ជាតិ
ប្រើពេល៣ថ្ងៃ កញ្ញា សូ ដាវី លក់ឪឡឹកជាង៦តោន ក្រោយបង្ហោះលើហ្វេសប៊ុក
25, Feb 2022 , 8:59 am        
រូបភាព
កញ្ញា សូ ដាវី ជាម្ចាស់ចម្ការឪឡឹកពណ៌លឿង ជាង៤ហិកតា នៅខេត្តតាកែវ។ រដូវកាលប្រមូលផលឆ្នាំនេះ កញ្ញា បានបង្ហោះលក់ឪឡឹកលើហ្វេសប៊ុក ដ្បិតគ្មានឈ្មួញមកបញ្ជារទិញ។ ត្រឹមរយៈពេល៣ថ្ងៃ កញ្ញា អាចលក់ឪឡឹកអស់ជាង៦តោន។



នេះជាលើកទី១ ដែលកញ្ញា សូ ដាវី បង្ហោះលក់ឪឡឹកពីចម្ការខ្លួន លើបណ្ដាញសង្គម។ កញ្ញា បានលើកឡើងថា ជារៀងរាល់ឆ្នាំ កៀកពេលប្រមូលផលតែងមានឈ្មួញមកបញ្ជាទិញដល់ចម្ការ ខណៈឆ្នាំនេះស្ងាត់។ «និយាយទៅយើងអត់ដែលពិបាកទេ ឱ្យតែមានគេប្រមូលទិញអស់ៗពីចម្ការហ្មង។ តែឥឡូវ ប្រហែលគេមិនហ៊ានយកទៅលក់ព្រោះកូវីដ-១៩ក៏មិនដឹង។ អ៊ីចឹងយើងប្រមូលផលមកហើយវាចាល់ អត់អ្នកទិញ»។ នេះជាការអះអាងរបស់កញ្ញា សូ ដាវី ដែលបន្តថា ក្រោយជួបបញ្ហាដូច្នេះ កញ្ញា ក៏សាកល្បងបង្ហោះលក់លើហ្វេសប៊ុក ហើយអតិថិជនចាប់អារម្មណ៍ទិញច្រើន។
  

រូបភាពពីហ្វេសប៊ុក កញ្ញា សូ ដាវី

កញ្ញា សូ ដាវី បានបង្ហោះលក់ឪឡឹកពណ៌លឿង លើហ្វេសប៊ុកខ្លួន ឈ្មោះ So Davy ហើយក្នុងមួយថ្ងៃ កញ្ញា អាចលក់ឪឡឹកពណ៌លឿងនេះ បានប្រមាណជាង១តោន។ ប្រើពេលត្រឹម៣ថ្ងៃ កញ្ញា លក់ឪឡឹកបានជាង៦តោន អស់ពីចម្ការតែម្ដង។ «ខ្ញុំអត់នឹកស្មានថាលក់ដាច់អ៊ីចឹងទេ។ ឪឡឹក៦តោនខ្ញុំលក់តែ៣ថ្ងៃ។ ឥឡូវអស់ឪឡឹកលក់ហើយ បើមានភ្ញៀវទិញទៀត ឱ្យគាត់ចាំប្រមូលលើកក្រោយ ប្រហែល១សប្ដាហ៍ទៀត»។ នេះបើតាមម្ចាស់ចម្ការឪឡឹក នៅក្នុងទឹកដីខេត្តតាកែវ។
 
ឪឡឹកពណ៌លឿង របស់កញ្ញា សូ ដាវី លក់ចេញតម្លៃ៣៥០០រៀលក្នុងមួយគីឡូក្រាម ហើយអតិថិជនភាគច្រើនបញ្ជាម្នាក់១០-២០គីឡូក្រាម ។ រាល់ពេលមានអតិថិជនបញ្ជាទិញតាមអនឡាញនោះ កញ្ញា ដាវី ត្រូវផ្ញើឪឡឹកតាមឡានដាក់ឱ្យភ្ញៀវតាមបណ្ដាខេត្តនានា និងរាជធានីភ្នំពេញ។ 
  

រូបភាពពីហ្វេសប៊ុក កញ្ញា សូ ដាវី

ម្ចាស់ចម្ការវ័យ២៩ឆ្នាំរូបនេះអះអាងថា បើសិនជាមានអតិថិជនបញ្ជាទិញច្រើនទៀត ហើយចម្ការរបស់កញ្ញា ផ្គត់ផ្គង់មិនគ្រប់នោះ កញ្ញា នឹងប្រមូលទិញពីកសិករផ្សេងៗទៀតក្នុងសហគមន៍ខ្លួន ដើម្បីជួយរកទីផ្សារដល់ពួកគេ៕
 

Tag:
 ឪឡឹក
© រក្សាសិទ្ធិដោយ thmeythmey.com