ជាតិ
រថយន្ត
កម្ពុជា គ្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នៅខែវិច្ឆិកាខាងមុខ
25, Feb 2022 , 7:59 am        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី និងប្រតិភូក្រុមហ៊ុន IA កាលពីថ្ងៃទី២៣ កុម្ភៈ។ រូបថត៖ ហ្វេសប៊ុកក្រសួង​
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី និងប្រតិភូក្រុមហ៊ុន IA កាលពីថ្ងៃទី២៣ កុម្ភៈ។ រូបថត៖ ហ្វេសប៊ុកក្រសួង​
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ក្នុងខែវិច្ឆិកាខាងមុខ ដោយគម្រោងនេះសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី។ តាមក្រសួងសាធារណការ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញ ឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងរួមចំណែកជំរុញការធ្វើសមាហរណកម្មភស្តុភារកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។

 
កម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញ (PPLC) ដែលមជ្ឈមណ្ឌលនេះ ត្រូវបានក្រសួងសាធារណការ គ្រោងបើកការដ្ឋានសាងសង់ នៅខែវិច្ឆិកាខាងមុខ។ គម្រោងសាងសង់នេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុ Infrastructure Asia (IA) នាថ្ងៃទី២៣ កុម្ភៈកន្លងទៅ។ ក្រសួងសាធារណការ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ជំនួបនេះគោលបំណងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងIA និងក្រសួងសាធារណការ និងរាយការណ៍ពីវឌ្ឍនភាព នៃការសិក្សាលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) ជូនរដ្ឋមន្ត្រីក្រសួងសាធារណការ។


លោកស្រីLay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា(ឆ្វេង)លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន(ស្តាំ) ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ កុម្ភៈ។ រូបថត៖ ហ្វេសប៊ុកក្រសួង

 លោក Lavan Thiru នាយកប្រតិបត្តិ IA បានឱ្យដឹងក្នុងជំនួបនេះថា បច្ចុប្បន្ន ការសិក្សាលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រេចបានប្រមាណ៥០ភាគរយហើយ។ ការសិក្សាគ្រោងបញ្ចប់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២២ ហើយនឹងដាក់ជូនក្រសួងសាធារណការ  និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសម្រេច។
 
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ សាទរចំពោះវឌ្ឍនភាពនៃការសិក្សានេះ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ខ្លួនរង់ចាំមើលលទ្ធផលសិក្សានេះ នៅក្នុងខែមេសា ដើម្បីឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនេះ តាមផែនការដែលបានគ្រោងទុក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ដ្បិតតែមិនទាន់កំណត់ទីតាំងនៃការសង់មជ្ឈមណ្ឌលនេះ តែក្រសួងសាធារណការ បានគូសបញ្ជាក់ថា PPLC ជាគម្រោងដឹកជញ្ជូនយុទ្ធសាស្ត្រ មានទីតាំងស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា អាចផ្តល់ការគាំទ្រដល់បណ្តាញចែកចាយទំនិញ និងបណ្តាញតភ្ជាប់គ្រប់មធ្យោបាយដឹកជញ្ជូន ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។
 
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើឱ្យក្រុមហ៊ុនIA ពិនិត្យលទ្ធភាព ចូលរួមក្នុងភាពជាដៃគូជាមួយក្រសួង ដើម្បីរៀបចំដាក់ឱ្យដំណើរការគម្រោងប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ផែនការមេនៃគម្រោងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែរីកចម្រើន។


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី និងប្រតិភូក្រុមហ៊ុន IA កាលពីថ្ងៃទី២៣ កុម្ភៈ។ រូបថត៖ ហ្វេសប៊ុកក្រសួង​

សូមជម្រាបជូនថា កិច្ចព្រមព្រៀងក្របខណ្ឌ លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និងក្រុមហ៊ុន IA របស់សិង្ហបុរី ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់និងចាំបាច់ ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញ ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស និងរួមចំណែកក្នុងការជំរុញការធ្វើសមាហរណកម្មភស្តុភារកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក៕
 

Tag:
 ស៊ុន ចាន់ថុល
  ភស្តុភាកម្ម
  ដឹកជញ្ជូន
 ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com