កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធ Benfica បង្ហាញសញ្ញាគាំទ្រអ៊ុយក្រែន ក្រោយស៊ុតតាមស្មើ Ajax ២-២ នៅ UCL
24, Feb 2022 , 8:29 pm        
រូបភាព
Roman Yaremchuk ខ្សែប្រយុទ្ធ Benfica អបអរគ្រាប់បាល់តាមស្មើ Ajax Amsterdam ដោយបង្ហាញរូបតំណាងការគាំទ្រអ៊ុយក្រែន ដែលជាប្រទេសកំណើតរបស់ខ្លួន ក្នុងការប្រកួត UEFA Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។ Yaremchuk ធ្វើបែបនេះ ស្របពលភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីកំពុងឡើងកំដៅខ្លាំង។


នាជំនួបវគ្គ១៦ក្រុម នៅរាត្រីថ្ងៃទី២៣ ខែកុម្ភៈ Yaremchuk ជាអ្នកស៊ុតគ្រាប់បាល់ចុងក្រោយ ដើម្បីជួយ Benfica តាមស្មើក្រុមភ្ញៀវ Ajax ក្នុងលទ្ធផល ២-២។ អ្វីដែលគួរភ្ញាក់ផ្អើល ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ បានអបអរគ្រាប់បាល់របស់ខ្លួន ដោយដោះអាវបង្ហាញសញ្ញាត្រីភាគី ដែលតំណាងការគាំទ្រប្រទេសអ៊ុយក្រែន ដែលកំពុងមានបញ្ហាជាមួយរុស្ស៊ី។
 
ការបង្ហាញសញ្ញាគាំទ្ររបស់ Yaremchuk លើប្រទេសខ្លួនអ៊ុយក្រែន កើតឡើងចំពេលកម្តៅនយោបាយកាន់តែកើនឡើងខ្លាំង រហូតប្រឈមសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី។ បញ្ហានេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រកាសទទួលស្គាល់ស្គាល់តំបន់ដាច់ចេញពីគ្នាចំនួន២ នៅអ៊ុយក្រែនជារដ្ឋឯករាជ្យ ដែលបស្ចិមលោក និងបណ្តាប្រទេសមួយចំនួនចាត់ទុកទង្វើនេះ ជាការបំពានច្បាប់អន្តរជាតិ និងមិនគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ។
 
ជុំវិញការបង្ហាញសារបែបនយោបាយក្នុងកីឡារបស់ Yaremchuk នៅមិនទាន់មានស្ថាប័នកីឡាណាដូចជាសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ដាក់ពិន័យឬក៏អត់នោះទេ។ 
 
ជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌកំពូលអឺរ៉ុប Ajax នឹងត្រូវទទួល Benfica វិញនៅថ្ងៃទី១៥ ខែមីនា៕
 

Tag:
 Roman Yaremchuk
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com