អន្តរជាតិ
នាយករដ្ឋមន្រ្តីចិន នឹងចាកចេញពីតំណែង បន្ទាប់ពីបញ្ចប់អាណត្តិនៅឆ្នាំក្រោយ
11, Mar 2022 , 8:29 pm        
រូបភាព
លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំសភាប្រជាជនចិនអាណត្តិទី១៣ ក្នុងសម័យប្រជុំលើកទី៥ នៅថ្ងៃទី១១ ខែមីនា។ រូបភាព៖ Xinhua
លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំសភាប្រជាជនចិនអាណត្តិទី១៣ ក្នុងសម័យប្រជុំលើកទី៥ នៅថ្ងៃទី១១ ខែមីនា។ រូបភាព៖ Xinhua
នាយករដ្ឋមន្រ្តីចិន លី ខឺឈាំង នៅថ្ងៃទី១១ខែមីនា ​បានប្រកាសចាកចេញពីតំណែងរបស់ខ្លួន បន្ទាប់ពីអស់អាណត្តិនៅក្នុងខែមីនា ឆ្នាំ២០២៣ខាងមុខ។ ចំណែកប្រធានាធិបតីចិន លោក ស៊ី ជិនភីង ត្រូវបានរំពឹងថា នឹងបន្តកាន់តំណែងរបស់ខ្លួនទៀត។

 
 
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំសភាប្រជាជនចិនអាណត្តិទី១៣ ក្នុងសម័យប្រជុំលើកទី៥ នៅថ្ងៃទី១១ ខែមីនា នៅមហាវិមានប្រជាជនចិន លោក លី ខឺឈាំង ប្រមុខរដ្ឋាភិបាលចិន បានប្រកាសមិនបន្តតំណែងរបស់ខ្លួន នៅអាណត្តិខាងមុខ។ ឆ្នាំ២០២២ គឺជាអាណត្តិចុងក្រោយរបស់រដ្ឋាភិបាលចិនបច្ចុប្បន្ន។ 
 
«ឆ្នាំនេះ គឺជាឆ្នាំចុងក្រោយរបស់ខ្ញុំ ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តី»។ លោក លី​ បានប្រាប់អ្នកសារព័ត៌មានបែបនេះ។ លោកលី បានកាន់តំណែងជានាយករដ្ឋមន្រ្តីចិន ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។ តាមរដ្ឋធម្មនុញ្ញចិន នាយករដ្ឋមន្រ្តី អាចកាន់តំណែងបានពីរអាណត្តិ ដោយក្នុងមួយអាណត្តិមានរយៈពេល ៥ឆ្នាំ។ 
 
យ៉ាងណាមិញ លោកស៊ី ជីនភីង ប្រធានាធិបតីចិន ត្រូវបានរំពឹងថា នឹងកាន់អំណាចបន្ត។ នៅក្នុងឆ្នាំ ២០១៨ សភាចិន បានលុបចោលអាណត្តិរបស់ប្រធានាធិបតីចិន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ មុននេះ ចិន បានកំណត់អាណត្តិប្រធានាធិបតីឱ្យកាន់អំណាចបានតែពីរអាណត្តិប៉ុណ្ណោះ ដោយមួយអាណត្តិមានរយៈពេល ៥ឆ្នាំ។
 
ក្នុងសមាជបក្សកុម្មុយនីស្តចិនខែតុលា តំណែងមន្រ្តីបក្សជាន់ខ្ពស់មួយចំនួន ត្រូវបានរំពឹងថា នឹងផ្លាស់ប្តូរ។ បេក្ខជននាយករដ្ឋមន្រ្តីចិនថ្មី នឹងត្រូវជ្រើសរើសក្នុងសមាជដ៏ធំនេះដែរ៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com