ៍ធម្មនុញ្ញអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំផ្លាញកិច្ចខិតខំរបស់អាស៊ានក្នុងការប្រឆាំងភេរវកម្មផងដែរ។ 
 
បន្ទាប់ពីការអំពាវនាវរបស់ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិ លោក Zin Mar Aung បានសរសេរសារលើបណ្តាញសង្គម Twitter ដោយអរគុណចំពោះការស្វែងរកដំណោះស្រាយនយោបាយនៅមីយ៉ាន់ម៉ា និងអរគុណចំពោះការអំពាវនាវពីសំណាក់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោកSaifuddin Abdullah។ 
 
យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ធ្លាប់បញ្ជាក់ហើយថា ការភ្ជាប់កិច្ចពិភាក្សាជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ស្មុគស្មាញ ដោយសារការបដិសេធរបស់យោធាមីយ៉ាន់ម៉ា ប៉ុន្តែប្រេសិតអាចដើរតួ ត្រឹមជាអ្នកសម្របសម្រួលប៉ុណ្ណោះ។ បើតាមសម្តីរបស់លោកប្រាក់ សុខុន ប្រេសិតពិសេសអាស៊ាននៅឆ្នាំមុន មិនអាចធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាបានឡើយ ដោយសារមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនអាចទទួលយកបានចំពោះបុរេលក្ខខណ្ឌ ដែលមេដឹកនាំអាស៊ានបានដាក់។  
 
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងតែស្ថិតក្នុងស្ថានការណ៍ដ៏លំបាក ដោយសារជម្លោះនៅតែបន្តកើតមាននៅក្នុងប្រទេស ខណៈប្រជាជនជាច្រើនម៉ឺននាក់ កំពុងត្រូវការជំនួយ។ មិនតែប៉ុណ្ណោះ ការប៉ះទង្គិចរវាងកម្លាំងយោធា និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានធ្វើឱ្យប្រជាជនស៊ីវិលស្លាប់ និងភៀសខ្លួនទៅក្នុងព្រៃ និងប្រទេសជិតខាង៕ 
 

Tag:
 មីយ៉ាន់ម៉ា
  កម្ពុជា
  អាស៊ាន
  ឥណ្ឌូណេស៊ី
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com