អន្តរជាតិ
ហុងកុង​ពន្យារពេល​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដោយសារ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ-១៩
21, Feb 2022 , 11:29 pm        
រូបភាព
ដោយ: VOA
ហុងកុង -ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​ពន្យារពេល​ការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​ ដើម្បី​ត្រៀម​ធ្វើ​តេស្តកូវីដ១៩​ដល់​ប្រជាជន​របស់​ខ្លួន​ទាំង​អស់ ខណៈ​ដែល​ទីក្រុង​នេះ​ជួប​បញ្ហា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រលក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 
ទីក្រុង​ហុងកុង​ដែល​ជាទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​នេះ បច្ចុប្បន្ន​កំពុង​មាន​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩​ដ៏​ធ្ងន់ធ្ងរ​បំផុត ដោយ​មាន​ករណី​ឆ្លង​រាប់​ពាន់​ករណី​ក្នុង​មួយ​ថ្ងៃ ហើយ​មន្ទីរពេទ្យ​នានា​មាន​អ្នកជំងឺ​ច្រើន​រក​កន្លែង​ដាក់មិនបាន ចំណែក​ឯ​គោលនយោបាយ​តម្រូវ​ឲ្យ​គ្មាន​កូវីដ​របស់​ចិន​វិញ​កំពុង​តែបរាជ័យ។ ​
 
គណៈកម្មាធិការ​តូច​មួយ​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជ្រើសរើស​នាយក​ប្រតិបត្តិ​ថ្មី​របស់​ទីក្រុង​ហុងកុង នៅ​ចុង​ខែ​មីនា ដោយ​កាលបរិច្ឆេទ​នៃ​ការ​តែងតាំង​បេក្ខជន​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​
 
ប៉ុន្តែ​មេដឹកនាំ​បច្ចុប្បន្ន គឺអ្នកស្រី Carrie Lam បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​នេះ​នឹង​ត្រូវ​ពន្យារពេល​ដល់​ថ្ងៃទី៨ ខែឧសភា។
 
អ្នកស្រី​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ការ​សម្រេច​នេះ​គឺ​ដោយសារ​តែ​ទីក្រុង​ហុងកុង​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ ចាប់​តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​បាន​ចាប់​ផ្ដើម​កាល​ពី​ពីរ​ឆ្នាំ​មុន​មក។ វា​ស្ថានភាព​ធ្ងន់ធ្ងរណាស់​នៅពេលនេះ»។
 
អ្នកស្រី Lam បាន​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​កំពុង​តែ​ត្រៀម​ធ្វើ​តេស្ត​ប្រជាជន​ទាំង ៧ លាន ៥ សែន​នាក់​របស់​ខ្លួន។
 
អ្នកស្រី​បាន​ថ្លែង​ថា៖ «វិធានការ​មួយ​ដែល​យើង​កំពុង​តែ​ត្រៀម​យ៉ាង​យក​ចិត្ត​ទុកដាក់​នោះ​គឺ​ការ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​គ្រប់ៗ​គ្នា។ ដូច្នេះ​យើង​ធ្វើ​តេស្ត​ប្រជាជន​គ្រប់គ្នា​នៅ​ក្នុង​ទីក្រុង​ហុងកុង»។
 
ក៏​ប៉ុន្តែ​ជាថ្មី​ម្ដង​ទៀត អ្នកស្រី​នៅ​តែ​ច្រានចោល​ការ​បិទ​ទីក្រុង​ទាំងមូល៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com