ជាតិ
រៀនចប់ពេទ្យ តែ​កញ្ញា ហ៊ាន ចាន់សុថារី ក្លាយជាអ្នកនាំចូលផ្លែឈើពីបរទេស​ទៅវិញ!
08, Mar 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា ហ៊ាន ចាន់សុថារី​ ជា​និស្សិត​បញ្ចប់ការសិក្សា​ផ្នែក​ឱសថ​ការីឧត្តម នៃសាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល។ បច្ចុប្បន្នអតីត​និស្សិតពេទ្យរូបនេះ បាន​ក្លាយខ្លួន​ជា​សហគ្រិនវ័យក្មេងមួយរូប ដែល​នាំចូល​ផ្លែ​ឈើ​ពី​បរទេ​ស​មក​លក់​នៅ​កម្ពុជា។ សុថារី​ លើកឡើងបែបនេះ៖ «ទោះ​​រកស៊ីខុសជំនាញ​ដែល​ខ្ញុំ​បាន​រៀន តែ​ខ្ញុំ​រីករាយ​នឹងអ្វីដែលខ្ញុំមាន។ ខ្ញុំ​អាច​ចែកចាយផ្លែឈើក្នុង​ស្រុក និង​ក្រៅប្រទេសដល់អតិថិជនរបស់ខ្ញុំ ពិសេស​ខ្ញុំ​អាច​រក​ចំណូល​ជួយ​គ្រួសារ»។


មានវ័យ២៦ឆ្នាំ កញ្ញា ហ៊ាន ចាន់សុថារី បាន​ប្រែខ្លួន​ពី​ឱសថការី មក​ជា​អ្នកលក់ផ្លែឈើ​បោះដុំ និងរាយ ដែល​នាំចូលពី​ក្រៅ​ប្រទេស និង​តាម​បណ្ដាខេត្តនានា​នៅ​កម្ពុជា។ ក្នុង​អំឡុងពេល​រៀនជំនាញ​ពេទ្យ​ កញ្ញា ហ៊ាន​ ចាន់សុថារី បានចាប់ផ្ដើម​យក​ផ្លែឈើ​ពី​ស្រុក​កំណើតនា​ខេត្ត​កំពង់ចាម​ មក​លក់នៅភ្នំពេញ​ ដើម្បីផ្ដល់​ផ្លែឈើខ្មែរ​ដល់អតិថិជន និង​ជួយ​រកទីផ្សារ​ឱ្យ​កសិករ​ ពិសេសរកចំណូលផ្គត់ផ្គង់ការរស់នៅរបស់ខ្លួន។ 
 


រូបភាពពីកញ្ញា ហ៊ាន ចាន់សុថារី

ក្រោយ​បញ្ចប់ការសិក្សា​ផ្នែកឱសថការីឧត្តម នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល យុវតី ហ៊ាន ចាន់សុថារី មិន​បានបម្រើការងារ​ក្នុង​វិស័យ​សុខាភិបាលនោះទេ។ សុថារី ចាប់យក​របរលក់ផ្លែឈើតែម្ដង ដោយនាង​បាន​ជួល​ផ្ទះមួយកន្លែងនៅរាជធានីភ្នំពេញ ​សម្រាប់ចែកចាយផ្លែឈើ និង​ទំនិញផ្សេងៗ។ ​ទោះ​មិន​បាន​ធ្វើការ ឬ​រកស៊ី ត្រូវ​ជំនាញ​ដែល​បាន​សិក្សា តែ​នាង​សប្បាយចិត្ត។ ជាមួយគ្នានេះ ក្នុងពេលរៀននៅសាកលវិទ្យាល័យ សុថារី ក៏ធ្លាប់​បានធ្វើការនៅ​ឱសថស្ថានមួយ​ក្នុង​រាជធានីភ្នំពេញ​ បានរយៈពេល​៦ខែផងដែរ។ 
 
រងពាក្យមើល​ងាយពីមនុស្សជុំវិញខ្លួន តែមិនបោះបង់គោលដៅ
រៀនផង ធ្វើការ​នៅ​ឱសថស្ថានផង និង​លក់ផ្លែឈើផង ពិតជាមាន​ផល​លំបាក​សម្រាប់ សុថារី។ លើសពីនេះ ក៏បាន​ធ្វើឱ្យ​សុថារី រងនូវ​ពាក្យ​ចំអក​ពី​មនុស្សជុំវិញខ្លួន។ កញ្ញា ហ៊ាន ចាន់សុថារី រៀបរាប់យ៉ាងដូច្នេះ៖ «មានគេសើចចំអកខ្ញុំច្រើនណាស់ ច្រើនមែនទែន សូម្បីតែ​បង​ប្អូនអី ក៏គេមិនគាំទ្រដែរ។ គេមើលងាយថារកស៊ីអ៊ីចឹង អត់ថ្លៃថ្នូរ។ ធ្វើអ៊ីចឹងមិន​ជោគជ័យទេ ធ្វើអ្វីដែលមិនមែនជំនាញខ្លួនឯង​ គឺ​វាមិន​ជោគជ័យទេ»។ 
 


