អន្តរជាតិ
អាមេរិកព្រមានពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅហុងកុងដោយសារវិធានការប្រឆាំងកូវីដ-១៩
05, Mar 2022 , 9:19 am        
រូបភាព
ដោយ: VOA
ទីក្រុងហុងកុង-សហរដ្ឋអាមេរិកកាលពីថ្ងៃពុធកន្លងមក បានព្រមានដល់ពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ដោយលើកឡើងពីភាពប្រថុយប្រថានដែលកូនៗរបស់ពួកគេត្រូវបានគេបំបែកចេញពីឪពុកម្តាយ ខណៈដែលទីក្រុងនេះកំពុងអនុវត្តគោលនយោបាយដ៏ចម្រូងចម្រាសដាក់មនុស្សឲ្យនៅដាច់ពីគ្នាដោយសារតែជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

 
ក្រសួងការបរទេសអាមេរិកបានដាក់ទីក្រុងហុងកុងនៅក្នុងបញ្ជីនៃបណ្តាប្រទេសនៃការព្រមានខ្ពស់មិនឲ្យធ្វើដំណើរទៅកាន់ទីនោះ ដោយសារតែការអនុវត្តវិធានការតឹងតែងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ដែលរួមមានការប្រថុយប្រថានដែលឪពុកម្តាយនិងកូនត្រូវគេបំបែកមិនឲ្យនៅជាមួយគ្នា»។
 
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា៖ «ក្នុងករណីខ្លះ កុមារនៅក្នុងទីក្រុងហុងកុង ដែលធ្វើតេស្តមានជំងឺកូវីដ១៩វិជ្ជមាន បានត្រូវគេបំបែកចេញពីឪពុកម្តាយរបស់ពួកគេហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករហូតទាល់តែមន្ទីរពេទ្យតម្រូវឲ្យចេញទើបអាចចេញបាន។
 
មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនេះ កំពុងជួបប្រទះការផ្ទុះយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ដែលមានអ្នកឆ្លងរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗហើយមន្ទីរពេទ្យផ្ទុកទៅដោយអ្នកជំងឺនិងកំពុងបំផ្លាញក្តីសង្ឃឹម យុទ្ធសាស្ត្រមិនឲ្យមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងទីក្រុងនេះ។
 
អាជ្ញាធរក្រុងហុងកុង មានគម្រោងនឹងធ្វើតេស្តដល់ពលរដ្ឋចំនួន៧លាន៤សែននាក់នៅក្នុងខែនេះ ហើយកំពុងប្រវេប្រវាបង្កើតជំរំមួយដាច់ដោយឡែកមួយដើម្បីដាក់អ្នកឆ្លងជំងឺកូវីដ១៩និងបង្កើតមន្ទីរពេទ្យបណ្តោះអាសន្នដោយមានការជួយជ្រោមជ្រែងពីចិនដីគោក៕

© រក្សាសិទ្ធិដោយ thmeythmey.com