ជាតិ
សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​ពិចារណា​បង្កើន​តួនាទី​ពលរដ្ឋខ្មែរ-ឥស្លាមក្នុងជួរដឹកនាំមូលដ្ឋាន
23, Feb 2022 , 4:03 pm        
រូបភាព
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបិទសន្និបាត​ប្រចាំ​ឆ្នាំ​របស់ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃនេះ ស្នើឲ្យពិចារណា​លើ​ការតែងតាំងពលរដ្ឋខ្មែរ-ឥស្លាម​ ក្នុងតំណែង​អភិបាល​រង​ខេត្ត ស្រុក​ ខណ្ឌ សម្រាប់មូលដ្ឋាន​ដែលសម្បូរពលរដ្ឋខ្មែរ-ឥស្លាម​រស់នៅច្រើន។



ប្រមុខ​រដ្ឋាភិបាល​បានបញ្ជាក់ថា នេះ​មិនមែនជាកូតានោះឡើយ ប៉ុន្តែជាគោលនយោបាយ​ដែល​ត្រូវ​យក​ចិត្តទុក​ដាក់ ដើម្បី​ភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និង​សុខដុមរមណីសាសនា។

សម្តេច​បាន​លើកឡើង​ថា ការអនុវត្តនេះ ធ្វើឡើង​សម្រាប់បណ្តា​ខេត្តដែលមាន​ពលរដ្ឋខ្មែរ-ឥស្លាម​រស់នៅច្រើន ដូចជា កំពង់ចាម ក្រចេះ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កំពត និងភ្នំពេញ​ជាច្រើន។ នេះជាការអនុវត្ត​នៅ​ខេត្ត​កោះកុង ស្ទឹងត្រែង រតនគិរី និងមណ្ឌល​គិរី ដែល​បាន​តែងតាំងជនជាតិ​ដើម​ភាគតិច សម្រាប់មុខ​តំណែងជាអភិបាល​រង។

«បញ្ហា​ដែល​កើតឡើងនៅក្នុងតំបន់ឥស្លាម រស់នៅ មាន​តែថ្នាក់ដឹកនាំ​ខាងឥស្លាម អាចដោះស្រាយបាន»។ នេះជាការ​បញ្ជាក់របស់សម្តេច ហ៊ុន សែន៕

© រក្សាសិទ្ធិដោយ thmeythmey.com