អន្តរជាតិ
មានការលេចធ្លាយទិន្នន័យអតិថិជនធនាគារ Credit Suisse ជាង៣ម៉ឺននាក់
24, Feb 2022 , 10:29 pm        
រូបភាព
ស្លាក​សញ្ញា​ធនាគារ Credit Suisse របស់​ស្វីស ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ រ៉យទ័រ
ស្លាក​សញ្ញា​ធនាគារ Credit Suisse របស់​ស្វីស ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ រ៉យទ័រ
ដោយ: VOA
ទីក្រុងប៊ែរឡាំង អាល្លឺម៉ង់ -សារព័ត៌មានអាល្លឺម៉ង់មួយនិងបណ្តាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនកាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ បានផ្សាយព័ត៌មានអំពីការលេចធ្លាយទិន្នន័យរបស់ធនាគារ Credit Suisse ដែលជាធនាគារស្វីសធំជាងគេទី២។

 
វាគឺជាការលេចធ្លាយព័ត៌មានលម្អិតនៃគណនីរបស់អតិថិជនជាង៣ម៉ឺននាក់ ហើយទិន្នន័យមួយចំនួនមានលក្ខណៈមិនសមរម្យ ហើយហេតុដែលនាំឱ្យមានការលេចធ្លាយនេះប្រហែលជាបណ្តាលមកពីក្រុមសវនករពុំបានពិនិត្យព័ត៌មានអតិថិជនឲ្យបានលម្អិត។
 
ធនាគារ Credit Suisse បានប្រកាសជូនដំណឹងថា៖ «ធនាគារសូមបដិសេធទាំងស្រុងលើការចោទប្រកាន់ និងការពោលបញ្ឆិតបញ្ឆៀងទាំងឡាយដែលចោទថាវាជាទង្វើចេតនារបស់ធនាគារ»។
 
សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃរបស់អាល្លឺម៉ង់ឈ្មោះ Sueddeutsche Zeitung បានផ្សាយថា ខ្លួនធ្លាប់ទទួលទិន្នន័យអនាមិកតាមប្រអប់សារអ៊ីមែលសុវត្ថិភាពអស់រយៈពេលជាងមួយឆ្នាំមកហើយ។ សារព័ត៌មានដដែលនេះបានបន្តថា គេមិនប្រាកដទេថាតើប្រភពទិន្នន័យទាំងអស់នេះចេញពីបុគ្គលតែម្នាក់ ឬពីក្រុមណាមួយឡើយ ហើយសារព័ត៌មាននេះមិនបានចំណាយប្រាក់ ឬសន្យាផ្តល់ប្រាក់សម្រាប់ទិន្នន័យនោះទេ។
 
សារព័ត៌មានអាល្លឺម៉ង់មួយនេះបានបញ្ជាក់ថា ខ្លួនបានវិភាគទិន្នន័យទាំងនោះ ដែលមានទិន្នន័យចាប់តាំងពីទសវត្សរ៍១៩៤០រហូតមកទល់ទសវត្សរ៍ចុងក្រោយនេះ និងក៏កំពុងធ្វើការក្នុងគម្រោងបទរាយការណ៍ព័ត៌មានស្តីពីឧក្រិដ្ឋកម្មដែលមានការគ្រោងទុកមុននិងអំពើពុករលួយ និងមានដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរាប់សិបទៀត ដូចជាសារព័ត៌មាន The New York Times និង The Guardian ជាដើម។
 
សារព័ត៌មានអាល្លឺម៉ង់នេះបានឲ្យដឹងថា ទិន្នន័យបានបង្ហាញថា ធនាគារនេះបានទទួលយក«បណ្តាអ្នកដឹកនាំផ្តាច់ការពុករលួយ ជនសង្ស័យជាឧក្រិដ្ឋជនសង្គ្រាមនិងការជួញដូរមនុស្ស ក្រុមអ្នកជួញដូរគ្រឿងញៀន និងឧក្រិដ្ឋជននានា»ជាអតិថិជនរបស់ខ្លួន។
 
ធនាគារ Credit Suisse បកស្រាយថា ការចោទប្រកាន់នេះមានលក្ខណៈ«ផ្អែកតាមអតីតកាល» ហើយថាគណនីដែលមានបញ្ហាគ្រាន់តែជាផ្នែកតូចមួយ មិនត្រឹមត្រូវ ឬគ្រាន់តែជាព័ត៌មានមួយជ្រុងតែប៉ុណ្ណោះ ដែលការណ៍នេះធ្វើឱ្យមានការបកស្រាយលម្អៀងចំពោះកិច្ចប្រតិបត្តិការរបស់ធនាគារ។
 
ធនាគារនេះបានបន្តបកស្រាយថា ខ្លួនបានពិនិត្យផ្ទៀងផ្ទាត់គណនីជាច្រើនដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់កន្លងមក ហើយ៩០ភាគរយនៃគណនីទាំងនោះបានបិទ ឬកំពុងស្ថិតក្នុងដំណាក់កាលបិទមុនពេលមានការសាកសួរពីក្រុមសារព័ត៌មាន ដែលក្នុងនោះគណនីជាង៦០ភាគរយបានបិទតាំងពីមុនឆ្នាំ២០១៥មកម្ល៉េះ។
 
ចំពោះគណនីដែលនៅសេសសល់ដែលកំពុងប្រតិបត្តិការ ធនាគារបកស្រាយថា៖ «វាជារឿងធម្មតាទេ យើងនឹងមានក្រុមសវនករ ពិនិត្យផ្ទៀងផ្ទាត់ និងដាក់វិធានការត្រួតពិនិត្យក្នុងក្របខណ្ឌប្រព័ន្ធបច្ចុប្បន្នទាំងស្រុងតែម្តង»។ ធនាគារក៏បានបញ្ជាក់ថា៖ ច្បាប់ពុំអនុញ្ញាតឱ្យធនាគារបង្ហាញពី«ទំនាក់ទំនងរបស់អតិថិជនណាមួយឡើយ»។
 
ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសស្វីសបានខិតខំស្តារមុខមាត់ខ្លួនដែលគេចាត់ទុកថាជាឋានសួគ៌នៃការគេចពន្ធ ការលាងលុយកខ្វក់ និងការលួចបន្លំថវិការដ្ឋ ដែលការណ៍នេះកើតមានដោយសារតែមិនអនុវត្តច្បាប់រក្សាការសម្ងាត់របស់ធនាគារ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានការរិះគន់លើច្បាប់ទាំងអស់នោះដដែល។
 
សារព័ត៌មាន Sueddeutsche Zeitung ក៏បានចេញផ្សាយសេចក្តីស្រង់ព័ត៌មាននេះចេញពីប្រភពនៃព័ត៌មានលេចធ្លាយផងដែរ។
 
សារព័ត៌មានខាងលើបានសរសេរថា៖ «យើងជឿថាច្បាប់រក្សាការសម្ងាត់របស់ធនាគារស្វីសពុំទាន់សមស្របនៅឡើយទេ។ ការយកលេសការពារសិទ្ធិឯកជនគ្រាន់តែជាខែលល្អមើលបិទបាំងតួនាទីដ៏អាម៉ាស់របស់ធនាគារស្វីសដែលដើរតួជាអ្នកជួយសម្រួលជនគេចពន្ធតែប៉ុណ្ណោះ»៕
ប្រែសម្រួលដោយលោក កោះ សុគន្ធី
 

© រក្សាសិទ្ធិដោយ thmeythmey.com