ជាតិ
បារាំង ជ្រើសកម្ពុជាជាដៃគូគំរូដំបូងគេ ក្នុងការជំរុញវិស័យទេសចរណ៍អឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន
23, Feb 2022 , 2:32 pm        
រូបភាព
លោក ពើឡេត៍ ហ្សាគ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍
លោក ពើឡេត៍ ហ្សាគ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលបារាំង នឹងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ក្នុងក្របខណ្ឌ អឺរ៉ុប - អាស៊ាន និងបារាំង-អាស៊ាន ដោយជ្រើសរើសកម្ពុជា​ ជាដៃគូសហការដំបូង ដើម្បីធ្វើជាគំរូដល់ ប្រទេសក្នុងសមាជិកអាស៊ាន។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាង លោក ពើឡេត៍ ហ្សាគ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ជាមួយលោក ថោង ខុន​​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១កុម្ភៈ។

 
រដ្ឋាភិបាលបារាំង នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ក្នុង និងក្រោយបរិបទកូវីដ-១៩។ លោក ពើឡេត៍ ហ្សាគ ឯកអគ្គ​រដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានលើកឡើងថា ការជ្រើសរើសកម្ពុជាជាគំរូ នៃកិច្ចសហប្រតិបត្តិការនេះ ព្រោះកម្ពុជា ជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។
 
បើតាម លោក ពើឡេត៍ ហ្សាគ គោលបំណងរបស់រដ្ឋាភិបាលបារាំង ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ជាមួយអាស៊ាន ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ-១៩។
 
លោក ហ្សាគ រំពឹងថាកម្ពុជានឹងនាំមុខគេក្នុងការរៀបចំ ឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ ដើម្បីផលប្រយោជន៍ ភាពរីកចម្រើនពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ។
 
ក្រៅពីកិច្ចសហប្រតិបត្តិការនេះ រដ្ឋាភិបាលបារាំង ក៏បានបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ចំនួន២  នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ សាលាបណ្ដុះបណ្ដាលនេះ នឹងរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលទេសចរឡើងវិញ នៅពេលស្ថានភាពវិស័យទេសចរណ៍កាន់តែប្រសើរឡើង។
 
ជាមួយគ្នានេះឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជារូបនេះ ក៏បានកត់សម្គាល់ថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ហើយលោកនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ដើម្បីឱ្យទេសចរពីប្រទេសបារាំង ជ្រើសរើសកម្ពុជា ជាគោលដៅទេសចរណ៍ក្នុងបរិបទកូវីដ-១៩នេះ។
 
ក្នុងជំនួបនេះដែរ លោក ថោង ខុន បានស្នើឱ្យរដ្ឋាភិបាលបារាំង ជំរុញជើងហោះហើរផ្ទាល់ពីបារាំង មកកម្ពុជា ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ និងជាកត្តាចម្បង ដែលធ្វើឱ្យប្រជាជនបារាំង ជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ សម្រាប់ដំណើរកម្សាន្តរបស់ពួកគេ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com