អន្តរជាតិ
បស្ចិមលោក និងជប៉ុន សម្រុកដាក់ទណ្ឌកម្មរុស្ស៊ី ដូចការគំរាមទុក
23, Feb 2022 , 10:31 am        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
ទណ្ឌកម្មរបស់បស្ចិមប្រទេស និងជប៉ុន បានធ្លាក់លើក្រុងមូស្គូបន្តបន្ទាប់ បន្ទាប់ពីប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានប្រកាសទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួនពីរ នៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ។ ទណ្ឌកម្មទាំងនោះ ផ្តោតលើសមាជិកសភា បុគ្គលដែលគំរាមកំហែងដែនអធិបតេយ្យអ៊ុយក្រែន អ្នកនយោបាយ ស្ថាប័នហិរញ្ញវត្ថុ និងអាជីវកម្មរបស់រុស្ស៊ីជាច្រើន។

 
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី២១ ខែកុម្ភៈ បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត្ស ដែលជាតំបន់ផ្តាច់ខ្លួនស្ថិតនៅភាគខាងកើតអ៊ុយក្រែន ជារដ្ឋឯករាជ្យ។ ទន្ទឹមនេះ មេដឹកនាំរុស្ស៊ី ក៏បានប្រកាស បញ្ជូនកងទ័ពរុស្ស៊ីក្រោមឆ័ត្ររក្សាសន្តិភាពទៅតំបន់ទាំងពីរនោះផងដែរ ដើម្បីគ្រប់គ្រងស្ថិរភាព និងបង្ការការប៉ះទង្គិចរវាងយោធាអ៊ុយក្រែន ជាមួយក្រុមឧទ្ទាមផ្តាច់ទឹកដី។
 
ការទទួលស្គាល់ពីសំណាក់រុស្ស៊ីលើតំបន់ទាំងពីរជារដ្ឋឯករាជ្យ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ បស្ចិមលោក និងបណ្តាប្រទេសមួយចំនួន បានចោទរុស្ស៊ីថាបំពានច្បាប់អន្តរជាតិ និងមិនគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ។ 
 
ដូចការសន្យានាពេលកន្លងមក បណ្តាប្រទេសលោកខាងលិចជាច្រើន និងជប៉ុន បានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ី និងបុគ្គលពាក់ព័ន្ធនៅក្នុងតំបន់ ដូណេត្ស និងលូហាន។ ក្នុងសុន្ទរកថាមួយនៅថ្ងៃទី២១ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសដាក់ទណ្ឌកម្មជាកញ្ចប់លើរុស្ស៊ី និងថ្កោលទោសក្រុងមូស្គូ ដែលទទួលស្គាល់តំបន់ផ្តាច់ខ្លួនទាំងពីរជារដ្ឋឯករាជ្យ។ 
 
«ប្រសិនបើរុស្ស៊ីបន្តការឈ្លានពានបន្ថែមទៀត យើងនឹងត្រៀមរៀបចំចំណាត់ការកាន់តែខ្លាំងជាងមុន រួមជាមួយទណ្ឌកម្ម»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ទណ្ឌកម្មរបស់អាម៉េរិកគឺផ្តោតលើប័ណ្ណបំណុលរបស់រុស្ស៊ី ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ក្នុងនោះរួមទាំងធនាគារយោធាផង។ បើតាមលោក បៃឌិន ទណ្ឌកម្មនេះ នឹងកាត់ផ្តាច់រដ្ឋាភិបាលរុស្ស៊ីពីប្រព័ន្ធហិរញ្ញវត្ថុរបស់លោកខាងលិច និងមិនអាចស្វែងរកប្រាក់ និងមិនអាចទូទាត់ប័ណ្ណបំណុលរបស់ខ្លួនទីផ្សារអឺរ៉ុប និងអាម៉េរិកបានឡើយ។ 
 
ចំណែកអាល្លឺម៉ង់វិញ បានប្រកាសផ្អាកនីតិវិធីអនុម័តលើគម្រោងបង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី ដែលមានតម្លៃជាច្រើនពាន់លានដុល្លារ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅទីក្រុងបែរឡាំង លោក Olaf Scholz អធិបតីអាល្លឺម៉ង បានអះអាងថា វាជាជំហានដ៏សំខាន់មួយ ក្នុងការមិនផ្តល់វិញ្ញាបនបត្រដល់ គម្រោង  Nord Stream 2។ ទន្ទឹមនេះ មេដឹកនាំអាល្លឺម៉ង់រូបនេះ បានចាត់ទុកទង្វើរបស់រុស្ស៊ី ក្នុងការទទួលស្គាល់តំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែន ជារឿងមិនយុត្តិធម៌ និងគ្មានការយល់ដឹង និងជំរុញឱ្យរុស្ស៊ីទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន។ 
 
