អន្តរជាតិ
អាមេរិកនឹងលក់រថក្រោះ២៥០គ្រឿងឲ្យប៉ូឡូញ
22, Feb 2022 , 11:29 pm        
រូបភាព
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ចូល​រួម​ពិធី​ត្រួតពល​មុន​ជួប​ក្រសួងការពារ​ជាតិ នៅ​ទីក្រុង​វ៉ាសូវូ​ ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ ឆ្នាំ​២០២២។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ចូល​រួម​ពិធី​ត្រួតពល​មុន​ជួប​ក្រសួងការពារ​ជាតិ នៅ​ទីក្រុង​វ៉ាសូវូ​ ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ ឆ្នាំ​២០២២។
ដោយ: VOA
ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងលក់រថក្រោះប្រភេទ M1 Abrams ចំនួន ២៥០ គ្រឿងឲ្យប្រទេសប៉ូឡូញ សម្រាប់ពង្រឹងសន្ដិសុខនៅក្នុងប្រទេសនេះ ចំពេលដែលមានការកើនឡើងភាពតានតឹងជាមួយនឹងរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន។

 
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងរដ្ឋធានីវ៉ាសូវីកាលពីថ្ងៃសុក្រថា លោក និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងដល់សភាអំពីបំណងនៃការលក់រថក្រោះនេះហើយ។ 
 
លោក Austin ថ្លែងថា៖ «ពេលវេលាជាក់លាក់នៃការដឹកជញ្ជូនរថក្រោះទាំងនេះ កំពុងស្ថិតក្រោមការពិភាក្សា»។
 
ប្រទេសប៉ូឡូញបានប្រកាសផែនការទិញរថក្រោះពីសហរដ្ឋអាមេរិកនេះកាលពីរដូវក្ដៅឆ្នាំមុន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៦ ពាន់លានដុល្លារ ប៉ុន្តែការលក់រថក្រោះនេះចេះតែត្រូវបានពន្យារពេល។ 
 
លោក Austin បានមានប្រសាសន៍ថា ការទិញរបស់ប្រទេសប៉ូឡូញនេះក៏នឹងជួយ«ធានានូវការចែកចាយមួយកាន់តែមានសមធម៌»នៃការទទួលខុសត្រូវផ្នែកការពារក្នុងចំណោមក្រុមសម្ព័ន្ធមិត្តរបស់អង្គការអូតង់ (NATO) ផងដែរ»។
 
លោក Austin បានថ្លែងអំណរគុណដល់ប្រទេសប៉ូឡូញដែលបានទទួលទាហានសហរដ្ឋអាមេរិកបន្ថែមចំនួន ៤.៧០០ នាក់ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតប ប្រសិនបើរុស្ស៊ីលុកលុយអ៊ុយក្រែន។ មានកងកម្លាំងសហរដ្ឋអាមេរិកចំនួនពី ៩ពាន់ ទៅ ១ម៉ឺននាក់ក្នុងប្រទេសប៉ូឡូញ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បញ្ជាឲ្យបញ្ជូនកងកម្លាំងទៅឈរជើងបន្ថែមទៀតកាលពីដើមខែនេះមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com