សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ពលកម្មដោយបង្ខំនៅក្រុមហ៊ុនមួយចំនួនរបស់ម៉ាឡេស៊ីបណ្ដាលឲ្យអាមេរិកបង្កើនការដាក់បម្រាមនាំចូល
06, Mar 2022 , 9:19 pm        
រូបភាព
កម្មកម្នាក់កំពុងបេះដូងប្រេងនៅចំការដូងប្រេ~Klang ម៉ាឡេស៊ី កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០
កម្មកម្នាក់កំពុងបេះដូងប្រេងនៅចំការដូងប្រេ~Klang ម៉ាឡេស៊ី កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០
ដោយ: VOA
ទីក្រុងបាងកក ថៃ- រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីនិងមេដឹកនាំអាជីវកម្មនានាបាននិយាយថា ពួកគេកំពុងចាត់វិធានការ ដើម្បីលុបបំបាត់ការប្រើកម្លាំងពលកម្មដោយបង្ខំ ស្របពេលដែលមានការដាក់បម្រាមរបស់សហរដ្ឋអាមេរិកលើការនាំចូលទាក់ទិននឹងការរំលោភបំពានលើពលករចំណាកស្រុក ដែលធ្វើការផ្នែកផលិតកម្មស្រោមដៃ កៅស៊ូ និងចំការដូងប្រេងនៅម៉ាឡេស៊ី។


 
ទោះជាយ៉ាងណាក៏ដោយ អ្នកតស៊ូមតិផ្នែកសិទ្ធិការងារនិងអ្នកវិភាគនានា បានលើកឡើងថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ីនិងមេដឹកនាំអាជីវកម្មទាំងនោះនៅមិនទាន់ទទួលបានលទ្ធផលច្រើននៅឡើយទេ។
 
ម៉ាឡេស៊ីជាប្រទេសផ្គត់ផ្គង់នាំមុខនៅលើពិភពលោកផ្នែកស្រោមដៃកៅស៊ូវេជ្ជសាស្ត្រ និងជាប្រទេសផលិតប្រេងដូងច្រើនបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។ វិស័យទាំងពីរនេះរបស់ប្រទេសម៉ាឡេស៊ីបានទាក់ទាញកម្លាំងពលកម្មជាច្រើនមកពីបរទេស ដោយហេតុថាជនជាតិម៉ាឡេស៊ីភាគច្រើនមិនធ្វើការក្នុងផ្នែកនោះ ដោយសារតែប្រាក់កម្រៃទាប ម៉ោងធ្វើការច្រើន និងការប្រើប្រាស់កម្លាំងកាយខ្លាំង។
 
ក្នុងរយៈពេលពីរឆ្នាំកន្លះកន្លងទៅនេះ ទីភ្នាក់ងារគយនិងការពារព្រំដែននៃក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក បានដាក់បម្រាមទៅលើក្រុមហ៊ុនផលិតស្រោមដៃ និងប្រេងដូងនាំមុខចំនួន ៨ របស់ម៉ាឡេស៊ី ដែលក្នុងចំណោមនោះ ក្រុមហ៊ុន ៤ បានរងបម្រាមនេះ ចាប់តាំងពីខែតុលាឆ្នាំមុនមក។
 
បម្រាមនេះត្រូវបានធ្វើឡើងដោយសារតែមានការចោទប្រកាន់ថាមានការរំលោភបំពានលើកម្លាំងពលកម្ម ដែលមានតាំងពីការធ្វើការលើសម៉ោង ការកាត់ប្រាក់ខែកម្មករ រហូតដល់ទាសភាពបំណុល និងអំពើហិង្សាលើរាងកាយជាដើម។ បទបញ្ជាបម្រាមនេះចំនួន ៦ នៅតែមានសុពលភាពនៅឡើយ។
 
ក្រុមហ៊ុនម៉ាឡេស៊ីទាំងនោះបានសន្យាថា នឹងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ទាំងនេះ ឬក៏ប្រកាសអំពីផែនការដើម្បីធ្វើឲ្យប្រសើរឡើងនូវកន្លែងស្នាក់នៅរបស់កម្មករ ដែលមានលក្ខណៈតូចចង្អៀតនិងខ្វះអនាម័យ សងប្រាក់ដល់កម្មករវិញចំពោះប្រាក់ដែលកម្មករបានបង់ទៅឲ្យអ្នកដែលនាំពួកគេមកធ្វើការ និងការកែទម្រង់ផ្សេងៗទៀត។
 
