COVID-19
ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ហួសចិត្ត ពេលកំពុងជួបវិបត្តិកូវីដ បែរជាមានសំណើសុំលុយទិញរថយន្តចុះមូលដ្ឋាន
23, Feb 2022 , 6:59 pm        
រូបភាព
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ហួសចិត្តចំពោះមន្ត្រីរបស់ខ្លួនដែលបានស្នើសុំថវិកាទិញរថយន្តថ្មី ដើម្បីចុះមូលដ្ឋានឆ្នាំ២០២២និងឆ្នាំ២០២៣ ខណៈថវិកាជាតិកំពុងជួបការលំបាក​ នាអំឡុងវិបត្តិកូវីដ-១៩។ សម្តេច បានថ្លែងដូច្នេះ ក្នុងពិធី​បិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣កុម្ភៈ។



«អង្គភាពត្រូវការចាំបាច់ ដើម្បីចុះមូលដ្ឋាននៅឆ្នាំ២០២២និង២០២៣ សុំស្នើទិញរថយន្តពីរគ្រឿង [ដែល]មានស៊េរីFord ឆ្នាំ២០២២មួយគ្រឿង និងស៊េរីមួយទៀត ឆ្នាំ២០២២[ដែរ]»។ សម្តេច ហ៊ុន សែន បានលើកឡើងទាំងហួសចិត្តបន្ទាប់ពីឃើញសំណើររបស់មន្រ្តីរបស់ខ្លួនបែបនេះ ខណៈកម្ពុជាកំពុងព្យាយាមកាត់បន្ថយចំណាយណាមិនចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩។​

សម្តេច បានបន្តថ្លែងដោយសង្កត់ធ្ងន់ដូច្នេះ៖ «ពឹបឡើងមើលៗ [ស្នើសុំចឹង]។ ខ្ញុំថាយកអា Ford និងរថយន្តអាធុនហ្នឹងមក តើនរណាជាអ្នកជិះ? អាប្រធានអង្គភាពហ្នឹងជាអ្នកជិះ ហើយជិះក្រោមហេតុផលចុះមូលដ្ឋាន។ វាគ្មានហេតុផលចុះមូលដ្ឋានអីទេ! ខ្ញុំមិនស្គាល់អី អាការងារអស់ហ្នឹង។ ចឹងឥឡូវ គឺយើងផ្អាកសិន»។

ពាក់ព័ន្ធ​នឹងកិច្ចការងារនេះ  សម្តេចបាន​​ទាមទារឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន គ្រប់គ្រងលើសំណើរសុំថវិកាពីអង្គភាពនានាឱ្យបានម៉ឹងម៉ាត់បំផុត​។ សម្តេច មានប្រសាសន៍ដូច្នេះ៖ «ព្រោះខ្ញុំមិនអាចអស់ទុនបម្រុងរបស់ខ្លួន សម្រាប់ការយុទ្ធ[ប្រឆាំងនឹងជំងឺកូវីដ-១៩]នោះទេ»។

ជាមួយគ្នានេះ សម្តេច បានស្នើដល់មន្រ្តី គ្រប់អង្គភាព-ស្ថាប័នថ្នាក់ជាតិនិងក្រោមជាតិទាំងអស់ សូមកុំលើកសំណើរ​សុំថវិកាសម្រាប់ប្រើប្រាស់រឿងណាដែលមិនចាំបាច់។ លើសពីនេះ សម្តេច ហ៊ុន សែន ក៏បានស្នើដល់គ្រប់ស្ថាប័ន ត្រូវយកចិត្តទុកដាក់សន្សំសំចៃថវិកា ក្នុងការចំណាយ។ ប្រមុខរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា៖ «កន្លែងណាដែលត្រូវចាយ គម្បីចាយ។ កន្លែងណាដែលមិនគប្បីចាយ គឺផ្អាកចាយសិនទៅ ឬក៏កុំចាយ ឬក៏ពន្យារការចាយសិន ដើម្បីធានាតុល្យភាពរវាងក្បាលចេញនិងក្បាលចូល[នៃថវិកា]»។

អត្ថបទទាក់ទង


បើតាមលោក រង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច នារយៈពេល២ឆ្នាំនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ​ កម្ពុជា បានចាយថវិកាសន្សំអស់១ ៦២៧លាន​ដុល្លារ។ ក្នុងនោះ ឆ្នាំ២០២០ កម្ពុជាចាយអស់២៤៦លានដុល្លារ និងឆ្នាំ២០២២ ចាយអស់រហូតដល់១៣៨១លានដុល្លារ។  ដោយឡែក ឆ្នាំ២០២២ កម្ពុជា ត្រៀមចាយថវិកាសន្សំចំនួន៥០០លានដុល្លារទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបន្តទប់ទល់វិបត្តិកូវីដ-១៩ ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com