ស្របគ្នានេះ អង់គ្លេស ក៏មិននៅស្ងៀមដែរ ជុំវិញវិបត្តិអ៊ុយក្រែន។ ថ្លែងទៅកាន់សមាជិកសភា លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន បានប្រកាសបង្កកទ្រព្យសម្បត្តិធនាគារចំនួន ៥ រួមជាមួយមហាសេដ្ឋីរុស្ស៊ីចំនួន ៣រូប នឹងមិនអនុញ្ញាតឱ្យចូលមកដែនដីអង់គ្លេស។ លោកនាយករដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់ថា ទណ្ឌកម្មរបស់ខ្លួនធ្វើឡើងដោយសារ រុស្ស៊ីបញ្ជូនទ័ពទៅក្នុងតំបន់ផ្តាច់ខ្លួន និងទទួលស្គាល់តំបន់នោះជារដ្ឋឯករាជ្យ។ 
 
ក្រៅពីអាម៉េរិក អាល្លឺម៉ង់ អង់គ្លេស សហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មជាកញ្ចប់លើរុស្ស៊ី។ រដ្ឋមន្រ្តីការបរទេសបារាំង លោក  Jean-Yves Le Drian នៅថ្ងៃទី២២ ខែកុម្ភៈ បានអះអាង ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ី បានឯកភាពរួចហើយ។ ចំណែកប្រមុខការទូតសហភាពអឺរ៉ុប លោកJosep Borrellវិញ បានអះអាងថា ទណ្ឌកម្មជាកញ្ចប់នេះ នឹងធ្វើឱ្យរុស្ស៊ីរងផលប៉ះពាល់យ៉ាងខ្លាំង។ 
 
ទណ្ឌកម្មរបស់សហភាពអឺរ៉ុប គឺផ្តោតលើសមាជិកសភារុស្ស៊ីចំនួន ៣៥១នាក់ ដែលគាំទ្រឱ្យរុស្ស៊ីទទួលស្គាល់តំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ ជាមួយនឹងបុគ្គល និងស្ថាប័នចំនួន ២៧ផ្សេងទៀត ដែលគំរាមកំហែងដល់ដែនដី និងអធិបតេយ្យអ៊ុយក្រែន។ អ្នកជំនួញរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយ ធនាគារគាំទ្រយោធា រុស្ស៊ី ក៏ស្ថិតក្នុងទណ្ឌកម្មរបស់អឺរ៉ុបដែរ។ យ៉ាងណាមិញ លោកពូទីន មេដឹកនាំរុស្ស៊ី មិនស្ថិតក្នុងបញ្ជីខ្មៅទាំងនោះឡើយ។ 
 
បន្ទាប់ពីការឯកភាពទណ្ឌកម្មនោះ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានបង្ហាញក្តីស្វាគមន៍ និងអះអាងថា ទណ្ឌកម្មអឺរ៉ុប គឺជាការឆ្លើយតបនឹងទង្វើដ៏គឃ្លើនរបស់រុស្ស៊ី។ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានបន្តព្រមានថា ប្រសិនបើរុស្ស៊ីនៅតែបន្តធ្វើឱ្យវិបត្តិកាន់តែរីកធំឡើង សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបបន្ថែម។ 
 
មិនតែប៉ុណ្ណោះ ជប៉ុន និងកាណាដា បានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីឆ្លើយតបនឹងការទទួលស្គាល់តំបន់ផ្តាច់ខ្លួនជារដ្ឋឯករាជ្យ។ ទណ្ឌកម្មរបស់ជប៉ុន នៅថ្ងៃទី២៣ ខែកុម្ភៈ គឺផ្អាកលើការទទួលប័ណ្ណបំណុលរុស្ស៊ី និងបង្កកទ្រព្យសម្បត្តិលើជនជាតិរុស្ស៊ីមួយចំនួន។ មិនខុសពីជប៉ុនឡើយ កាណាដាបានផ្អាកទទួលទិញប័ណ្ណបំណុលរុស្ស៊ី និងហាមឃាត់ប្រជាជនខ្លួនមានទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុ នៅក្នុងតំបន់ផ្តាច់ខ្លួន ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន៕ 
 

Tag:
 សហភាពអឺរ៉ុប
  អាម៉េរិក
  រុស្ស៊ី
  អង់គ្លេស
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com