រដ្ឋាភិបាលម៉ាឡេស៊ីបានចាត់វិធានការមួយចំនួនទៅលើរឿងទាំងនេះផងដែរ ដោយបានស្នើឲ្យមានវិសោធនកម្មលើច្បាប់ការងារកាលពីខែតុលាឆ្នាំមុន ដែលនឹងដាក់បញ្ជូលនូវការផាកពិន័យនិងការដាក់ពន្ធនាគារចំពោះអ្នកណាដែលត្រូវបានរកឃើញថាមានកំហុសចំពោះការរំលោភបំពាននៃពលកម្មដោយបង្ខំ។
 
ជាងនេះទៀត រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ឲ្យអនុវត្តនូវផែនការសកម្មភាពជាតិលើកដំបូងបង្អស់របស់ខ្លួនស្តីពីពលកម្មដោយបង្ខំកាលពីខែវិច្ឆិកា ឆ្នាំមុន ក្នុងគោលបំណងលុបបំបាត់ពលកម្មដោយបង្ខំនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។
 
កាលពីថ្ងៃទី ៣០ ខែមករាកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងធនធានមនុស្សនៃប្រទេសម៉ាឡេស៊ីលោក Saravanan Murugan បាននិយាយថា លោកនឹងជួបប្រជុំជាមួយនឹងក្រុមហ៊ុនទាំងអស់ដែលកំពុងប្រឈមនឹងបទបញ្ជាដាក់បម្រាមរបស់សហដ្ឋអាមេរិកនេះ ដើម្បីពិភាក្សាអំពីអ្វីដែលក្រុមហ៊ុនទាំងនោះអាចរៀនសូត្របានពីក្រុមហ៊ុនដែលបានរួចខ្លួនពីការដាក់បម្រាមនេះ។
លោក Lee Hwok Aun ដែលជាអ្នកដឹកនាំកម្មវិធីសិក្សាអំពីម៉ាឡេស៊ីនៃវិទ្យាស្ថានសិក្សាកិច្ចការអាស៊ីអាគ្នេយ៍ក្នុងប្រទេសសិង្ហបុរី និងជាអ្នកតាមដានបញ្ហាការងាររបស់ជនចំណាកស្រុកនៅក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា៖ «ខ្ញុំគិតថា ពួកគេបានស្វែងយល់អំពីជំហររបស់ខ្លួនក្នុងពេលកន្លងមក ដែលថាពួកគេបានបដិសេធឬទាត់ចោលនូវការដាក់បម្រាមនេះដោយសារតែពួកគេបានចាត់ទុកការដាក់បម្រាមនេះថាជាការធ្វើអន្តរាគមន៍របស់បរទេសដើម្បីព្យាយាមបំផ្លាញប្រទេសម៉ាឡេស៊ីនោះ គឺជារឿងដែលមិនអាចទទួលបានជោគជ័យនោះទេ»។
 
ប៉ុន្តែលោក Lee Hwok Aun និងអ្នកខ្លះទៀតបាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីកំពុងចាត់វិធានការបានតែពាក់កណ្តាលតែប៉ុណ្ណោះ។
 
នៅក្នុងអត្ថបទបញ្ចេញមតិមួយដែលបានចុះផ្សាយនៅក្នុងសារព័ត៌មានអនឡាញ Malaysiakini របស់ម៉ាឡេស៊ី ក្នុងពេលមិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានស្នើឲ្យមានការធ្វើវិសោធនកម្មទៅលើច្បាប់ការងារនៅក្នុងរដ្ឋសភា សមាជិកសភាខាងគណបក្សប្រឆាំងលោក Charles Santiago បានរិះគន់ទៅលើច្បាប់នោះថាមានលក្ខណៈធូរលុងខ្លាំងពេកទាក់ទិននឹងបញ្ហាពលកម្មដោយបង្ខំ។ នៅក្នុងសំណើវិសោធនកម្មនោះ ការដាក់ពិន័យអតិបរមាគឺមានការផាកពិន័យប្រហែល ២៤.០០០ ដុល្លារអាមេរិកនិងការដាក់ពន្ធនាគារ ២ ឆ្នាំ។
 
លោក Lee Hwok Aun បាននិយាយថា៖ «សម្រាប់ខ្ញុំ ករណីនេះមានលក្ខណៈស្របជាមួយនឹងរដ្ឋាភិបាលមួយដែលមិនអាចបដិសេធបានតទៅទៀតចំពោះការផ្លាស់ប្តូរច្បាប់និងគោលនយោបាយដូចនេះ។ ...ប៉ុន្តែរបៀបដែលរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាពលកម្មដោយបង្ខំនេះនៅតែជាការលាក់បាំងនិងមិនគ្រប់ជ្រុងជ្រោយនៅឡើយ»។
 
