ជាតិ
ស៊ីម៉ាក់បង្កើត App «CMAC Helps» ដាក់ឲ្យពលរដ្ឋរាយការណ៍ពីគ្រាប់មីនមិនទាន់ផ្ទុះ
24, Feb 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់ បានបង្កើត App មួយឈ្មោះថា «CMAC Helps» ដើម្បីបង្កើនភាពងាយស្រួលដល់ពលរដ្ឋ រាយការណ៍នៅពេលប្រទះគ្រាប់មីន ឬសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

 
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានៅថ្ងៃទី២៤ កុម្ភៈនេះ បានឱ្យដឹងថា ប្រព័ន្ធ App «CMAC Helps» នេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី១ខែមីនាខាងមុខ។ ពលរដ្ឋ អាចថតរូបគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬផ្តល់ទីតាំងដែលប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ រួចផ្ញើមកអង្គភាពស៊ីម៉ាក់។  ក្រុមការងារ CMAC នឹងឆ្លើយតប ឬទំនាក់ទំនងបន្ទាន់។ 
 
នៅក្នុងលិខិតអបអរខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រូវបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ជាង២ ០០០គីឡូម៉ែត្រការ៉េទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ តាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ក្នុងចំណោមផ្ទៃដីទាំងនោះ ផ្ទៃដីមានមីន ដែលត្រូវបោសសម្អាតមានចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការ៉េ។
 
ប្រមុខរដ្ឋាភិបាល បានបន្ថែមទៀតថា ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះ នៅតាមសហគមន៍ដែលយើងត្រូវតែយកចិត្តទុកដាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួន យកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។
 
គិតចាប់ពីឆ្នាំ១៩៩ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំ ២ ៣២៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ ជាមួយគ្នានេះ មីនប្រឆាំងរថក្រោះចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ចំនួនជនរងគ្រោះដោយសារមីន ក៏បានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១កន្លងទៅ៕ 
 
 
 

Tag:
 ស៊ីម៉ាក់
 គ្រាប់មីនមិនទាន់ផ្ទុះ
© រក្សាសិទ្ធិដោយ thmeythmey.com