កីឡាជាតិ
ជាតិ
គ្រូជម្រើសជាតិឡាវ៖«ថៃជាក្រុមគួរឲ្យចាប់អារម្មណ៍ តែឡាវ នឹងធ្វើឲ្យមានការភ្ញាក់ផ្អើល»
24, Feb 2022 , 2:57 pm        
រូបភាព
គ្រូជម្រើសជាតិឡាវ លោក Michael Weiss ថា កូនក្រុមលោក នឹងធ្វើឱ្យមានការភ្ញាក់ផ្អើល នាការប្រកួតជាមួយថៃ នៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 កីឡដ្ឋានជាតិមរតកតេជោ នៅម៉ោង៤រសៀល ថ្ងៃទី២៤ កុម្ភៈនេះ។


លោក Michael Weiss ហាក់មានជំនឿចិត្តលើកូនក្រុមជាខ្លាំង ក្នុងការប្រកួតជាមួយជម្រើសជាតិថៃ បន្ទាប់ពីក្រុមខ្លួន បានបង្កើតកំណត់ត្រាថ្មី ក្នុងការឈ្នះម៉ាឡេស៊ី ទាំងពីរជើងរួចមក។ ឡាវ បានឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ២-១ នៅថ្ងៃទី១៨ ខែកុម្ភៈ និងលទ្ធផល ២-០ នាថ្ងៃទី២១ ខែកុម្ភៈ នៅកីឡដ្ឋានព្រីនស៍កន្លងមក ។
 
វេបសាយរបស់សហព័ន្ធបាល់ទាត់អាស៊ាន បានស្រង់សម្តីគ្រូជម្រើសជាតិឡាវរូបនេះ ដូច្នេះថា៖ «ថៃជាក្រុមគួរឲ្យចាប់អារម្មណ៍ តែក្រុមឡាវ នឹងធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងជំនួបនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ» ។
 
បើតាមលោក Michael Weiss កីឡាករឡាវ នឹងរក្សាទម្រង់លេងដូចដើម បើទោះជាគូប្រកួតខ្លាំងក៏ដោយ ។​« យើង នឹងជួបគូប្រកួតដែលខ្លាំង ប៉ុន្ដែយើង ត្រូវតែរក្សាជំហរវិជ្ជមាន» ។ លោក Michael Weiss អះអាងបែបនេះ។
 
ដោយឡែកក្រុមជម្រើសជាតិថៃ មានការពិបាកខ្លះ ដោយសារមិនមានពេលសម្រាកគ្រប់គ្រាន់ បន្ទាប់ពីការប្រកួតជាមួយ វៀតណាម កាលពីថ្ងៃទី២២ ខែកុម្ភៈ។ តែក្រុមរហស្សនាមដំរីមួយនេះ តែងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតនានា ។ នេះបើតាមការបញ្ជាក់របស់លោក Salvador Garcia គ្រូជម្រើសជាតិថៃ ។
 
គ្រូជម្រើសជាតិថៃរូបនេះ មិនបានសង្កត់ធ្ងន់ទៅលើបញ្ហាបច្ចេកទេស ឬការព្យាបាលណាមួយ សម្រាប់កីឡាករ ដែលមានរបួសពីការប្រកួតទេ ដោយសារថៃ មានពេទ្យព្យាបាល ដែលអាចទុកចិត្តបាន ប៉ុន្ដែ លោក Salvador Garcia បានបារម្មចំពោះបញ្ហាកូវីដ-១៩ ។ «ការប្រកួតជាមួយឡាវ ជម្រើសជាតិថៃ មិនមានការព្រួយបារម្ភឡើយ បើប្រៀបទៅនិងការព្រួយបារម្ភពីបញ្ហាកូវីដ-១៩ »។ នេះបើតាមគ្រូជម្រើសជាតិថៃ។
 
ថៃ ត្រូវប៉ះជាមួយ ឡាវ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៤:០០ រសៀល ថ្ងៃទី២៤ ខែកុម្ភៈ​ មុនពេល ទីម័រខាងកើត ត្រូវប្រកួតជាមួយ វៀតណាម នាម៉ោង៧ យប់៕ 
 

Tag:
 បាល់ទាត់
  AFF U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com