ជាតិ
កុមារម្នាក់ និង​គោ១ក្បាលបាត់បង់ជីវិត ដោយសារផ្ទុះមីនតោននៅ​ស្រុក​គាស់ក្រឡ
09, Mar 2022 , 5:07 pm        
រូបភាព
សពកុមារដែលស្លាប់ដោយសារផ្ទុះមីនតោន។ រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
សពកុមារដែលស្លាប់ដោយសារផ្ទុះមីនតោន។ រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
ភ្នំពេញ៖ កុមារម្នាក់បានស្លាប់ និង​គោ១ក្បាលបានងាប់​ ដោយសារផ្ទុះមីនតោន នៅក្បែរវត្តស្លាក ស្ថិតក្នុងឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះបើតាមហ្វេសប៊ុក​លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។



កាល​ពី​ល្ងាច​ថ្ងៃទី​៨ មីនា​ មាន​ករណី​គោមួយក្បាលដើរ​ជាន់គ្រាប់មីនតោន បាន​បណ្ដាល​ឱ្យ​កុមារម្នាក់ស្លាប់ និង​គោមួយក្បាល​ងាប់។ ករណីផ្ទុះមីនតោននេះ កើតឡើងនៅក្បែរវត្តស្លាក ក្នុង​ឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
 
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន​ចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបាត់បង់សមាជិក​ដោយសារគ្រាប់មីង។ ​លោក ហេង រតនា សរសេរលើហ្វេសប៊ុក​យ៉ាងដូច្នេះ៖ «នេះជាមរតកនៃសង្គ្រាម ដែលប្រជាពលរដ្ឋកម្ពុជាកំពុងឆ្លងកាត់ជាមួយសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមជាច្រើនទៀត ដែលស្ថិតនៅក្នុងទឹកដីសុវណ្ណភូមិ និងបន្តគំរាមកំហែងដល់សេចក្តីសុខសុវត្ថិភាពប្រជាជនកម្ពុជាឥតស្រាកស្រាន្តឡើយ  ទោះបីសង្គ្រាមត្រូវបានបញ្ចប់ជាង២០ឆ្នាំមកហើយក៏ដោយចុះ»។
 
សូម​បញ្ជាក់ថា កម្ពុជាត្រូវបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ជាង២ ០០០គីឡូម៉ែត្រការ៉េទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ តាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ក្នុងចំណោមផ្ទៃដីទាំងនោះ ផ្ទៃដីមានមីន ដែលត្រូវបោសសម្អាតមានចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការ៉េ៕
 

Tag:
 បាត់ដំបង
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com