ជាតិ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជិត៥០លានដុល្លារ គ្រោងបើកប្រើប្រាស់នៅដើមខែក្រោយ
28, Feb 2022 , 9:29 am        
រូបភាព
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តត្បូងឃ្មុំ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមីនា ខាងមុខនេះ ក្រោយបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៩។ បើតាមសម្ដីរបស់ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ មន្ទីរពេទ្យនេះចំណាយទឹកប្រាក់សាងសង់ចំនួន ៤៦លានដុល្លារ ក្រោមជំនួយឥតសំណងរដ្ឋាភិបាលចិន។



អភិបាលរងខេត្តរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ ត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ រួមនឹងអគារព្យាបាលសំខាន់ៗដូចជា អគារវះកាត់ អគារព្យាបាលជំងឺទូទៅ អគារព្យាបាលជំងឺកុមារ និងអគារជំងឺឆ្លងជាដើម។ លោកបន្តថា មន្ទីរពេទ្យនេះ មានកម្ពស់២៤ម៉ែត្រ ចែកជា៥ជាន់ និងមានគ្រែសរុបចំនួន៣០០គ្រែផងដែរ។ បើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ មន្ទីរពេទ្យនេះ មានទំហំ ៥៥ ៨១៤ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារទំហំ ២៤ ៣០០ម៉ែត្រការ៉េ ។ 
 
មន្ទីរពេទ្យមួយនេះ នឹងជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគផងដែរ។ នេះជាការលើកឡើងរបស់ លោក កេង ប៊ុនណា ដោយពន្យល់បន្ថែមដូច្នេះ៖ «ជាគោលដៅអនាគតនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំយើងនេះ នឹងប្រែក្លាយជាមន្ទីរពេទ្យភូមិភាគហើយ គឺជាមន្ទីរតំបន់ សម្រាប់តំបន់ក្បែរៗ អាចជាក្រចេះ ស្វាយរៀង ស្ទឹងត្រែង មណ្ឌលគិរី គឺខេត្តជាប់ៗហ្នឹង»។ 
 
បើតាមអភិបាលរងរូបនេះ ក្រៅពីបើកសម្ពោធមន្ទីរពេទ្យហើយ ក៏នឹងមានដាក់ដំណើរការសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំជាមួយគ្នាផងដែរ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមក្រសួងមហាផ្ទៃសាលារៀននេះ មានអគារសិក្សាចំនួន២ខ្នង កម្ពស់៣ជាន់ មាន៣៦បន្ទប់, អាគារស្នាក់នៅគ្រូ២ខ្នង ស្មើនឹង៤០បន្ទប់ មានសិស្សសិក្សា ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់៕
 

Tag:
 មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនត្បូងឃ្មុំ
  ខេត្តត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com