ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ រើសយកបក្សភ្លើងទៀន ដែលជាជម្រកចាស់
01, Mar 2022 , 4:40 pm        
រូបភាព
លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ រូបពី AFP
លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ រូបពី AFP
ក្រោយរក្សាជំហរនៅមួយកន្លែងអស់មួយរយៈពេលធំ ដោយមិនព្រមរេទៅគណបក្សណាមួយ នៅទីបំផុត លោក សុន ឆ័យ អ្នកនយោបាយប្រឆាំងលេចធ្លោម្នាក់ ក៏សម្រេចចិត្តដើរចូលគណបក្សភ្លើងទៀន ជាគណបក្ស ដែលលោក ធ្លាប់ជ្រកកោន កាលពីមិនទាន់មានអតីតគណបក្សសង្គ្រោះជាតិ។ លោក បានប្រកាសព័ត៌មានដល់សាធារណជនថា លោក បានសុំចូលជាសមាជិកគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះតទៅ។



តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ លោក សុន ឆ័យ ដែលធ្លាប់ជាតំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិ បានសរសេរដូច្នេះថា៖«គណបក្សភ្លើងទៀន ជាគណបក្ស ដែលរូបខ្ញុំ ក៏ដូចជាបងប្អូនរួមជាតិជាច្រើន ធ្លាប់ចូលរួម និងគាំទ្រយ៉ាងសកម្ម ព្រោះជាគណបក្ស ដែលបម្រើ និងការពារប្រជាពលរដ្ឋខ្មែរ បានយ៉ាងត្រឹមត្រូវ។ ខ្ញុំ សូមអំពាវនាវឲ្យបងប្អូនរួមជាតិ មេត្តាចូលរួម និងគាំទ្រគណបក្សភ្លើងទៀន ឲ្យបានគ្រប់ៗគ្នា»។ 
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងទៅលោក សុន ឆ័យ ដោយផ្ទាល់នោះទេ។ លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា សេចក្តីប្រកាសព័ត៌មានរបស់លោក សុន ឆ័យ ស្តីពីការសុំចូលជាសមាជិកគណបក្សភ្លើងទៀន គឺជាការពិត។ 
 
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖«យើង មិនទាន់បានគិតគូរផ្តល់តំណែងអ្វី [ក្នុងគណបក្ស] ជូនគាត់ទេ។ យើង នឹងប្រជុំឆាប់ៗនេះ ដើម្បីសម្រេចថា ផ្តល់តំណែងអ្វីជូនគាត់»។

លោក សុន ឆ័យ ជាថ្នាក់ដឹកនាំម្នាក់ ក្នុងចំណោមថ្នាក់ដឹកនាំជាង១០០នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូល ហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ពោលគឺ សិទ្ធិនយោបាយរបស់ពួកគេ ត្រូវបានហាមឃាត់ ចាប់តាំងអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ នៅចុងឆ្នាំ២០១៧មក។

លោក សុន ឆ័យ អ្នកនយោបាយប្រឆាំង ដែលរស់នៅក្នុងស្រុកដោយភាពស្ងៀមស្ងាត់ បានសម្រេចដាក់សំណើទៅរដ្ឋាភិបាល កាលពីឆ្នាំ២០២០ ដើម្បីសុំសិទ្ធិនយោបាយវិញ។ គិតមកដល់ដើមឆ្នាំ២០២២នេះ អ្នកប្រឆាំងប្រមាណ៣០នាក់ហើយ ដែលទទួលបានសិទ្ធិនយោបាយវិញ។ 
 
ក្រោយទទួលបានសិទ្ធិនយោបាយ ពួកគេ ក៏ចែកផ្លូវគ្នាដើររៀងៗខ្លួន ដោយអ្នកខ្លះ បង្កើតគណបក្សខ្លួនឯង និងអ្នកខ្លះ ចូលទៅគណបក្សនានា។ តួយ៉ាង លោក ប៉ុល ហំម ជាប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ជាមន្រ្តីជាន់ខ្ពស់គណបក្សគណបក្សកែទម្រង់កម្ពុជា លោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណបក្សកម្ពុជានិយម លោក ជីវ កក្តា ជាប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ថាច់ សេដ្ឋា ជាអ្នកនាំពាក្យគណបក្សភ្លើងទៀន ។ល។ 
 
គណបក្សភ្លើងទៀន បានចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ ពិសេសមានសកម្មភាពខ្លាំង នៅពេលឈានចូលឆ្នាំ២០២២។ អ្វី ដែលគេសង្កេតឃើញគណបក្សភ្លើងទៀន កំពុងសកម្មខ្លាំង គឺការដើរប្រមូលកម្លាំងអ្នកគាំទ្រឡើងវិញ និងការលើកស្លាកគណបក្ស។ បច្ចុប្បន្ន គណបក្សភ្លើងទៀន មានលោក ទាវ វណ្ណុល ជាប្រធាន។ លោក រ៉ុង ឈុន មេសហជីពល្បីឈ្មោះម្នាក់នៅកម្ពុជា ក៏ទើបនឹងប្រកាសគាំទ្រគណបក្សនេះដែរ។ 
 
គណបក្សភ្លើងទៀន ប្តូរឈ្មោះមកពីគណបក្ស សម រង្ស៊ី។ គណបក្ស សម រង្ស៊ី ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយលោក កឹម សុខា បានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១២។ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង គណបក្សទាំង២នេះ ក៏ត្រូវទុកចោល។ បច្ចុប្បន្ន ទោះគណបក្សភ្លើងទៀន ធ្វើសកម្មភាពឡើងវិញក្តី តែគណបក្សសិទ្ធិមនុស្ស នៅតែស្ងៀមស្ងាត់ដដែល។ 

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស កំពុងបំផុសបំផុលពាក្យស្លោកមួយថា៖«គំនិតខ្ញុំកើត កំណើតខ្ញុំមាន នាំគ្នាអុជទៀន សង្គ្រោះជាតិយើង»។ 
 
សូមបញ្ជាក់ថា ការបោះឆ្នោតអាណត្តិថ្មី ជិតមកដល់ហើយ។ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ឯការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ មិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ៕ 
 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com