ជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ឯកភាពបង្កើតសម្ព័ន្ធមេត្រីភាព ក្រុងព្រះសីហនុ និងសៀមរាប ជាមួយក្រុងនានា នៅម៉ាឡេស៊ី
24, Feb 2022 , 4:42 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុ អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) ព្រឹកថ្ងៃទី២៤ កុម្ភៈ ២០២២​ នៅវិមានសន្តិភាព។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុ អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) ព្រឹកថ្ងៃទី២៤ កុម្ភៈ ២០២២​ នៅវិមានសន្តិភាព។
ក្រុងព្រះសីហនុ និងសៀមរាប ត្រូវបានជ្រើសរើសជាទីតាំងបង្កើតសម្ព័ន្ធមេត្រីភាព ជាមួយក្រុងនានា នៅម៉ាឡេស៊ី ដើម្បីជំរុញដល់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុ អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) បានឯកភាពគ្នានៅក្នុងចំណុចនេះ ក្នុងជំនួបពិភាក្សា នាព្រឹកថ្ងៃទី២៤ កុម្ភៈ នៅវិមានសន្តិភាព។


ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពជំរុញបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងទំនាក់ទំនងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញការស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។ «ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពគ្នាក្នុងពិនិត្យលទ្ធភាពបង្កើតឱ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងព្រះសីហនុ និងសៀមរាប ជាមួយទីក្រុងនានា នៅម៉ាឡេស៊ីផងដែរ»។ នេះបើតាមសេចក្តីការណ៍រួមរវាងភាគីទាំងពីរ ។
 
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ការងារ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបាននូវការរីកចម្រើន ប្រកបដោយសុខមាលភាព រយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរ។
 
បន្ថែមពីនេះប្រមុខរដ្ឋាភិបាលទាងពីរ បានជំរុញឱ្យធុរជន និងវិនិយោគិន ស្វែងរកកាលានុវត្តភាពបន្ថែម លើឱកាសអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសទាំងពីរ តាមរយៈកិច្ចព្រមព្រៀងស្តីពីការចៀសវាងយកពន្ធត្រួតស៊ីគ្នា និងបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធលើប្រាក់ចំណូល ដែលចូលជាធរមាន កាលពីថ្ងៃ ១ មករា ២០២១ កន្លងមក។ ជាពិសេសច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្ដល់ក្របខណ្ឌច្បាប់ដោយចំហ មានតម្លាភាព អាចព្យាករណ៍បាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។
 
ត្រង់ចំណុចនេះលោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បាននិយាយថា ម៉ាឡេស៊ី ចាប់អារម្មណ៍លើកិច្ចសហការផ្នែកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Security ) នៅកម្ពុជា។
 
ទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % ធៀបនឹងឆ្នាំ២០២០ ដែលមានទំហំ៤៤២លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ម៉ាទ្បេស៊ី ក៏ឈរ ចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិក អាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ។ ក្នុងនោះម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុប ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០៕
 

Tag:
 ហ៊ុន សែន
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com