នៅក្នុងអំឡុងពេលនៃការប្រកាសដាក់ឲ្យអនុវត្តនូវផែនការសកម្មភាពជាតិស្តីពីពលកម្មដោយបង្ខំកាលពីខែវិច្ឆិកា ឆ្នាំមុន អង្គការពលកម្មអន្តរជាតិ (ILO) របស់អង្គការសហប្រជាជាតិ ដែលជាអ្នកជួយជ្រោមជ្រែងនៅក្នុងការបង្កើតផែនការសកម្មភាពជាតិនេះឡើង បានហៅផែនការនេះថាជា «ជំហានឆ្ពោះទៅមុខដ៏សំខាន់មួយនៅក្នុងការលុបបំបាត់ពលកម្មដោយបង្ខំ» នៅក្នុងប្រទេសម៉ាឡេស៊ី។
 
ឯកសារនៃផែនការសកម្មភាពជាតិនេះបានដាក់ចេញនូវទស្សនៈនិងទិសដៅមួយចំនួនដើម្បីបង្កើនការយល់ដឹងទៅលើបញ្ហាពលកម្មដោយបង្ខំ ការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តច្បាប់ និងការបញ្ចូលបន្ថែមឬការកែលម្អច្បាប់ពាក់ព័ន្ធមួយចំនួនទៀត។
 
ប៉ុន្តែឯកសារទាំងអស់នេះគឺមិនតម្រូវតាមផ្លូវច្បាប់ឲ្យអនុវត្តតាមនោះទេ ហើយសកម្មជនសិទ្ធិការងារនានាបានលើកឡើងថា ផែនការសកម្មភាពជាតិនេះបានដោះស្រាយបានតិចតួចប៉ុណ្ណោះនូវបញ្ហាចម្បងៗទាក់ទិននឹងច្បាប់និងគោលនយោបាយការងាររបស់ប្រទេសម៉ាឡេស៊ី ដែលក្នុងនោះរួមមានទាំងការចេញបណ្ណការងារដែលចងភ្ជាប់ពលករចំណាកស្រុកទៅនឹងក្រុមហ៊ុនជាក់លាក់ណាមួយផងដែរ។
 
លោក Andy Hall ដែលជាអ្នកតស៊ូមតិឯករាជ្យផ្នែកសិទ្ធិការងារ បាននិយាយថា៖ «ការពិតគឺថាកម្មករមិនអាចដូរក្រុមហ៊ុនធ្វើការបាន មានអំពើពុករលួយជាប្រព័ន្ធ ហើយកម្មករភាគច្រើននៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានជួលដោយក្រុមហ៊ុនក្លែងក្លាយដែលគ្មានការទទួលស្គាល់តាមផ្លូវច្បាប់។ បញ្ហាអស់ទាំងនេះដែលបានរួមចំណែកឲ្យមានពលកម្មដោយបង្ខំគឺមិនបានលើកឡើងនៅក្នុងផែនការសកម្មភាពជាតិនោះទេ»។
 
លោក Andy Hall គឺជាអ្នកដែលបានជួយផ្ដល់ព័ត៌មានទៅឲ្យទីភ្នាក់ងារគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិក អំពីការចោទប្រកាន់ជាច្រើនដែលថាក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួនដែលប្រឈមនឹងបម្រាមរបស់សហរដ្ឋអាមេរិកបានរំលោភបំពានសិទ្ធិការងារ។
 
លោកបានបន្ថែមថា៖ «នេះគឺជាឯកសារដ៏ល្អមួយ ប៉ុន្តែ...យើងមិនឃើញមានសញ្ញាណាមួយនៃការផ្លាស់ប្តូរទាំងនេះត្រូវបានគេអនុវត្តជាក់ស្តែងនោះទេ»។
ផែនការសកម្មភាពជាតិនេះបានស្នើឲ្យរដ្ឋាភិបាល «ពិចារណា» ចេញបណ្ណការងារដែលមានលក្ខណៈបត់បែនជាងមុនដល់ពលករ ប៉ុន្តែផែនការសកម្មភាពនេះមិនបានដាក់កំហិតលើរឿងនេះនោះឡើយ។
 
