កីឡាជាតិ
ជាតិ
AFF U23 ៖គ្រូបង្វឹកថៃ ថា ជ័យជម្នះខ្លួន «មិនមែនជាសំណាងទេ » ខណៈវៀតណាម ឈ្នះទីម័រ ដោយបាល់កាត់សេចក្តី
25, Feb 2022 , 5:09 pm        
រូបភាព
ការប្រកួតជម្រើសជាតិថៃ និងឡាវ
ការប្រកួតជម្រើសជាតិថៃ និងឡាវ
ថៃ ចាត់ទុកការយកឈ្នះ ឡាវ យ៉ាងលំបាកក្នុងលទ្ធផល ២-០ នៃពាន AFF U23 Championship 2022 គឺជាការប្រឹងប្រែងរបស់ក្រុម មិនមែនជាការពឹងលើសំណាងទេ ខណៈ ឡាវ មិនបង្ហាញការសោកស្ដាយចំពោះការរបូតគ្រាប់បាល់នេះឡើយ ។


ការយកឈ្នះលើជម្រើសជាតិឡាវ ក្នុងលទ្ធផល ២-០ មិនមែនជាការងាយស្រួលទេ ។ លោក Salvador Garcia គ្រូជម្រើសជាតិថៃ ថា៖«ប្រឈមមុខ និងស្ថានការណ៍បែបនេះ ក្រុមខ្លួនបានប្រឹងប្រែងអស្ចារ្យ ។ ការឈ្នះថ្ងៃនេះ មិនមែនជាសំណាងរបស់យើងទេ តែជាការប្រឹងប្រែងអស់ពីសមត្ថភាព របស់យើងទៅវិញ»។
 
គ្រូបង្វឹករូបនេះ ថាក្រុមខ្លួនត្រូវការកែតម្រូវនូវកំហុស និងបច្ចេកទេសមួយចំនួន ដើម្បីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ។ ម្យ៉ាងវិញទៀត លោក Salvador Garcia ចាត់ទុកការប្រកួតនេះ មានលក្ខណៈពិសេស ដោយ កីឡាករ និង មន្ត្រីបច្ចេកទេស បានបង្ហាញនូវសមគ្គីភាព និងការចុះសម្រុងគ្នា ជម្នះឧបសគ្គផ្សេងៗ ដូចជាបញ្ហាCovid-១៩ ជាដើម ។
 
បើទោះជាលទ្ធផលចាញ់ក៏ដោយ ឡាវ បានបង្ហាញនូវការពេញចិត្ត នូវអ្វីដែលខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួត ។ លោក Michael Weiss គ្រូជម្រើសជាតិឡាវ ថា៖«ខ្ញុំពេញចិត្តនូវការបង្ហាញទម្រង់លេងរបស់ក្រុមជម្រើសជាតិខ្លួន ។ ថៃ សាកសមនិងទទួលបានជ័យជម្នះ ដោយមើលតាមការគ្រប់គ្រងបាល់របស់ពួកគេ ប៉ុន្ដែ ខ្ញុំពេញចិត្តនូវការលេងរបស់កូនក្រុមខ្ញុំ ដោយពួកគេអាចបង្កើតឱកាស ក្នុងការវាយបកដូចគ្នា» ។
 
ការប្រកួតក្រោម២០នាទីដំបូង ថៃបានគ្រប់គ្រងសាច់បាល់ជាច្រើន ហើយរកបានគ្រាប់បាល់នាំមុខ ១-០ នៅនាទី១៥ ដោយកីឡាករ Teerasak Poeiphimai បំប៉ោងសំណាញទីរបស់អ្នកចាំទីឡាវ Phounin Phounin ។ ឈានចូលតង់ទី២ ជម្រើសជាតិថៃ ទទួលបានបាល់ពិន័យ១១ម៉ែត្រ ដោយស៊ុតបញ្ជូលទី ដោយកីឡាករ Kroekphon នាំឲ្យថៃនាំមុខ ឡាវ ២-០ នៅនាទី៥១ ។


ការប្រកួតជម្រើសជាតិថៃ និងឡាវ

ដោយឡែក វៀតណាមបានយកឈ្នះ ទីម័រខាងកើត យ៉ាងត្រដាបត្រដួស ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្នុងលទ្ធផល ៥-៣ ។ មកដល់វគ្គនេះ វៀតណាម កាន់តែពិបាកមែនទែនហើយ ចំពោះការខ្វះខាតកីឡាករ ដើម្បីចូលប្រកួត ។ 
 
ការខ្វះខាតកីឡាករក្នុងការប្រកួត ដោយសារបញ្ហាវិជ្ជមានកូវីដ-១៩ និងបញ្ហារបួសនេះ បានជំរុញឱ្យលោក Dinh The Nam គ្រូជម្រើសជាតិវៀតណាម ដាក់កីឡាករ Tran Liem Dieu អ្នកចាំទីដៃទី៤ ចូលលេងជាខ្សែប្រយុទ្ធជំនួសកីឡាករ Nguyen Trung Thanh នៅនាទី៩៨។
 
ទោះបីជាខ្វះកីឡាករក្តី តែវៀតណាម នៅបន្ដលេងវាយបកទៅលើគូប្រកួតដដែល​។ គ្រូជម្រើសជាតិរូបនេះ ថា៖«បើសិនយើង មិនព្យាយាមគ្រប់គ្រងបាល់ ឲ្យបានច្រើនទេ យើង នឹងបាត់បងកម្លាំង ។ យើងព្យាយាមលេងវាយសម្រុក និងគ្រប់គ្រងបាល់»។ 
 
 
គួរបញ្ចាក់ដែរថា ឡាវ នឹងត្រូវប្រកួតជាមួយ ទីម័រខាងកើត ដើម្បីប្រជែងយកលេខ៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈ ថៃ និងវៀតណាម ប្រកួតយកជើងឯក ។
 

Tag:
 បាល់ទាត់
  AFF U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com