ជាតិ
អភិបាលខេត្តព្រះសីហនុ ហាមអ្នកនេសាទធ្វើដំណើរតាមសមុទ្រ ដោយសារខ្យល់កន្រ្តាក់ខ្លាំង
25, Feb 2022 , 9:29 am        
រូបភាព
ដោយ៖ ហេង ស្រីលីន

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើសុំឱ្យសម្ថតកិច្ចជំនាញ និងអាជ្ញាធរទាំងអស់​ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានស្ថានការណ៍ ទៅលើអាកាសធាតុដែលមាន រលកបោកបក់នៅក្នុងសមុទ្រ។ ជាមួយគ្នានេះ​ លោកក៏បានអំពាវនាវឱ្យប្រជាអ្នកនេសាទ និងអ្នកដឹកភ្ញៀវទេសចរ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ផងដែរ។

 
តាមសារសម្លេងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវឱ្យ សមត្ថកិច្ច មន្ទីរអង្គភាព និងកងប្រដាប់អាវុធទាំងអស់ ដែលពាក់ព័ន្ធត្រូវបង្កើនការយកទុកដាក់ដល់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតត្រូវពិនិត្យមើល ស្ថានភាពជាក់ស្តែង លើការធ្វើដំណើររបស់ភ្ញៀវទេសចរ ដោយត្រូវបំពាក់សម្ភារៈជួយសង្រ្គោះ​ ទើបអនុញ្ញាតឱ្យធ្វើដំណើរ។
 
អភិបាលខេត្តរូបនេះ ថ្លែងដូច្នេះ៖ «​ត្រូវតាមដានកម្រិតខ្យល់ខ្ពស់បំផុត ដោយមិនអាចធ្វើដំណើរបានទេ!សូមឱ្យមានការដាក់បំរាម និងពន្យាពេលចេញដំណើរដើម្បីធានាសុវត្ថិភាព ដល់បងប្អូនអ្នកធ្វើដំណើរតាមទូកសមុទ្រ។ ម្យ៉ាងចំពោះបងប្អូននេសាទទាំងអស់ ត្រូវខិតខំ និងចូលរួមផ្សព្វផ្សាយដល់សហគមន៍នេសាទ តាមរយៈក្រុមគ្រួសារ ដើម្បីជូនដំណឹងទៅដល់បងប្អូននៅឯលំហសមុទ្រ ឆ្នេរកោះនានា ដែលរងដោយខ្យល់បក់ខ្លាំង។»
 
លោក គួច ចំរើន បានបន្ថែមថា សម្រាប់អ្នកដំណើរត្រៀមចេញដំណើរលើសមុទ្រ សុំឱ្យផ្អាកមួយរយៈពេលសិន ដើម្បីតាមដានអាកាសធាតុឱ្យបានជាក់ច្បាស់ពីសុវត្ថិភាព ទើបអាចបន្តការនេសាទ និងធ្វើដំណើរបន្តទៀត និងត្រូវយកចិត្តទុកដាក់ឱ្យបានគ្រប់ៗគ្នា។
 
 
សូមរម្លឹកថា ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា កម្ពុជានឹងទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើងប្រទេសចិន ក្នុងកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងចុះត្រជាក់ចន្លោះពី១៧ទៅ១៩ អង្សា និងតំបន់ខ្លះអាចមានភ្លៀងដោយអន្លើ។  តំបន់ជាប់មាត់សមុទ្រ អាចនឹងមានខ្យល់ និងភ្លៀង ដោយអន្លើ៕
 
 
 

Tag:
 ThmeyThmey
 ខេត្តព្រះសីហនុ
 លោក គួច​ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com