អន្តរជាតិ
លោក Biden ជ្រើស​រើសលោកស្រី ​Ketanji Brown​ Jackson​ ជាចៅក្រម​តុលាការ​កំពូល​ ក្នុងប្រវត្តិសាស្ត្រអាមេរិក
27, Feb 2022 , 10:29 pm        
រូបភាព
រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ បង្ហាញ​ពី​អ្នកស្រី Ketanji Brown Jackson បច្ចុប្បន្ន​គឺ​ជា​ចៅក្រម​សាលា​ឧទ្ធរណ៍​សហព័ន្ធ​ ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី Joe Biden ជ្រើសតាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល។ (Reuters) ចែករំលែក
រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ បង្ហាញ​ពី​អ្នកស្រី Ketanji Brown Jackson បច្ចុប្បន្ន​គឺ​ជា​ចៅក្រម​សាលា​ឧទ្ធរណ៍​សហព័ន្ធ​ ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី Joe Biden ជ្រើសតាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល។ (Reuters) ចែករំលែក
ដោយ: VOA
សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Joe Biden បាន​ជ្រើសរើស​ចៅក្រម​សាលា​ឧទ្ធរណ៍​សហព័ន្ធ​លោកស្រី Ketanji Brown Jackson សម្រាប់​ការ​តែងតាំង​ឱ្យ​ក្លាយ​ជាស្ត្រី​អាមេរិកាំង​ស្បែក​ខ្មៅ​ដំបូង ទទួល​តំណែងចៅក្រម​នៅ​តុលាការ​កំពូល​សហរដ្ឋអាមេរិក។ ការ​សម្រេច​នេះនឹង​ចាប់​ផ្តើមការ​ជជែក​គ្នា​យ៉ាង​ខ្លាំង​ក្នុងព្រឹទ្ធសភាដ៏​បែកបាក់​គ្នា​រវាង​គណបក្ស​ទាំង​ពីរ នៅ​ក្នុង​នីតិវិធី​សម្រេច​លើ​ការ​តែងតាំង​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។


 
លោក Biden បាន​សម្រេចជ្រើសរើស​យក​លោកស្រី Jackson អាយុ​៥១​ឆ្នាំ សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​ពេញ​មួយ​ជីវិត​នេះ ដើម្បី​ជំនួស​ចៅក្រមចូលនិវត្តន៍​លោក Stephen Breyer អាយុ​៨៣ ឆ្នាំ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ចំណោម​ចៅក្រម​តុលាការ​កំពូល​នេះ។ ក្នុង​ចំណោម​ចៅក្រម​ទាំង​១១៥​រូប​ដែល​ធ្លាប់​កាន់​តំណែង​នៅ​តុលាការ​កំពូល​នេះ មាន​ចៅក្រម​ស្បែក​ខ្មៅ​តែ​ពីរ​រូប​ប៉ុណ្ណោះ ហើយសុទ្ធ​តែ​ជា​បុរស។
 
ពេល​វេលា​នៃ​ការ​ប្រកាសការ​តែងតាំង​របស់​លោក Biden នេះ​ មាន​ការ​ប្រែប្រួល​ដោយ​សារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។
 
សេតវិមាន​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា៖ «លោក​ប្រធានាធិបតី Biden បាន​ស្វែងរក​បេក្ខជន​ដែល​មាន​គុណវុឌ្ឍិ​ដាច់​គេ ដែល​មាន​បុគ្គលិកលក្ខណៈ​ល្អ​ឥត​ខ្ចោះ និង​ការប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ចំពោះ​នីតិរដ្ឋ»។​
 
ប្រសិន​បើ​ព្រឹទ្ធសភា​យល់​ព្រម​លើ​បេក្ខភាព​របស់​លោកស្រី Jackson លោកស្រី​នឹង​ក្លាយ​ជា​ស្ត្រី​ទី​៦​ដែល​បម្រើការងារ​ក្នុង​តុលាការ​កំពូល​អាមេរិក ដែល​បច្ចុប្បន្ន​នេះ​កំពុង​មាន​ចៅក្រម​ស្ត្រី​ចំនួន​៣​រូប។ លោកស្រី​នឹង​ចូល​រួម​ខាង​ក្រុម​ចៅក្រម​សេរីនិយម ដែល​មាន​ចៅក្រម​៣​រូប​ទល់​នឹង​ចៅក្រម​អភិរក្ស​និយម​ភាគ​ច្រើន​ចំនួន​៦​រូប ​ក្នុង​នោះ​៣​រូប​ត្រូវ​បាន​តែងតាំង​ដោយ​អតីតប្រធានាធិបតី លោក ​Donald Trump៕
 

© រក្សាសិទ្ធិដោយ thmeythmey.com