ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន នឹងទៅមីយ៉ាន់ម៉ា នៅថ្ងៃទី២០ មីនា
02, Mar 2022 , 6:02 pm        
រូបភាព
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតរបស់អាស៊ាន នឹងទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាថ្ងៃទី២០ ដល់២៣ មីនា ដើម្បីជួបពិភាក្សាគ្នាជាមួយមេដឹកនាំ នមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ មីនា។

 
កន្លងមកលោក ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងអនុវត្តតាមវិធានការកុងសង់ស៊ីស៥ចំណុច របស់មេដឹកនាំអាស៊ាន ដែលបានកំណត់ដាក់ឱ្យមីយ៉ាន់ម៉ាអនុវត្តតាមកន្លងមក។
 
«យើងមិនអាចលោភបានទេ មាត់យើងទំពារបានប៉ុណ្ណា យើងទំពារប៉ុណ្ណឹងបានហើយ»។ នេះជាការលើកឡើងរបស់បេសកជនពិសេសអាស៊ាន ដែលបានថ្លែងក្នុងសន្និសីទកាសែត ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ កុម្ភៈ។
 
លោក ប្រាក់ សុខុន មានគម្រោងស្នើលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដើម្បីសុំជួបគ្រប់ភាគីពាក់ព័ន្ធនៅទីនោះ។ ជាមួយគ្នាននេះលោក គ្រោងទៅទីក្រុងរ៉ង់ហ្គូន ដើម្បីចែកជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យមួយកន្លែង ដែលធានាថាជំនួយទាំងអស់ បានទៅដល់ដៃប្រជាជនមីយ៉ាន់ម៉ា។ ក្រៅពីនេះ លោកក៏សុំជួបឯកអគ្គរាជខ្មែរប្រចាំទីនោះ ដែលបានតាមដាន និងដឹងច្បាស់ពីស្ថានភាពមីយ៉ាន់ម៉ា ដើម្បីសុំយោបល់ និងការវាយតម្លៃលើស្ថានការណ៍ប្រទេសមួយនេះ។
 
បើតាមប្រមុខការទូតកម្ពុជា ការស្វែងរកដំណោះស្រាយនៅបញ្ហាមីយ៉ាន់ម៉ា ត្រូវការភាពអត់ធ្មត់ អភិក្រម និងភាពម៉ត់ចត់។
 

Tag:
 ប្រាក់ សុខុន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com