ជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ស្នើឱ្យកម្ពុជា ជួយប្រើប្រាស់ដូងប្រេង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣
24, Feb 2022 , 7:59 pm        
រូបភាព
(ឆ្វេង) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២៤ កុម្ភៈ ២០២២ នៅវិមានសន្តិភាព។
(ឆ្វេង) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២៤ កុម្ភៈ ២០២២ នៅវិមានសន្តិភាព។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) បានស្នើឱ្យសម្ដេច ហ៊ុន សែន ជួយគាំទ្រផលិតផលដូងប្រេងម៉ាឡេស៊ី ។ ជាពិសេសនៅក្នុងអំឡុងពេលរៀបចំការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។


សម្ដេច ហ៊ុន សែន ទទួលយកសំណើរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលស្នើសុំឱ្យកម្ពុជា ជួយទិញដូងប្រេងបន្ថែមនេះ។ ថ្លែងក្នុងសន្និសីទកាសែត ក្រោយជំនួបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ កុម្ភៈ សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«ឯកឧត្តមនាយករដ្ឋមន្ត្រី (ម៉ាឡេស៊ី) បានធ្វើការអំពាវនាវ សម្រាប់កម្ពុជាប្រើប្រាស់ដូងប្រេងរបស់ម៉ាឡេស៊ី នៅក្នុងស៊ីហ្គេម នៅឆ្នាំ២០២៣ ។ ហើយយើងបានគាំទ្រ»។
 
ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យលោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ដូងប្រេងរបស់ម៉ាឡេស៊ី ដើម្បីបញ្ជាទិញផលិតផលនេះ។ «តាមពិតទៅប្រទេសរបស់យើង បានប្រើប្រាស់ដូងប្រេងរបស់ម៉ាឡេស៊ីច្រើនរួចមកហើយ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
ដូងប្រេងត្រូវបានដាំដំបូងនៅម៉ាឡេស៊ីដោយជនជាតិអង់គ្លេស នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨០០ ដោយធ្វើជាដើមឈើលម្អ ប៉ុន្តែដោយសារវាមានតម្លៃថោក និងមានអត្ថប្រយោជន៍ច្រើន ដូងប្រេងត្រូវបានយកមកធ្វើជាអាជីវកម្ម។ 
 
អាជីវកម្មនេះបានជួយសង្គ្រោះប្រជាជនម៉ាឡេស៊ីរាប់លាននាក់ចេញពីភាពក្រីក្រ។ ប៉ុន្តែឧស្សាហកម្មដូងប្រេង តម្រូវឱ្យមានការឆ្ការដី ដើម្បីយកដាំដូងប្រេង ធ្វើឱ្យករណីបំផ្លាញព្រៃឈើចេះតែកើនឡើងឥតឈប់ឈរ បើទោះបីជា ក្រុមហ៊ុនធំៗបានសន្យាថានឹងបញ្ឈប់សកម្មភាពក៏ដោយ។
 
ដូងប្រេងផលិតប្រេងបានច្រើនជាងដំណាំផលិតប្រេងផ្សេងទៀតពី ៤ ទៅ ១០ដងក្នុងមួយឯកតា សម្រាប់ដីដាំដុះ។ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាអ្នកដាំដូងប្រេងធំជាងគេ ដែលមានចំណែកប្រហែល ៩០ភាគរយនៃទិន្នផលសរុបក្នុងពិភពលោក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក៏បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។
 
ទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % ធៀបនឹងឆ្នាំ២០២០ ដែលមានទំហំ៤៤២លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ម៉ាទ្បេស៊ី ក៏ឈរ ចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិក អាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ។ ក្នុងនោះម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុប ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០៕
 

Tag:
 ដូងប្រេង
  ម៉ាឡេស៊ី
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com