COVID-19
អន្តរជាតិ
លោក ចនសុន ៖ សូមអនុញ្ញាតឱ្យប្រជាជនរស់ជាមួយកូវីដ-១៩ និងគ្មានការរឹតត្បិតសេរីភាព
22, Feb 2022 , 12:09 pm        
រូបភាព
លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព៖ AFP
លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព៖ AFP
ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ប្រជាជន ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ មិនតម្រូវឱ្យដាក់នៅដាច់ដោយឡែកទៀតឡើយ។ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បូរីស ចនសុន បានប្រកាសបែបនេះ នៅថ្ងៃទី២១ ខែកុម្ភៈ ដោយបន្ថែមថា ចំណែកការធ្វើតេស្តទ្រង់ទ្រាយធំ នឹងត្រូវបញ្ចប់ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខ។

 
ចក្រភពអង់គ្លេស នៅថ្ងៃទី២១ ខែកុម្ភៈ បានរាយការណ៍ករណីឆ្លងជាង ៣ម៉ឺនករណី និងអ្នកស្លាប់ ១៨នាក់។ សូម្បីតែម្ចាស់ក្សត្រីយ៍ Elizabeth II ក៏ឆ្លងជំងឺកូវីដ-១៩ ដែរ នាពេលថ្មីៗនេះ។ បើទោះករណីឆ្លងប្រចាំថ្ងៃនៅតែខ្ពស់ ប្រមុខរដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសលុបចោលការធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ស្របពេលរដ្ឋាភិបាល បានដាក់ចេញផែនការឱ្យប្រជាជនរៀនរស់នៅជាមួយជំងឺកូវីដ-១៩។ 
 
«អនុញ្ញាតឱ្យយើងរៀនរស់ជាមួយវីរុស និងបន្តការពារខ្លួនដោយគ្មានការរឹតត្បិតសិទ្ធិសេរីភាព»។ លោក បូរីស ចនសុន បានបញ្ជាក់បែបនេះ ដោយបន្តថា សម្រាប់ទឹកដីអង់គ្លេស វិធានចត្តាឡីស័កចំពោះអ្នកធ្វើតេស្តវិជ្ជមានកូវីដ-១៩ ត្រូវលុបចោលនៅថ្ងៃទី២៤ ខែកុម្ភៈ ខណៈការធ្វើតេស្តទ្រង់ទ្រាយធំដោយមិនគិតប្រាក់ នឹងត្រូវលើកចោលនៅថ្ងៃទី១ ខែមេសាខាងមុខ។ ការតេស្តចាប់ពីថ្ងៃទី១ មេសាតទៅ នឹងផ្តោតលើប្រជាជនងាយរងគ្រោះប៉ុណ្ណោះ។ 
 
យ៉ាងណាមិញ ការតាមដានលើការរីកសាយវីរុសនៅតែបន្ត ដើម្បីអនុញ្ញាតឱ្យឆ្លើយតបនឹងវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី បានឆាប់រហ័ស។ ទន្ទឹមនេះ លោកចនសុន បានការពារគម្រោងរបស់ខ្លួនថា ការរឹតត្បិតនៅអង់គ្លេស នាពេលកន្លងមក បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច សង្គម ផ្លូវចិត្តរបស់ប្រជាជន និងឱកាសរបស់ក្មេងៗ។
 
ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មាននាការិយាល័យនាយករដ្ឋមន្រ្តី Downing Street នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ បានបន្ថែមថា ការលុបចោលវិធានរឹតត្បិតអង់គ្លេស មិនមានជាការប្រកាសជ័យជម្នះលើជំងឺកូវីដ-១៩ ឡើយ ដោយសារវីរុស មិនបានទៅណានោះទេ។ ក្នុងន័យនេះ លោកចនសុន បានអះអាងថា វាដល់ពេល ដែលអង់គ្លេសបញ្ចប់រយៈពេលអន្តរកាលទៅរកភាពប្រក្រតីដូចមុន និងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញនៅក្នុងប្រទេស។ 
 
ការប្រកាសរបស់នាយករដ្ឋមន្រ្តីអង់គ្លេសខាងលើ បានរងការរិះគន់យ៉ាងខ្លាំងពីបក្សប្រឆាំង ដោយអះអាងថា គម្រោងរស់នៅជាមួយជំងឺកូវីដ-១៩ មានភាពរហ័សពេក និងបានបង្ហាញក្តីបារម្ភលើការកាត់បន្ថយការធ្វើតេស្តទ្រង់ទ្រាយធំ។ វិធានការថ្មី នឹងអនុវត្តតែនៅអង់គ្លេស ដោយស្កុតឡែន វែល និងអៀរឡង់ខាងជើង នឹងកំណត់វិធានរឹតត្បិតជំងឺកូវីដ-១៩ ដោយខ្លួនឯង ខណៈថវិកាចំណាយលើការធ្វើតេស្ត គឺត្រូវសម្រេចពីរដ្ឋាភិបាលកណ្តាលរបស់ចក្រភពអង់គ្លេស។ 
 
ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ រដ្ឋាភិបាលចក្រភពអង់គ្លេស បានទម្លាក់ចោលការតេស្តរកជំងឺកូវីដ-១៩ ក្នុងមួយសប្តាហ៍ពីរដងសម្រាប់បុគ្គលិកក្នុងវិទ្យាស្ថានអប់រំ និងសិស្ស។ មកទល់ពេលនេះ ចក្រភពអង់គ្លេសមានករណីឆ្លងជំងឺកូវីដ-១៩ ជាង ១៨លានករណី និងអ្នកស្លាប់មានជាង ១៦ម៉ឺននាក់៕ 
 

Tag:
 អង់គ្លេស
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com