អន្តរជាតិ
អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំងដែលជាប់ពន្ធនាគារលោក Navalny ថា៖ «ខ្ញុំប្រឆាំងនឹងសង្គ្រាមនេះ»
26, Feb 2022 , 7:29 pm        
រូបភាព
ដោយ: VOA
ទីក្រុងមូស្គូ - មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីដែលកំពុងជាប់ពន្ធនាគារលោក Alexei Navalny បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រឆាំងការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូលើប្រទេសអ៊ុយក្រែន នៅពេលដែលលោកឈរក្នុងសវនាការកាត់ទោសពីពន្ធនាគារ បន្ទាប់ពីប្រធានាធិបតី Vladimir Putin បានចាប់ផ្តើមវាយប្រហារប្រទេសអ៊ុយក្រែន។

 
លោក Navalny បានត្រូវគេឮនិយាយនៅក្នុងវីដេអូនៅក្នុងអំឡុងការកាត់ទោសនោះ ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានឯករាជ្យ Dozhd ថា៖ «ខ្ញុំប្រឆាំងនឹងសង្គ្រាមនេះ»។
លោកបាននិយាយទៀតថា៖ «សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននេះ ជាការបិទបាំងការលួចទ្រព្យសម្បតិ្តពីប្រជាពលរដ្ឋរុស្ស៊ី ហើយនឹងបង្វែរការយកចិត្តទុកដាក់របស់ពួកគេចេញពីបញ្ហាដែលមាននៅក្នុងប្រទេស»។
 
ដោយស្លៀកសម្លៀកបំពាក់អ្នកទោស លោក Navalny បាននិយាយថា សង្គ្រាមនេះ នឹង«នាំឲ្យមានចំនួនជនរងគ្រោះយ៉ាងច្រើន បំផ្លាញអនាគតជាច្រើន និងបន្តភាពក្រីក្ររបស់ប្រជាពលរដ្ឋរុស្ស៊ី»។
 
លោកត្រូវបានគេកាត់ទោសនៅក្នុងគុកដែលមានសន្តិសុខដ៏តឹងតែងបំផុត ជាទីកន្លែងដែលលោកត្រូវបានគេឃុំឃាំងនៅខាងក្រៅទីក្រុងមូស្គូ លើបទចោទប្រកាន់ថ្មីៗទៀត ដែលអាចធ្វើឲ្យលោកអាចជាប់ពន្ធនាគារបន្ថែមមួយទសវត្សរ៍ទៀត។ 
 
សម្ពន្ធមិត្តរបស់លោក បាននិយាយថា ការកាត់ទោសដែលបានបើកធ្វើកាលពីសប្តាហ៍មុន បានធ្វើឡើងឱ្យស្របពេលគ្នាទៅនឹងវិបត្តិនៅអ៊ុយក្រែន។
 
លោក Navalny បានស្ថិតនៅក្នុងការឃុំឃាំងអស់រយៈពេលមួយឆ្នាំលើបទចោទប្រកាន់ពីការលួចបន្លំប្រាក់ ក្រោយលោកបានរស់រានមានជីវិតពីការវាយប្រហារដោយដាក់ថ្នាំបំពុលដែលលោកនិងពួកប្រទេសលោកខាងលិច បានស្តីបន្ទោសលើរដ្ឋាភិបាលវិមានក្រឹមឡាំង។
 
លោក Putin បានចាប់ផ្តើមការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្វើសន្ទរកថាទៅកាន់ប្រទេសជាតិដែលត្រូវបានផ្សាយនៅម៉ោងប្រហែល ៥:៤០ នាទីព្រឹកម៉ោងនៅក្នុងស្រុកមក៕
 
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
 

© រក្សាសិទ្ធិដោយ thmeythmey.com