អន្តរជាតិ
ទំនប់វារីអគ្គិសនីនៅអេត្យូពីចាប់ផ្ដើមផលិតថាមពលអគ្គិសនី
22, Feb 2022 , 8:29 am        
រូបភាព
រូបឯកសារ៖ ទំនប់វារី​អគ្គិសនី Grand Renaissance Dam របស់​អេត្យូពី កាល​ពីពេល​កំពុង​សាងសង់​នៅ​លើ​ទន្លេ​នីល​ ក្នុង​តំបន់ Benishangul Gumuz ប្រទេស​អេត្យូពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ទំនប់វារី​អគ្គិសនី Grand Renaissance Dam របស់​អេត្យូពី កាល​ពីពេល​កំពុង​សាងសង់​នៅ​លើ​ទន្លេ​នីល​ ក្នុង​តំបន់ Benishangul Gumuz ប្រទេស​អេត្យូពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
ដោយ: VOA
ប្រព័ន្ធផ្សព្វផ្សាយជាតិនៃប្រទេសអេត្យូពីបានផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈថា ទំនប់វារីអគ្គិសនី Grand Ethiopian Renaissance Dam ដែលប្រទេសនេះបាននិងកំពុងសាងសង់នៅលើដងទន្លេនីលខៀវ (Blue Nile River) នឹងចាប់ផ្ដើមផលិតថាមពលអគ្គិសនីជាផ្លូវការលើកដំបូង នៅថ្ងៃទី ២០ ខែកុម្ភៈ។


វារីអគ្គិសនីនេះស្ថិតក្នុងគម្រោងសាងសង់រយៈពេល ១០ ឆ្នាំ។ កាលពីដើមឡើយ ប្រទេសអេត្យូពីបានគ្រោងបញ្ចប់គម្រោងសាងសង់នេះនៅក្នុងរយៈពេល ៥ ឆ្នាំ ប៉ុន្តែដោយសារតែភាពចម្រូងចម្រាសពីសំណាក់ប្រទេសនៅតំបន់ដងទន្លេខាងក្រោម និងបញ្ហាផ្ទៃក្នុង ការសាងសង់ទំនប់នេះត្រូវសម្រេចបានជាបណ្ដើរជាង ៨០ ភាគរយប៉ុណ្ណោះ។ លោក Kifle Horo គឺជាអ្នកចាត់ការគម្រោងទំនប់វារីអគ្គិសនីនេះ។ លោកបានបង្ហាញព័ត៌មានស្តីអំពីគម្រោងនេះតាមទូរទស្សន៍ជាតិថា ថាមពលអគ្គិសនីទាញចេញពីវារីអគ្គិសនីមួយនេះ នឹងចាប់ផ្ដើមប្រតិបត្តិការក្នុងពេលឆាប់ៗនេះ។
 
លោក Kifle Horo បានថ្លែងថា៖ «ទំនប់នេះនឹងផលិតថាមពលវារីអគ្គិសនី តែនេះមិនមានន័យថា គម្រោងសាងសង់ទំនប់នេះបានបញ្ចប់ហើយនោះទេ។ ការបញ្ចប់ការសាងសង់អាចនឹងត្រូវការពេលពី ២ ទៅ ៣ ឆ្នាំ ទៀត។ គម្រោងនេះត្រូវបានប្រតិបត្តិការ និងចំណាយថវិកាទាំងស្រុងដោយពលរដ្ឋ និងរដ្ឋាភិបាលអេត្យូពី។ ដូច្នេះ ខ្ញុំអំពាវនាវដល់ពលរដ្ឋទាំងអស់បន្តចូលរួមផ្ដល់ហិរញ្ញវត្ថុដល់គម្រោងនេះតទៅទៀត រហូតដល់វាត្រូវបានបញ្ចប់ជាស្ថាពរ»។
 
លោក Horo បន្តថា ប្រទេសនៅតាមដងទន្លេខាងក្រោមដែលប្រឆាំងនឹងការសាងសង់ទំនប់នេះដោយភ័យខ្លាចបាត់បង់ទឹកពីទន្លេនីលនោះ ពួកគេមិនរងផលប៉ះពាល់អ្វីឡើយ។
ប្រទេសអេត្យូពីបានចាក់ដីបំពេញអាងស្តុកទឹកដើម្បីបង្កើតបានជាទំនប់នេះអស់រយៈពេល ២ ឆ្នាំហើយ ដែលធ្វើឡើងក្នុងរដូវវស្សា ហើយការចាក់ដីបំពេញអាងលើកទី២ ធ្វើឡើងកាលពីខែកក្កដា ឆ្នាំ ២០២១។ ខណៈពេលដែលការសាងសង់នៅតែបន្ត វាអាចត្រូវការពេលជាច្រើនឆ្នាំទៀត ដើម្បីចាក់ដីបំពេញអាងនេះឲ្យខ្ពស់។
 
ក៏ប៉ុន្តែប្រទេសនៅតាមដងទន្លេខាងក្រោម ដូចជាអេហ្ស៊ីប និង ស៊ូដង់ ជាដើម ព្រួយបារម្ភជាខ្លាំង។ កាលពីខែកក្កដា ឆ្នាំ ២០២១ ប្រទេសអេហ្ស៊ីបបានប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើឲ្យពិនិត្យឡើងវិញលើការចាក់ដីបំពេញអាងស្តុកទឹកនេះ។ អេត្យូពីបានប្រឆាំងទៅនឹងបន្ដឹងនោះ ហើយទទូចថា សហភាពអាហ្វ្រិកគឺជាស្ថាប័នតែមួយគត់ដែលមើលការខុសត្រូវលើការចរចានានារវាងប្រទេសទាំង ៣ ដែលពាក់ព័ន្ធនេះ។
 
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍កាលពីថ្ងៃទី ១៨ កុម្ភៈកន្លងទៅថា បច្ចុប្បន្ននេះ ទុរប៊ីន (ឬឧបករណ៍បង្វិលកង្ហាល់) មួយក្នុងចំណោមទុរប៊ីនទាំង ១៣ កំពុងផលិតចេញជាថាមពលអគ្គិសនីហើយ។ ទំនប់វារីអគ្គិសនីនេះត្រូវគេរំពឹងថា នឹងផលិតថាមពលអគ្គិសនីបានចាប់ពី ៥ ពាន់មេហ្គាវ៉ាត់ នៅពេលការសាងសង់ត្រូវបានបញ្ចប់រួចរាល់។ យ៉ាងណាក៏ដោយ ប្រទេសអេហ្ស៊ីប និង ស៊ូដង់ ប្រឆាំងទៅនឹងការសាងសង់នេះ ដោយអះអាងថា ជីវិតពលរដ្ឋរបស់ពួកគេនឹងត្រូវរងការប៉ះពាល់ ដោយសារតែការបែងចែកទឹក។
 
ប៉ុន្តែ អេត្យូពីបានទទូចថា ខ្លួនពិតជាត្រូវការថាមពលអគ្គិសនីពីទំនប់នេះសម្រាប់ការអភិវឌ្ឍក្នុងប្រទេសរបស់ខ្លួន។ ប្រជាជាតិដែលមានចំនួនប្រជាជនជាង ១១០ លានមួយនេះ ក៏បានអះអាងដែរថា ពលរដ្ឋរបស់ខ្លួនជិត ៦០ ភាគរយ នៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ហើយទំនប់នេះនឹងពង្រីកលទ្ធភាពទទួលបានអគ្គិសនីដល់ពលរដ្ឋអេត្យូពីជាច្រើនគ្រួសារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com