កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានលីគកំពូលអាម៉េរិក ឆ្លើយតបទៅ Neymar៖ «យើងមិនត្រូវការនាំកីឡាករដែលមានឈ្មោះល្បី មកបញ្ចប់អាជីពនៅទីនេះទេ»
25, Feb 2022 , 8:29 am        
រូបភាព
លីគបាល់ទាត់កំពូល Major league Soccer មិនត្រូវការនាំកីឡាករដែលមានឈ្មោះល្បីលើពិភពលោក មកលេងដើម្បីសម្រាប់ការចូលនិវត្តន៍របស់ពួកគេឡើយ។ នេះជាសម្តីរបស់ លោក Don Garber ប្រធានលីគកំពូលអាម៉េរិក ដែលឆ្លើយតបទៅនឹងការលើកឡើងរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar។


ខ្សែប្រយុទ្ធឆ្នើម Neymar JR ប្រចាំក្លិប Paris Saint Germain បាននិយាយកាលពី ២២ខែកុម្ភៈថា រូបគេមានបំណងលេងនៅលីគកំពូលអាម៉េរិក ជាងលេងនៅប្រទេសកំណើតប្រេស៊ីល មុនពេលដល់អាយុចូលនិវត្តន៍ ព្រោះលីគនេះ មានរយៈពេលខ្លីនឹងពេលសម្រាកបានដល់ទៅ៣ខែ ។ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ កំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្រុមអ្នកមានបារាំង PSG រហូតដល់ឆ្នាំ ២០២៥ ។
 
មូលហេតុនេះ ហើយដែលនាំឱ្យលោក Don Garber ប្រធានលីគកំពូលអាម៉េរិក បង្ហាញប្រតិកម្មយ៉ាងខ្លាំង។«យើងមិនត្រូវការនាំកីឡាករដែលមានឈ្មោះល្បីខ្លាំងៗមកបញ្ចប់អាជីពនៅទីនេះឡើយ ព្រោះតែការសម្រេចចិត្តចង់ចូលនិវត្តន៍របស់ពួកគេទាំងនេះ ពួគគេក៏ចង់មកលីគ MLS ដោយសារបែបនេះ។»លោក Garber និយាយប្រាប់អ្នកកាសែតបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះលោក Garber ក៏បានអះអាងបន្ថែមថា Major League Soccer ជ្រើសរើសកីឡាករមកលេងនៅក្នុងលីគ តាំងពីដំណាក់កាលដំបូងតែម្តង សម្រាប់អាជីពរបស់ពួកគេ។
 
ក្នុងឆ្នាំ ២០២២ នេះក្លិបស្ថិតក្នុងលីគ MLS របស់អាមេរិកមួយចំនួន បានចុះកិច្ចសន្យាកីឡាករដែលមកពីលីគតំបន់អឺរ៉ុប ដូចជា កីឡាករ Lorenzo Insigne បានត្រៀមចុះកិច្ចសន្យាជាមួយក្រុម Toronto FC ក្រោយចប់កិច្ចសន្យាជាមួយក្រុម Napoli របស់អ៊ីតាលី។ កីឡាករ Xherdan Shaqiri របស់ស្វីសដែលមានវ័យ៣០ឆ្នាំក៏បានចូលរួមជាមួយក្លិប Chicago Fire ក្នុងរដូវកាលនេះ៕
 
 

Tag:
 Neymar JR
  Major League Soccer
© រក្សាសិទ្ធិដោយ thmeythmey.com