កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ថ្កោលទោសរុស្ស៊ីវាយប្រហារអ៊ុយក្រែន តែមិនទាន់សម្រេចចិត្តដកការប្រកួតវគ្គជម្រុះ World Cup ឡើយ​
25, Feb 2022 , 1:59 pm        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបដិសេធសម្រេចចិត្តលុបចោលការប្រកួតវគ្គជម្រុះ World Cup 2022 ​នៅកាតា ដែលប្រទេសរុស្ស៊ីជាម្ចាស់ផ្ទះ។ FIFA លើកហេតុផលថា តាមដានស្ថានការណ៍សិន។


ចាប់តាំងព្រឹកថ្ងៃទី២៤ ខែកុម្ភៈមក អ៊ុយក្រែនរងការវាយប្រហារឥតឈប់ឈរពីសំណាក់កម្លាំងទ័ពរុស្ស៊ីនៅតាមព្រំដែន រហូតដល់ទីក្រុងកៀវ។ មូលដ្ឋានកងទ័ព ទីបញ្ជាការយោធា និងទីតាំងពាក់ព័ន្ធយោធានានា ជាគោលដៅរបស់រុស្ស៊ី។
 
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប៉ូឡូញ ស៊ុយអែត និងសាធារណរដ្ឋឆែក បានសម្រេចចិត្តរួចគ្នាមិនទៅប្រកួតវគ្គជម្រុះដណ្តើមកៅអីទៅ World Cup 2022 នៅកាតានៅរុស្ស៊ីឡើយ។ 
 
ជម្រើសជាតិរុស្ស៊ី នឹងត្រូវជួបប្រកួតតតាំងជាមួយប៉ូឡូញនៅទីក្រុងមូស្គូ ថ្ងៃទី២៤ ខែមីនា ហើយប្រសិនបើរុស្ស៊ីឈ្នះការប្រកួត ពួកគេក៏នឹងត្រូវបន្តជួបក្រុមស៊ុយអែតឬក៏សាធារណរដ្ឋឆែកនៅប្រាំថ្ងៃក្រោយ។
 
ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន FIFA ក៏បានអំពាវនាវឱ្យមានការបញ្ឈប់អរិភាព ហើយស្វែងរកសន្តិភាពជាបន្ទាន់ ក៏ប៉ុន្តែការដកសិទ្ធិការប្រកួតពីរុស្ស៊ីមិនស្ថិតក្រោមការពិចារណានៅឡើយ។
 
សហព័ន្ធ FIFA ក៏ថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងទ័ពរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយក៏ទាមទាឱ្យមានការស្វែងរកដំណោះស្រាយ។
 
«អំពើហិង្សាមិនមែនជាដំណោះស្រាយឡើយ។ FIFA អំពាវនាវឱ្យភាគីទាំងសងខាងស្តារសន្តិភាពឡើងវិញ។ ទាក់ទងនឹងបញ្ហាបាល់ទាត់សម្រាប់រុស្ស៊ីនិងអ៊ុយក្រែន FIFA បន្តតាមដានស្ថានការណ៍ ហើយព័ត៌មានបន្ថែមនឹងត្រូវប្រកាសនៅពេលខាងមុខបន្ថែមទៀត។» FIFA បានលើកឡើងបែបនេះ។
 
អ៊ុយក្រែនក៏នឹងត្រូវប្រកួតវគ្គ Play-off ពានរង្វាន់ World Cup 2022 ប៉ុន្តែពួកគេក៏មិនអាចរៀបចំការប្រកួតក្នុងប្រទេសបានឡើយ៕
 

Tag:
 FIFA World Cup
  Russia
© រក្សាសិទ្ធិដោយ thmeythmey.com