អន្តរជាតិ
ក្រុម​ជន​ស៊ីវិល​​​​​​ប្រថុយ​ប្រថាន​នឹង​​​​គ្រោះថ្នាក់​​​​​​​​​​ធ្ងន់ធ្ងរ​ ក្នុង​​​​សង្គ្រាម​របស់​លោក Putin ប្រឆាំង​នឹង​​អ៊ុយក្រែន
25, Feb 2022 , 10:29 pm        
រូបភាព
ស្ត្រី​ម្នាក់​​បង្ហាញ​ប្រតិកម្ម​ខណៈ​រង់​ចាំ​រថភ្លើង​ដើម្បី​ចាកចេញ​ពី​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។
ស្ត្រី​ម្នាក់​​បង្ហាញ​ប្រតិកម្ម​ខណៈ​រង់​ចាំ​រថភ្លើង​ដើម្បី​ចាកចេញ​ពី​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។
ដោយ: VOA
 លោក Kenneth Roth នាយក​ប្រតិបត្តិនៃ​អង្គការ Human Rights Watch និយាយថាលោក​បារម្ភថា​កង​យោធា​រុស្ស៊ី​នឹង​ប្រើជា​ថ្មី​ក្នុង​ប្រទេស​អ៊ុយក្រែន​នូវ​យុទ្ធសាស្ត្រសង្គ្រាមដែល​ខ្លួនបានប្រើ​ដើម្បី​ជួយរបប​គ្រប់គ្រងស៊ីរី​វាយ​យក​មក​វិញខេត្ត​ Idlib នាប៉ែក​ខាងជើងប្រទេស​ ដែល​ជា​កន្លែង​ចុង​ក្រោយ​បង្អស់​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម។

 
លោកថ្លែង​ថា​ការ​សិក្សា​ដោយ​លម្អិត​អំពីថា​តើ​រុស្ស៊ីប្រយុទ្ធក្នុង​សង្គ្រាម​នោះ​បែបណា បានរក​ឃើញ​ថាកងយន្តហោះ​ចម្បាំងរុស្ស៊ី​បានវាយ​ប្រហារ​ដោយ​ចេតនា​លើ​ស្ថាប័ន​ស៊ីវិល។​ លោក​ពោល​ថា​មន្ទីរ​ពេទ្យ ​សាលារៀន ផ្សារ​និង​អគារ​ស៊ីវិល​ត្រូវ​បានវាយប្រហារដោយ​បើក​ចំហ។​
 
លោក​ថ្លែង​ថា៖ «យើង​អាចប្រមូល​ឯកសារ​អំពី​ការវាយ​ប្រហារបែប​នេះចំនូន​៤៣​ករណី ​ដែល​នៅទី​កន្លែងទាំង​នោះ​មិនមែន​ជាទីដៅ​យោធា​ទេ។​ នោះជាការ​វាយ​ប្រហារ​លើ​ស្ថាប័ន​ស៊ីវិល​ ដើម្បីកុំ​ឱ្យ​មាន​មនុស្ស​រស់​នៅ​ទី​នោះ​បានហើយ​ធ្វើឱ្យ​មានការ​ងាយ​ស្រួលដល់​កងយោធា​ស៊ីរី​ចូលទៅ​ក្នុង​ទី​នោះ...វាកាន់​ច្បាស់​លាស់​ជាងនេះ​ទៀតគឺ​ថាការ​វាយ​ប្រហារ​ទាំង​នោះ​ជា​កិច្ច​ប្រឹងប្រែង​ដោយ​ចេតនា​ ដើម្បី​ធ្វើ​កុំ​ឱ្យជនស៊ីវិល​បី​លាន​នាក់​រស់​នៅ​ក្នុង​ក្រុង Idlib បាន»។
 
លោក​ Roth និយាយ​ថា​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ​រចនា​សម្ពន្ធ​នៃ​ចង្វាក់​បញ្ជាការ​នៅ​ពីក្រោយ​គោល​នយោបាយ​ខុស​ច្បាប់​ ដោយ​ចេតនា​របស់​រុស្សី។
 
លោក​ថ្លែង​ថា៖ «យើង​បានរកឃើញ​ថា​ លោក Putin បានទទួល​ខុសត្រូវ​លើបទបញ្ជា ហើយ​ថា​គាត់បានប្រគល់​អ្វី​ដែល​ហៅ​ថារង្វាន់​វីរបុរស​រុស្ស៊ីដល់​មេបញ្ជាការ​ពីរនាក់​ដែលចាត់ចែង​ការទម្លាក់​គ្រាប់បែក​ ​នៅ​ក្នុង​ពេល​ដែល​យើង​រក​ឃើញ​ថា​ការទម្លាក់គ្រាប់​បែកទាំង​នោះ​កំពុង​បន្ត​ទម្លាក់។ ដូច្នេះ ការ​ព្រួយ​បារម្ភរបស់​យើង​គឺថា​ការណ៍​នេះនឹងមានជា​ថ្មី​នៅអ៊ុយក្រែន»។
 
លោក Roth ពោល​ថា​ត្រូវ​តែ​មាន​សម្ពាធ​ខ្លាំង​លើ​កងយោធារុស្ស៊ីកុំ​ឱ្យធ្វើ​តាម​យុទ្ធសាស្ត្រ​នៅ​ពេល​សង្គ្រាម​នោះទៀត។ លោក​កត់​សម្គាល់​ថា យុទ្ធនាការ​ទម្លាក់​គ្រាប់បែកឥតត្រា​ប្រណី​នៅ Idlib បាន​បញ្ឈប់​កាលពី​ខែ​មីនា​២០២០នៅ​ក្រោម​សម្ពាធរួមគ្នាពីពួក​មេដឹកនាំ​អាល្លឺម៉ង់​ បារាំងនិងតួកគី។ លោក​និយាយ​ថាសម្ពាធអន្តរជាតិ​លើ​លោក Putin នៅ​ពេល​នេះ ត្រូវ​តែ​មាន​តទៅទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com