អន្តរជាតិ
អ៊ុយក្រែនសង្ឃឹមថា ជំនួបបៃឌិន-ពូទីន នឹងធ្វើឱ្យរុស្ស៊ីដកទ័ពចេញពីតំបន់ក្បែរព្រំដែន
21, Feb 2022 , 5:59 pm        
រូបភាព
លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន។ រូបភាព៖ AFP
លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន Dmytro Kuleba នៅថ្ងៃទី២១ ខែកុម្ភៈ បានបង្ហាញការស្វាគមន៍គម្រោងជំនួបប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជាមួយសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ លោករដ្ឋមន្រ្តីការបរទេសរូបនេះ បានបង្ហាញក្តីសង្ឃឹមថា ជំនួបលោកបៃឌិន និងពូទីន នឹងជួយឱ្យរុស្ស៊ីដកទ័ពចេញពីតំបន់នៅក្បែរព្រំដែនអ៊ុយក្រែន។

 
ដោយមានការសម្របសម្រួលពីប្រធានាធិបតីបារាំងតាមទូរសព្ទ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងជាគោលការណ៍លើជំនួបទ្វេភាគី ដើម្បីស្វែងរកដំណោះស្រាយនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោកបៃឌិន បានដាក់លក្ខខណ្ឌថា ជំនួបនោះ អាចកើតមានឡើង ទាល់តែរុស្ស៊ីកុំវាយប្រហារលើអ៊ុយក្រែន។ ទាក់ទិននឹងគំនិតផ្តួចផ្តើមនេះ អ៊ុយក្រែន បានសាទរយ៉ាងខ្លាំង និងសង្ឃឹមថា មេដឹកនាំមហាអំណាចទាំងពីរ អាចរកច្រកចេញសម្រាប់វិបត្តិអ៊ុយក្រែន ដែលបានអូសបន្លាយជាច្រើនខែ។ 
 
នៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបជាមួយរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅព្រុចសែល លោក Dmytro Kuleba ប្រមុខការទូតអ៊ុយក្រែន បានអះអាងថា ការស្វែងរកដំណោះស្រាយលើបញ្ហាអ៊ុយក្រែន តាមរយៈការទូត គឺជាកិច្ចខិតខំដ៏មានតម្លៃ។ 
 
«យើងសង្ឃឹមថាប្រធានាធិបតីទាំងពីរ នឹងដើរចេញជាមួយកិច្ចព្រមព្រៀងលើការដកទ័ពរុស្ស៊ីចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន»។ លោក Kuleba បានសង្កត់ធ្ងន់បែបនេះ និងបានអំពាវនាវឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើរុស្ស៊ី។ កន្លងមក សហភាពអឺរ៉ុប សម្ព័ន្ធយោធាណាតូ អាម៉េរិក ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានសន្យាដាក់ទណ្ឌកម្មលើរុស្ស៊ី ទាល់តែក្រុងមូស្គូ ហ៊ានឈ្លានពានអ៊ុយក្រែន។ 
 
ក្នុងថ្ងៃដដែល នៅសន្និសីទដាច់ដោយឡែកមួយទៀត រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានអរគុណប្រធានាធិបតីបារាំង និងសង្ឃឹមថា អ៊ុយក្រែន អាចនឹងបង្ហាញវត្តមាន ក្នុងជំនួបលោកបៃឌិន និងលោកពូទីន។ 
 
សូមបញ្ជាក់ថា ជំនួបថ្នាក់ដឹកនាំកំពូលអាម៉េរិក-រុស្ស៊ីនេះ ធ្វើឡើងស្របពេលប្រទេសលោកខាងលិច កំពុងបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ជុំវិញលទ្ធភាពរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ កន្លងមក រុស្ស៊ី ធ្លាប់បានសន្យាដកទ័ពចេញពីបេឡារុស បន្ទាប់ពីសមយុទ្ធរួចនៅថ្ងៃទី២០ ខែកុម្ភៈ ប៉ុន្តែសមយុទ្ធយោធានៅបេឡារុស ត្រូវបានប្រកាសបន្តរយៈពេល។ លើសពីនេះ នៅតំបន់ភាគខាងកើតអ៊ុយក្រែនឯណោះវិញ ក្រុមផ្តាច់ខ្លួន បានប៉ះទង្គិចជាមួយយោធាអ៊ុយក្រែនជាថ្មី៕ 
 

Tag:
 អ៊ុយក្រែន
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com