កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនិងកីឡាករនៅតំបន់អឺរ៉ុប ចូលរួមអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារអ៊ុយក្រែន
25, Feb 2022 , 3:44 pm        
រូបភាព
បណ្តាក្លិបបាល់ទាត់មួយចំនួន និងកីឡាករជាច្រើននាក់នៅតំបន់អឺរ៉ុប បានចូលរួមអំពាវនាវឱ្យប្រទេសរុស្ស៊ីបញ្ឈប់សង្គ្រាមលើប្រទេសអ៊ុយក្រែន ដោយបានលើកបដា និងបង្ហោះសារនានានាថ្ងៃទី២៥ខែកុម្ភៈ។


នាថ្ងៃទី២៤ខែកុម្ភៈ កងកម្លាំងទ័ពរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែនសំដៅទៅកាន់ទីក្រុងកៀវ ខណៈមូលដ្ឋានកងទ័ព ទីបញ្ជាការយោធា និងទីតាំងពាក់ព័ន្ធយោធានានា ជាគោលដៅ។
 
ការអំពាវនាវឱ្យបញ្ឈប់សង្រ្គាម បានលេចឡើងពេញពិភពលោក។ ក្នុងពិភពកីឡាបាល់ទាត់វិញ ក្រុម និងកីឡាករនៅតំបន់អឺរ៉ុបចេញមុខស្នើឱ្យមានការឈប់បាញ់។
 
ជាក់ស្តែងអំឡុងការប្រកួតទល់ក្រុម Napoli Barcelona បានបង្ហាញបដា «បញ្ឈប់សង្រ្គាម» មុនការប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទីពីរអឺរ៉ុប Europa League នាថ្ងៃទី២៥ ខែកុម្ភៈ។ 
 
មិនខុសពីក្លិប Napoli និង Barcelona ក្លិប SK Slavia Prague របស់សាធារណរដ្ឋឆែកក៏បានអំពាវនាវឱ្យមានការបញ្ឈប់ការប្រហារពីសំណាក់រុស្ស៊ីដោយកីឡាករទាំងអស់ពាក់អាវដែលមានពាក្យ «យើងនឹងឈរនៅជាមួយអ៊ុយក្រែន» មុនការប្រកួតទល់ក្រុម Fenerbahce S.K.។ ឯកីឡាករ Ruslan Malinovsky របស់ក្រុម Atalanta និងជម្រើសជាតិអ៊ុយក្រែនក៏បង្ហាញអាវដែលមានពាក្យគ្មានសង្រ្គាមក្នុងអ៊ុយក្រែនពេលអបអរគ្រាប់បាល់។
 
កាលពីថ្ងៃទី២៤ខែកុម្ភៈក្នុងការប្រកួត Champions League រវាងក្រុម Benfica ទល់ Ajax Amsterdam កីឡាករខ្សែប្រយុទ្ធ Roman Yaremchuk បានអរអរគ្រាប់បាល់តាមស្មើ២-២ ដោយបង្ហាញរូបតំណាងការគាំទ្រអ៊ុយក្រែនដែលជាប្រទេសកំណើត។ 
 
ចំណែកក្លិប Schalke 04 ប្រចាំលីគកំពូលអាល្លឺម៉ង បានប្រកាសថាសម្រេចដកឈ្មោះឧបត្ថម្ភរបស់ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ីចេញពីអាវផងដែរ៕
 

Tag:
 Football
  Russia
© រក្សាសិទ្ធិដោយ thmeythmey.com