អន្តរជាតិ
កូដកម្ម​ដ៏​ធំ​មួយ​នៅឯ​រថភ្លើង​ក្រោម​ដី​ក្នុងក្រុង​​ប៉ារីស​ ធ្វើ​ឲ្យ​រាំង​ស្ទះ​​ការ​ធ្វើ​ដំណើរ​​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​រាប់លាន​នាក់
21, Feb 2022 , 6:29 pm        
រូបភាព
ដោយ: VOA
ទីក្រុង​ប៉ារីស- កូដកម្ម​ដ៏​ធំ​មួយ​បាន​ធ្វើ​ឲ្យ​រាំងស្ទះដល់បណ្តាញរថភ្លើង​ក្រោម​ដីនៅ​ទីក្រុង​ប៉ារីស​ និង​រថភ្លើង​ខ្សែកាប​របស់​ទីក្រុង​នោះ​កាលពី​ថ្ងៃ​សុក្រ​ដោយ​បាន​បង្អាក់​ការធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃរបស់​ពលរដ្ឋ​រាប់​លាន​នាក់ ខណៈ​ពេល​ដែល​ក្រុម​កម្មករ​បាន​ទាម​ទារ​ឲ្យ​មាន​ការតំឡើង​ប្រាក់​ខែរបស់ពួក។ នេះ​បើ​តាម​សេចក្តី រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

 
ក្រុមហ៊ុន​ដឹក​ជញ្ជូន​សាធារណៈ​របស់ទីក្រុង​ប៉ារីស RATP បាន​បញ្ជាក់​ថា ខ្សែ​រថភ្លើង​ក្រោមដីចំនួន​៨ខ្សែ​ត្រូវ​បាន​បិទមិន​ដំណើរការ ដោយ​រទេះភ្លើង​នៅ​សល់៦ខែ្ស​ទៀត មាន​ដំណើរការ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ស្របពេល​ដែល​ខ្សែ​រថភ្លើង RER របស់​ទីក្រុង​ដែលរត់ពីផ្នែក​ខាង​លិច​ទៅ​ខាង​កើត​និង​ពី​ខាង​ត្បូង​ទៅ​ផ្នែក​ខាង​ជើង​ក៏​ទទួល​រង​ការបះពាល់ធ្ងន់​ធ្ងរ​ផង​ដែរ​ដោយ​សារការ​ធ្វើ​កូដកម្មនេះ។
 
មាន​រថភ្លើង​តែ២ខ្សែ​ប៉ុណ្ណោះ​គឺ​ខ្សែទី១​និង​ទី១៤ដែល​រត់​ដោយ​ខ្លួន​ឯងនិង​គ្មាន​មនុស្ស​បើក​ដែល​មិន​បាន​ទទួល​រង​ប៉ះពាល់​ដោយ​ការ​ធ្វីកូដកម្ម​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន RATP ដែល​បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។
 
រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​បារាំង​លោក Jean-Baptiste Djeebbari បាន​និយាយ​នៅ​លើ Twitter ថា «យើង​អំពាវនាវ​ដល់​អ្នក​ធ្វើការ​ទាំង​អស់​ឲ្យ​ធ្វើការងារ​ពី​ផ្ទះ​របស់​គេ​ឲ្យ​បាន​ជា​អតិបរិមា»។
 
ក្រុមហ៊ុន​ដឹកជញ្ជូន​សាធារណៈ RATP បាន​និយាយថា ការធ្វើ​កូដកម្ម​ដើរ​ចេញពី​ការងារ​របស់​កម្មករ​ កើត​មាន​ឡើង ស្របពេល​ដែលក្រុម​សហជីព​និងប្រធាន​ក្រុម​ការងារ​គ្រោង​នឹង​ពិភាក្សា​គ្នាស្តីពី​បញ្ហា​ប្រាក់​កម្រៃ​ប្រចាំឆ្នាំរបស់​ពួក​គេ​ ដែល​ពុំ​មាន​ការតំឡើង​ប្រាក់​ឈ្នួល​ឲ្យបាន​សមរម្យ​ដោយ​ក្រុមហ៊ុនដែល​គ្រប់​គ្រង​ដោយ​រដ្ឋនោះ។
 
ក្រុមហ៊ុន​ដឹកជញ្ជូន RATP និយាយ​ថា ខ្លួន​បាន​ត្រៀម​រៀបចំ​ការតំឡើង​ប្រាក់​បៀវត្សប្រមាណ ២,៧%​ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​ដែល​ជាទង្វើ​មួយ​ដែល​ខាង​សហជីពនិយាយនៅ​ខែ​នេះ​ថា ជា​ការ​បង្កហេតុ​មួយ។
 
នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រព័ន្ធដឹកជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​ប៉ារីស​ដែលមាន​ការមមាញឹក​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភភ​លោក បាន​ធ្លាក់ចូល​ក្នុង​ភាពច្របូក​ច្របល់​ជាច្រើន​ដង។ អ្នក​ក្រុង​ប៉ារីសនៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១៩ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ មាន​ការធ្វើ​កូដកម្មដើរចេញ​ពី​ការងារ​របស់​ក្រុមកម្មករអស់រយៈពេល​មួយ​ខែ​ដោយ​នៅ​ពេល​នោះ​ក្រុម​កម្មកររថភ្លើង​និង​ផ្នែក​ដឹក​ជញ្ជូន​សាធារណៈ​ បាន​ប្រឆាំង​តវ៉ា​នឹង​ផែន​ការធ្វើ​កំណែ​ទម្រង់​ប្រាក់​សោធននិវត្តន៍របស់ប្រធានាធិបតីលោក Emmanuel Macron។ លោក Macron នៅ​ពេល​នោះ​ ក៏បាន​អំពាវនាវ​ឲ្យ​លុបចោល​ការ​ធ្វើ​កំណែ​ទម្រង់​នោះ ដោយលើកឡើង​ពី​ស្ថានភាព​ផ្លាស់​ប្តូរ​ដោយ​សារតែ​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com