កីឡាជាតិ
ជាតិ
AFF U23៖ វៀតណាមថា «នឹងប្រយុទ្ធដល់ទីបញ្ចប់» ទោះប្រឈមខ្វះកីឡាករក្តី
24, Feb 2022 , 5:59 pm        
រូបភាព
ការហ្វឹកហាត់មុនប្រកួត របស់ជម្រើសជាតិវៀតណាម រូបពី VFF
ការហ្វឹកហាត់មុនប្រកួត របស់ជម្រើសជាតិវៀតណាម រូបពី VFF
លោក Dinh The Nam គ្រូជម្រើសជាតិវៀតណាម នៅតែរក្សាគោលជំហរ ក្នុងការដណ្ដើមយកជើងឯក AFF U23 Championship 2022 បើទោះជាកីឡាកររបស់ខ្លួន បានចូលសម្រាកព្យាបាលកូវីដ-១៩ ជាបន្ដបន្ទា​ប់ ដែលនាំឱ្យក្រុមនាគមាសមួយនេះ ប្រឈមមុខខ្វះកីឡាករ ។


លោក Dinh The Nam ថា ជម្រើសជាតិវៀតណាម នឹងប្រយុទ្ធដល់ទីបញ្ចប់នៃព្រឹត្តិការណ៍នេះ ។ គ្រូជម្រើសជាតិវៀតណាមរូបនេះ ជឿជាក់ថា ក្រុមខ្លួន ច្បាស់ជាឈ្នះទីម័រខាងកើត ។

តាមរយៈហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់ជាតិវៀតណាម បានស្រង់សម្តីលោក Dinh ថា៖«យើងដឹងពីស្ទីល ស្មារតី និងភាពខ្លាំងរបស់ទីម័រ ដូច្នេះយើង នឹងត្រៀមខ្លួនសម្រាប់ពួកគេ»។ 


ការហ្វឹកហាត់មុនប្រកួត របស់ជម្រើសជាតិវៀតណាម រូបពី VFF

ឈានដល់វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រនេះ  វៀតណាម មានតែកីឡាករ ១០នាក់ សម្រាប់ហ្វឹកហាត់នៅទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ខណៈ ៤រូបទៀត ដល់កម្ពុជា បាន​នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
 
ជម្រើសជាតិវៀតណាម ៤រូបទៀត ដែលត្រូវមកកម្ពុជា រួមមាន Tran Liem Aar , Vo Nguyen Hoang, Ho Khac Luong និង Doan Anh Viet ដែលជំនួសកីឡាករ ៤រូប Trinh Xuan Hoang, Mai Xuan Quyet, Nguyen Quoc Viet និង Le Thanh Lam ។ 
 
សម្រាប់ការប្រកួតជាមួយវៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ទីម័រខាងកើត ក៏បានត្រៀមខ្លួនរួចហើយដែរ ។ លោក Bruno Maciel គ្រូបង្គោលជម្រើសជាតិទីម័រ បានិយាយថា៖«ស្ថានភាព និងលទ្ធផល ទុកឲ្យការប្រកួតនៅលើទីលានជាអ្នកសម្រេច» ។ 
  

ការហ្វឹកហាត់មុនប្រកួត របស់ជម្រើសជាតិវៀតណាម រូបពី VFF

គ្រូជម្រើសជាតិទីម័ររូបនេះ បានបន្ថែមថា ជម្រើសជាតិផ្សេងៗទៀត រួមទាំងទីម័រផងនោះ សុទ្ធតែមានកីឡាករវ័យក្មេងៗ ហើយមានសមត្ថភាពខ្លាំង ដោយមិនមែនមានតែវៀតណាមមួយនោះទេ ។
 
គួរបញ្ជាក់ដែរថា វៀតណាម ត្រូវប្រកួតជាមួយ ទីម័រខាងកើត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង៧:៣០ យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពី ថៃ ត្រូវប៉ះជាមួយ ឡាវ នៅម៉ោង៤:០០ រសៀល ៕ 
 

Tag:
 បាល់ទាត់
  AFF U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com