លោក Andy Hall បាននិយាយថា ការផ្លាស់ប្តូរពិតប្រាកដនឹងអាចកើតឡើងតែនៅក្នុងពេលណាដែលក្រុមហ៊ុននិងរដ្ឋាភិបាលចាប់ផ្តើមទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារបញ្ហានេះតែប៉ុណ្ណោះ។
 
លោកបញ្ជាក់ដូច្នេះថា៖ «ប្រព័ន្ធផ្សព្វផ្សាយ សកម្មជន សហជីពការងារ និងអង្គការសង្គមស៊ីវិលអាចលើកឡើងអំពីបញ្ហានេះ ប៉ុន្តែ...នៅចុងបញ្ចប់ អ្វីដែលសំខាន់នោះគឺលុយ យីហោ វិនិយោគិន និងអ្នកទិញតែប៉ុណ្ណោះ»។
 
កាលពីខែវិច្ឆិកា ឆ្នាំមុន លោក Saravanan រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី បានទទួលស្គាល់នៅចំពោះមុខរដ្ឋសភាថា បញ្ហាពលកម្មដោយបង្ខំនៅក្នុងប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនបរទេសនៅក្នុងប្រទេស ក្នុងនាមម៉ាឡេស៊ីជាមជ្ឈមណ្ឌលផ្គត់ផ្គង់ទំនិញដែលមានកេរ្តិ៍ឈ្មោះល្អមួយ។
 
លោក Harrison Cheng អ្នកវិភាគអំពីម៉ាឡេស៊ីនៃក្រុមហ៊ុន Control Risks ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់អន្តរជាតិ បានឯកភាពចំពោះរឿងនេះ។
 
លោកបានលើកឡើងថា ការផ្ដោតជាប្រចាំរបស់ទីភ្នាក់ងារគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិកលើប្រទេសម៉ាឡេស៊ីនៅក្នុងរយៈពេលពីរឆ្នាំកន្លះចុងក្រោយនេះ បានបង្កនូវហានិភ័យ «ច្រើនគួរសម» ដល់ប្រទេសម៉ាឡេស៊ីជុំវិញការទាក់ទាញវិនិយោគិនបរទេស។
 
លោក Harrison Cheng បានបញ្ជាក់ថា ក្រុមហ៊ុនមួយចំនួននៅម៉ាឡេស៊ីដែលកំពុងប្រឈមនឹងបទបញ្ជាដាក់បម្រាមរបស់សហរដ្ឋអាមេរិក គឺពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ការនាំចេញរហូតដល់១ភាគ៥នៃការនាំចេញសរុបរបស់ខ្លួន។
 
លោកបានបន្ថែមថា ចក្រភពអង់គ្លេសនិងប្រទេសកាណាដាក៏បានដាក់បម្រាមលើការនាំចូលទំនិញពីក្រុមហ៊ុនមួយចំនួនរបស់ប្រទេសម៉ាឡេស៊ីផងដែរ នៅពេលដែលប្រទេសទាំងពីរកំពុងស៊ើបអង្កេតលើការចោទប្រកាន់រឿងពលកម្មដោយបង្ខំ ដែលនេះគឺជាការបន្ថែមភាពឈឺចាប់បន្ថែមទៀតលើក្រុមហ៊ុនម៉ាឡេស៊ីទាំងនោះ។
 
លោកបានបញ្ជាក់បន្តទៀតថា មិនថាការដាក់សម្ពាធនោះនាំឲ្យមានការកែទម្រង់ស៊ីជម្រៅឬក៏យ៉ាងណានោះទេ គឺវាអាស្រ័យលើមិនត្រឹមតែការយកចិត្តទុកដាក់ពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការអនុវត្តជាប្រចាំនឹងប្រសើរជាងមុនរបស់ប្រទេសម៉ាឡេស៊ីផងដែរ។
 
ការចុះចូលនៃអ្នកនយោបាយ [ពីគណបក្សមួយទៅគណបក្សមួយទៀត] បានធ្វើឲ្យប្រទេសម៉ាឡេស៊ីផ្លាស់ប្តូររដ្ឋាភិបាលចំនួនពីរដងរួចមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោក Harrison Cheng បាននិយាយថា ការផ្លាស់ប្តូររដ្ឋាភិបាលមួយលើកទៀតអាចប៉ះពាល់ទៅលើចរន្តវិវឌ្ឍទៅមុខណាមួយដែលមាននៅពេលសព្វថ្ងៃនេះសម្រាប់ការកែទម្រង់វិស័យការងារ៕
 
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ
 

© រក្សាសិទ្ធិដោយ thmeythmey.com