ផ្លែឈើដែលនាំចូលពីបរទេស។ រូបភាពពីកញ្ញា ហ៊ាន ចាន់សុថារី 

ពាក្យមើលងាយទាំងនេះ បានជំរុញ​ឱ្យ​ សុថារី កាន់តែ​រឹងមាំ​ជាងមុន។ យុវតីរូបនេះ បានប្រឹងប្រែង តស៊ូ ជម្នះ​ឧបសគ្គ រហូត​មាន​ឱកាស​នាំចូល​ផ្លែឈើពីបរទេស​ មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក។ ​
 
ទោះជា​មាន​ឱកាស​បែបនេះក្ដី ក៏​សុថារី គេចមិនផុត​ពីការ​ប្រកួតប្រជែង​ក្នុង​មុខរបរដែរ។ សុថារី លើកឡើងថា៖ «យើងក្មេង ពេលខ្លះ​គេធ្វើបាប គេ​ទម្លាក់តម្លៃទីផ្សារ។ ពេលខ្លះ គេ​បញ្ជាទិញទំនិញយើងហើយ ស្រាប់តែគេមិនយក ធ្វើឱ្យ​យើង​ពិបាក​ក្នុង​ការ​បញ្ចេញ​អីវ៉ាន់ទៅវិញ ព្រោះផ្លែឈើមិនមែនស្រួល​បញ្ចេញ​ដូចរបស់អ្វីផ្សេងនោះទេ»។ 
 
រកស៊ីខុសជំនាញដែលបានរៀន តែខ្ញុំជ្រើសយក​ផ្លូវនេះ
 
សុថារី បានចំណាយពេល ៣ឆ្នាំ នៅក្នុង​របរលក់ផ្លែឈើនេះ ហើយនាងមើល​ឃើញ​ឱកាស និង​គិតថាផ្លូវនេះស្រួលដើរ។ អតីតនិស្សិតពេទ្យរូបនេះ និយាយថា៖ «នៅពេល​លក់យូរៗទៅ ក៏ស្រឡាញ់ពេញចិត្ត ដោយសារ​របរនេះ ជួយឱ្យ​មនុស្ស​ស្រឡាញ់​សុខភាព​ តាមរយៈការញ៉ាំផ្លែឈើ។ ហើយពេលដែលយើង​ផ្គត់ផ្គង់ផ្លែឈើមាន​គុណភាពល្អ​ យើងទទួលបានការ​គាំទ្រ។ ហើយការគាំទ្រ​របស់​បងប្អូន​ជា​កម្លាំងចិត្ត ដែល​ជំរុញ​ឱ្យ​ខ្ញុំ​បន្ត​សកម្មភាពនេះ​រហូតដល់សព្វថ្ងៃ»។
 


រូបភាពពីកញ្ញា ហ៊ាន ចាន់សុថារី

ឆ្នាំ២០២២នេះ ជា​ឆ្នាំដែល​ សុថារី ពង្រឹងការលក់របស់ខ្លួន ដោយនាងចាប់ផ្ដើមលក់​បោះដុំ និង​រាយតាម​អនឡាញ ដែល​មានអតិថិជនជា​ច្រើន​គាំទ្រ​។ ផ្លែឈើដែល សុថារី នាំចូលបរទេស រួមមាន ផ្លែក្រូច ផ្លែ​Strawberry ផ្លែ​​ឈើរី ផ្លែប៉ោមជាដើម។​ ថ្ងៃអនាគត សុថារី ចង់ក្លាយជា​អ្នក​បោះដុំ​ផ្លែឈើ​ដ៏​ធំមួយ​នៅ​កម្ពុជា។
 
កុំគិតថាខ្លួនមិនអាចទៅរួច ត្រូវហ៊ានសាកល្បងសិន បើបរាជ័យទុកជាបទពិសោធន៍
កូនស្រីច្បងក្នុងគ្រួសាររូបនេះ លើកទឹកចិត្តដល់​ស្រ្តីទាំងអស់ ត្រូវតែរឹងមាំ ទោះជួបឧបសគ្គអ្វីក៏ដោយ កុំ​បោះបង់អ្វីដែលខ្លួនឯងចង់ ពិសេស​ត្រូវមាន​ចំណូលខ្លួនឯង និងមិន​ពឹង​ពាក់អ្នកដទៃ។ «ស្វែករកឱកាស  ​ចាប់យកឱកាស កុំគិតថាខ្លួនមិនអាចទៅរួច ត្រូវហ៊ានសាកល្បងសិន  បើបរាជ័យទុកជាបទពិសោធន៍។ ការរកស៊ីតែងជួបរឿងជាច្រើន តែត្រូវចាំថាគ្មានការរកស៊ី ឬការងារណាដែលបានលុយស្រួលៗទេ គ្រប់យ៉ាងកើតចេញពីការប្រឹងប្រែង មិនមែនភាពខ្ចិលច្រអូស»។ នេះជា​ការលើកឡើងរបស់​កញ្ញា ហ៊ាន ចាន់សុថារី អតីតនិស្សិតពេទ្យផ្នែក​ឱសថការីឧត្តម និងជា​អ្នក​លក់ផ្លែឈើនាំចូលពី​បរទេស៕​


 រូបភាពពីកញ្ញា ហ៊ាន ចាន់សុថារី
 
 

Tag:
 SME
  ស្រ្តី
  ផ្លែឈើ
  កសិកម្ម
  ពេទ្យ
  ឱសថការី
© រក្សាសិទ្ធិដោយ thmeythmey.com