ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ យើងមិនគាំទ្រឱ្យមានការបំបែករដ្ឋទេ ហើយយើងក៏មិនគាំទ្រឱ្យមានសង្គ្រាមដែរ
02, Mar 2022 , 9:01 am        
រូបភាព
នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ សម្ដេច ហ៊ុន សែន បានប្រកាសជំហរថា រដ្ឋាភិបាលកម្ពុជា មិនគាំទ្រឱ្យមានការបំបែករដ្ឋ ចេញប្រទេសណាមួយទេ ហើយកម្ពុជា ក៏មិនគាំទ្រឱ្យមានសង្គ្រាមផ្ទុះឡើងដែរ។


 
សម្ដេច ហ៊ុន សែន បានពន្យល់ថា កម្ពុជាធ្លាប់ចេញមុខប្រកាសមិនគាំទ្រឱ្យមានការផ្ដាច់រដ្ឋម្ដងហើយ លើករណីប្រទេសកូសូវូ ដែលបានបំបែកចេញប្រទេសស៊ែប៊ី នៅឆ្នាំ២០០៨។ សម្ដេចថ្លែងបែបនេះហើយ ក៏បាននិយាយដល់ករណីរុស្ស៊ី វាយប្រហារលើប្រទេសអ៊ុយក្រែន។


 
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចជំទាស់ដាច់ខាត ចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងភាគីម្ខាងទៀត ដែលនាំឱ្យសង្គ្រាមកើតឡើងឡើយ។ «គោលជំហរយើងពីដើម ដល់ចប់ គឺមិនគាំទ្រការប្រើប្រាស់កម្លាំងពីភាគីមួយ ទៅភាគីមួយទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេចធ្លាប់បានប្រកាសជំហរបែបនេះ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ និងកម្មវិធីអន្តរជាតិផ្សេងៗជាច្រើនមកហើយ។
 
ចំពោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា មើលឃើញថា អឺរ៉ុប កំពុងក្លាយជាអឺរ៉ុបនីយកម្មសង្គ្រាម។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានបកស្រាយថា បើអឺរ៉ុបបញ្ជូនកម្លាំងយោធាទៅជួយអ៊ុយក្រែន គឺមិនមែនសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ទៀតទេ វាគឺជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុប។

រដ្ឋាភិបាលរុស្ស៊ី បានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ កុម្ភៈ ក្រោមហេតុផលជួយក្រុមរដ្ឋាភិបាលផ្ដាច់ខ្លួនភាគខាងកើត នៃប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលផ្ដាច់ខ្លួនពីអ៊ុយក្រែន មានតំបន់លូហាន និងតំបន់ដូណេត្ស ទៅបង្កើតរដ្ឋឯករាជ្យ ដែលមានការទទួលស្គាល់ពីរុស្ស៊ី។
 
ជុំវិញការប្រហារនេះ មេដឹកនាំជុំវិញពិភពលោក បានចេញមុខថ្កោលទោស និងដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ ចំណែកប្រធានាធីបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញបញ្ជាហាមឃាត់ប្រជាជនអ៊ុយក្រែនប្រុសៗមានវ័យចន្លោះពី ១៨ដល់ ៦០ ឆ្នាំ ចាកចេញពីប្រទេស ក្នុងបំណងកេណ្ឌ ប្រជាជនទាំងនោះដើម្បីច្បាំងប្រឆាំងសត្រូវ។ មេដឹកនាំរូបនេះក៏សន្យាផ្តល់អាវុធ ដល់ពលរដ្ឋណាដែលស្ម័គ្រចិត្តផងដែរ។ ដើម្បីទទួលយកអាវុធមកប្រើប្រាស់បាន ប្រជាជនអ៊ុយក្រែន ចាំបាច់ត្រូវមានតែអត្តសញ្ញណបណ្ណសម្គាល់ខ្លួនមួយមុខប៉ុណ្ណោះ៕
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com