អន្តរជាតិ
លោក លី ខឺឈាំង៖ ចិន នឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីនាំសន្តិភាពឱ្យអ៊ុយក្រែន
11, Mar 2022 , 4:00 pm        
រូបភាព
លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់សភាប្រជាជនចិនអាណត្តិទី១៣ ក្នុងសម័យប្រជុំលើកទី៥ នៅថ្ងៃទី១១ ខែមីនា។ រូបភាព៖ Xinhua
លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់សភាប្រជាជនចិនអាណត្តិទី១៣ ក្នុងសម័យប្រជុំលើកទី៥ នៅថ្ងៃទី១១ ខែមីនា។ រូបភាព៖ Xinhua
លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន នៅថ្ងៃទី១១ ខែមីនា បានលើកឡើងថា ចិន នឹងសហការជាមួយសហគមន៍អន្តរជាតិ ក្នុងការរួមចំណែកនាំសន្តិសុខសម្រាប់អ៊ុយក្រែនឱ្យបានកាន់តែឆាប់។ មេដឹកនាំចិនរូបនេះ ក៏បានលើកទឹកចិត្តឱ្យអ៊ុយក្រែន និងរុស្ស៊ីដោះស្រាយជម្លោះតាមរយៈការចរចា និងជំរុញឱ្យទប់ស្កាត់ការរីកធំឡើងនៃជម្លោះផងដែរ។

 
ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំសភាប្រជាជនចិនអាណត្តិទី១៣ ក្នុងសម័យប្រជុំលើកទី៥ នៅថ្ងៃទី១១ ខែមីនា នៅមហាវិមានប្រជាជនចិន លោក លី ខឺឈាំង ប្រមុខរដ្ឋាភិបាលចិន ត្រូវបានអ្នកសារព័ត៌មានសួរសំណួរជាច្រើន ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន-រុស្ស៊ី ផង។ ថ្លែងទៅកាន់អ្នកសារព័ត៌មានតាមប្រព័ន្ធវីដេអូ លោក លី លើកឡើងថា ចិន គោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់ប្រទេសដទៃ ខណៈគោលការណ៍ និងធម្មនុញ្ញអង្គការសហប្រជាជាជាតិ ក៏ត្រូវអនុវត្តតាម។ 
 
ដោយមើលឃើញពីស្ថានការណ៍នៅអ៊ុយក្រែនដែលស្មុគស្មាញ និងមានបញ្ហាជាច្រើន នាយករដ្ឋមន្រ្តីចិន បានសន្យាធ្វើការជាប្រទេសដទៃ ដើម្បីនាំសន្តិភាពឱ្យប្រទេសមួយនេះ ឱ្យបានឆាប់រហ័ស។ 
 
«យើង នឹងសហការជាមួយសហគមន៍អន្តរជាតិ ក្នុងការរួមចំណែកនាំសន្តិភាពត្រលប់មកវិញ»។ ប្រមុខរដ្ឋាភិបាលចិន បានសង្កត់ធ្ងន់បែបនេះ មុនជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែន កាត់បន្ថយការបាញ់ប្រហារឱ្យបានខ្លាំងបំផុត។ 
 
ដោយចាត់ទុកស្ថានភាពនៅអ៊ុយក្រែនក្នុងពេលបច្ចុប្បន្នមានភាពស្មុគស្មាញខ្លាំង មេដឹកនាំចិនរូបនេះ បានគាំទ្រឱ្យភាគីជម្លោះទាំងពីរ ស្វែងរកកិច្ចចរចាបទឈប់បាញ់ និងជម្នះបញ្ហាជាច្រើន ដើម្បីស្វែងរកសន្តិភាព។ បើតាមលោកលី កិច្ចការដ៏សំខាន់នៅពេលនេះ គឺបង្ការភាពតានតឹងមិនឱ្យរីកធំ និងមិនអាចគ្រប់គ្រងបាន។ ទន្ទឹមនេះ លោក លី ក៏បានសន្យាបន្តផ្តល់ជំនួយ ទៅដល់ជនភៀសអ៊ុយក្រែនផងដែរ។ 
 
ជាង ២សប្តាហ៍ហើយ រុស្ស៊ីនៅតែបន្តបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្រោមហេតុផលរំសាយយោធា និងរបបណាស៊ីថ្មីនៅអ៊ុយក្រែន។ មកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនត្រូវបានបំផ្លាញ ខណៈប្រជាជនជាច្រើនលាននាក់ បានភៀសខ្លួនចេញពីប្រទេស។ តាមតួលេខរបស់ការិយាល័យស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាតិ (OHCHR) ត្រឹមថ្ងៃទី ៩ ខែមីនា ប្រជាជនស៊ីវិលនៅអ៊ុយក្រែន បានបាត់បង់ជីវិតចំនួន ៥៤៩នាក់ ខណៈអ្នករបួសមានចំនួន ៩៥៧នាក់៕ 
 

Tag:
 ចិន
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com