អន្តរជាតិ
ជប៉ុន នឹងដាក់ទណ្ឌកម្មលើការនាំចេញបន្ទះអេឡិចត្រូនិកទៅរុស្ស៊ី ដោយសារវិបត្តិអ៊ុយក្រែន
26, Feb 2022 , 10:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
ដោយ: VOA
ជប៉ុន នឹងដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដោយដៅយកវិស័យនាំចេញបន្ទះអេឡិចត្រូនិក (semiconductor) និងស្ថាប័នហិរញ្ញវត្ថុនានារបស់រុស្ស៊ី។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្រោយពីមេដឹកនាំក្រុមប្រទេស G-7 បានយល់ព្រមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលក្រុងមូស្គូចំពោះការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន។

 
ការប្រកាសនេះ កើតមានឡើងក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើការវាយប្រហារឈ្លានពានពេញទំហឹងលើអ៊ុយក្រែន ទាំងតាមដីគោក និងតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍។
 
លោក Kishida ថ្លែងថា ប្រទេសជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣ក្នុងពិភពលោក គ្រោងនឹង«បង្កកទ្រព្យសម្បត្តិនិងព្យួរការចេញទិដ្ឋាការដល់បុគ្គលនិងស្ថាប័នរុស្ស៊ី» ក៏ដូចជាបង្កទ្រព្យ«របស់ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី»។
 
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖ «ទី៣ យើងនឹងដាក់ទណ្ឌកម្មចំពោះការនាំចេញទៅលក់ឱ្យអង្គការនានាដែលជាប់ពាក់ព័ន្ធនឹងយោធារុស្ស៊ី និងការនាំចេញទៅរុស្ស៊ីនូវរាល់ទំនិញប្រើប្រាស់ទូទៅដូចជាបន្ទះអេឡិចត្រូនិក និងទំនិញផ្សេងទៀតដែលមាននៅក្នុងបញ្ជីរឹតត្បិត ដោយផ្អែកលើកិច្ចព្រមព្រៀងអន្តរជាតិ»។
 
លោក Kishida មិនបានបញ្ជាក់ពីទំហំនៃទណ្ឌកម្មទាំងនោះទេ ហើយក៏មិនបានបញ្ជាក់ថា តើបុគ្គលនិងស្ថាប័នរុស្ស៊ីណាខ្លះនឹងក្លាយជាគោលដៅនៃទណ្ឌកម្មទាំងនោះ ក៏ប៉ុន្តែបណ្តាញព័ត៌មានក្នុងស្រុកនិយាយថា ធនាគារ Bank Rossiya ធនាគារ Promsvyazbank និងធនាគារអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ី (VEB) នឹងត្រូវរងទណ្ឌកម្ម។
 
បន្ទះអេឡិចត្រូនិក (semiconductor) ជាគ្រឿងបំណែកសំខាន់ក្នុងផលិតផលនានា ដូចជារថយន្ត ប្រព័ន្ធកុំព្យូទ័រសម្រាប់ហ្គេម ហើយការផ្គត់ផ្គង់បន្ទះទាំងនេះ កំពុងមានការខ្វះខាតនៅជុំវិញពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com